ប្រទេសកូរ៉េខាងជើងបានសាកល្បងម៉ាស៊ីនបាញ់គ្រាប់រ៉ុក្កែតកម្លាំងខ្លាំង ដែលបាញ់ចេញភ្លាមៗថ្មីមួយ។ នេះបើតាមការបញ្ជាក់របស់ទីភ្នាក់ងារព័ត៌មាន KCNA ដែលជាទីភ្នាក់ងារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើងនៅថ្ងៃអាទិត្យនេះ។
មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បាននិយាយថា ការសាកល្បងនេះទទួលបានជោគជ័យ និងបានសង្កត់ធ្ងន់ថា មិនយូរទេ ពិភពលោកនឹងឃើញដោយផ្ទាល់ភ្នែកនូវសារៈសំខាន់ដ៏ធំធេងនៃជោគជ័យក្នុងយុគសម័យថ្មីដែលកូរ៉េខាងជើងសម្រេចបាននៅថ្ងៃនេះ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន KCNA។
ការសាកល្បងនេះគឺធ្វើឡើងដោយការបាញ់គ្រាប់រ៉ុក្កែតចេញពីម៉ាស៊ីនដែលដាក់ភ្ជាប់នៅលើដី គឺមិនមែនជាការបាញ់គ្រាប់មីស៊ីលនោះទេ។ ការបាញ់គ្រាប់រ៉ុក្កែតនេះបានធ្វើឡើងនៅឯស្ថានីយបាញ់គ្រាប់រ៉ុក្កែត Tongchang-ri នៅជិតព្រំដែនរបស់កូរ៉េខាងជើងជាមួយនឹងប្រទេសចិន។ នេះបើតាមការរាយការណ៍ឲ្យដឹងដោយទីភ្នាក់ងារព័ត៌មាន KCNA។
ទីភ្នាក់ងារព័ត៌មាននេះក៏បានរាយការណ៍ថា លោក Kim Jong Un បានធ្វើដំណើរទៅកាន់ស្ថានីយបាញ់គ្រាប់រ៉ុក្កែតនេះនៅពេលព្រលឹមស្រាងៗ ដោយបានត្រួតពិនិត្យកន្លែងនោះ និងចេញបញ្ជាឲ្យចាប់ផ្ដើមបាញ់សាកល្បងគ្រាប់រ៉ុក្កែតនេះ។
នៅឯស្ថានីយដដែលនេះ រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានបង្ហោះផ្កាយរណបទៅលើដែនអវកាសកាលពីខែកុម្ភៈ ឆ្នាំ ២០១៦ ដោយបានប្រើបច្ចេកវិទ្យាគ្រាប់ផ្លោងមីស៊ីលអន្តរទ្វីបដែលគេហាមឃាត់៕