កូរ៉េខាងជើង​គំរាម​ឆ្លើយ​តប​«ដែល​មិន​ធ្លាប់‍​មាន​ពី​មុន‍»​ចំពោះ​សមយុទ្ធ​យោធា​រវាង​អាមេរិក​និង​កូរ៉េខាងត្បូង

ទាហាន​កូរ៉េខាងត្បូង​ដើរ​ល្បាត​នៅ​តាម​របង​លួស​បន្លា​ក្បែរ​​នៅ​តំបន់​ Paju របស់​កូរ៉េខាង​ត្បូង ក្បែរ​ព្រំដែន​​ជាមួយ​កូរ៉េខាងជើង កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២៣។

ប្រទេស​កូរ៉េខាង​ជើង​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​ព្រមានធ្វើ​ការ​ឆ្លើយតប​មួយ​ដែល​មិនធ្លាប់​មាន​ពី​មុន ប្រសិន​បើ​សហរដ្ឋ​អាមេរិក​និង​កូរ៉េខាង​ត្បូង​នៅតែ​មាន​គម្រោងធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ទៅ​តាម​ផែនការ​របស់​ខ្លួនដែល​ជា​ការ​បង្កើនការ​ឆ្លើយ​តប​ថ្មីៗ​ទៅ​នឹង​ការ សាកល្បង​អាវុធ​ជា​បន្ត​បន្ទាប់​របស់​កូរ៉េខាង​ជើង។

នៅ​ក្នុង​ការ​ធ្វើអត្ថាធិប្បាយ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយទី​ភ្នាក់ងារ​សារព័ត៌មាន​មជ្ឈិម​កូរ៉េ​ខាង​ជើង ក្រសួង​ការបរទេស​កូរ៉េ​ខាង​ជើងបានបញ្ជាក់​ថាឧបទ្វីប​កូរ៉េ​ជា​ថ្មី​ម្តង​ទៀត​នឹង​ធ្លាក់​ទៅ​ក្នុង​ភាព​តានតឹង​ដ៏​ធ្ងន់ធ្ងរ ប្រសិនបើសមយុទ្ធ​យោធា​រួម​គ្នារវាង​អាមេរិក​និង​កូរ៉េ​ខាង​ត្បូងនឹងធ្វើ​ដូច​ការ​គ្រោងទុក​មែន​នោះ។

សេចក្តី​ថ្លែង​ការណ៍​របស់កូរ៉េខាងជើង​បាន​បញ្ជាក់​ថា៖ «ក្នុង​ករណីអាមេរិក​និង​កូរ៉េ​ខាង​ត្បូង​អនុវត្ត​នូវ​ការធ្វើ​សមយុទ្ធ​យោធា ដូច​ដែល​គេ​បាន​ប្រកាសរូច​ហើយ​មែន​នោះ​ ​ពួក​គេ​នឹងប្រឈម​នូវប្រតិកម្ម​ឆ្លើយតប​ដ៏ខ្លាំង​និង​យូរអង្វែង​ដែល​មិន​ធ្លាប់​មាន​ក្នុង​ពេល​កន្លង​មក»។

នៅថ្ងៃសុក្រ​នេះ​ដែរ យោធា​កូរ៉េខាង​ត្បូង​បាន​ប្រកាស​ថា​ខ្លួន​នឹង​ធ្វើ​សមយុទ្ធ​យោធា​ក្នុង​ថ្នាក់​រៀន​មួយ​នៅក្រសួង​ការពារ​ជាតិអាមេរិកនៅ​ថ្ងៃ​ពុធខាង​មុខនេះ​ដោយ​រៀបចំធ្វើត្រាប់ដូចការ​វាយ​ប្រហារ​ពិត​ប្រាកដ​មួយដោយ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាង​ជើង។

ក្រសួង​ការពារ​ជាតិ​កូរ៉េខាង​ត្បូង​និយាយ​ថា​លំហាត់​សមយុទ្ធ​ក្នុង​ថ្នាក់​រៀន​នេះ​ក៏​នឹង​រួម​មាន​ផង​ដែរ​នូវ​ការ​ទៅ​មើល​មូលដ្ឋានកង​នាវា​ជើង​ទឹក​អាមេរិក​នៅរដ្ឋGeorgia ភាគ​និរតី​អាមេរិក​ជា​ទីកន្លែងដែល​មាននាវាមុជទឹកដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ដ៏​សំខាន់​របស់​អាមេរិក​ផង​ដែរ។

លំហាត់​សមយុទ្ធ​យោធា​នេះ​គឺ​ក្នុង​ន័យ​ដើម្បី​ផ្តល់ឱ្យ​មន្ត្រី​កូរ៉េខាង​ត្បូង​នូវ​ការ​យល់​ដឹង​កាន់​តែ​ប្រសើរ​ឡើង​ថែមទៀត ពីរបៀប​ដែល​សម្ព័ន្ធមិត្ត​អាមេរិក​ត្រូវ​ឆ្លើយ​តប​យ៉ាងណា​ ក្នុង​ករណី​ដែល​មាន​កា​វាយប្រហារដោយ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាង​ជើង​នោះ។

ក្រុម​មន្ត្រី​កូរ៉េខាង​ត្បូង​រួម​ទាំង​ប្រធានាធិបតី​របស់​ខ្លួន​គឺ​លោក Yoon Suk Yeolបាន​បង្ហាញ​ពី​ភាព​មិន​ច្បាស់លាស់​នៅឡើយ​ពី​ប្រសិទ្ធភាព​នៃ​ការ​ប្តេជ្ញាចិត្ត​ការពាររបស់​អាមេរិក​ចំពោះ​កូរ៉េខាង​ត្បូង។

ជា​ការ​ប្រឹង​ប្រែង​ក្នុង​ការធានា​ដល់​កូរ៉េខាង​ត្បូង​នោះ​ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក Lloyd Austin កាល​ពី​ខែ​មុន​ បាន​សន្យាបង្កើន​ការ​បង្ហាញកម្លាំង​យោធា ដល់​កូរ៉េ​ខាង​ត្បូង​ ដែល​រួម​មាន​ការ​ដាក់​ពង្រាយ​ឧបករណ៍​យុទ្ធសាស្ត្រ​របស់​អាមេរិក​ ដែលមាន​យន្តហោះទម្លាក់គ្រាប់បែកចម្ងាយ​ឆ្ងាយ​ យន្តហោះបំពាក់នុយក្លេអ៊ែរ​និង​ក្រុម​នាវា​ផ្ទុក​យន្តហោះ​ប្រយុទ្ធ​ជា​ដើម៕