ការបាញ់​គ្រាប់មីស៊ីល​ពី​នាវា​ច្រមុជទឹក​របស់​កូរ៉េខាងជើង​បានទទួល​បរាជ័យ

កូរ៉េខាងជើងបានបាញ់គ្រាប់មីសុីលពីរគ្រាប់នៅថ្ងៃពុធ ដែលមួយគ្រាប់ត្រូវបានបរាជ័យ និងមួយគ្រាប់ទៀតហោះបាន៤០០គីឡូម៉ែត។

កូរ៉េខាងជើង​សាកល្បង​គ្រាប់​មីស៊ីល​បាញ់​ឆ្លង​ទ្វីប​ពី​នាវា​ច្រមុជទឹក ប៉ុន្តែ​គ្រាប់មីស៊ីល​នោះ​ទំនង​ជា​បាន​បរាជ័យ​ក្រោយ​ពី​បាញ់​រួច។ ​

ទីភ្នាក់ងារ​សារព័ត៌មាន Yonhap របស់​កូរ៉េខាងត្បូង​បាន​និយាយ​ថា ម៉ាស៊ីន​របស់​គ្រាប់មីស៊ីល​នោះ​បាន​ឆេះ ប៉ុន្តែ​បាន​ផ្ទុះ​ក្នុង​ចម្ងាយ​ប្រមាណ​១០​គីឡូម៉ែត្រ​នៅ​លើ​អាកាស។ ទីភ្នាក់ងារ​សារព័ត៌មាន Yonhap បាន​ឲ្យ​ដឹង​ទៀត​ថា គ្រាប់​មីស៊ីល​នោះ​បាន​ហោះ​ក្នុង​ចម្ងាយ​ប្រមាណ​២-៣​គីឡូម៉ែត្រ​នៅ​លើ​ទឹក​តែ​ប៉ុណ្ណោះ។ ​

ទីភ្នាក់ងារ​សារព័ត៌មាន​នេះ​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​បាញ់​គ្រាប់មីស៊ីល​ពី​នាវា​ច្រមុជទឹក​ដែល​អាច​ផ្ទុក​ទម្ងន់​បាន​២ពាន់​តោន កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ពីឆ្នេរ​សមុទ្រ​ប៉ែក​ខាង​កើត​ក្បែរ​ទីក្រុង ស៊ីនប៉ូ របស់​កូរ៉េខាងជើង។ ​

មន្ត្រី​ក្រសួង​ការពារ​ប្រទេស​របស់​កូរ៉េខាង​ត្បូង​បាន​ឲ្យ​ដឹង​ថា ខ្លួន​មិន​អាច​បញ្ជាក់​បាន​នោះ​ទេ ថា​តើ​គ្រាប់មីស៊ីល​នោះ​ហោះ​ក្នុង​ចម្ងាយ​ប៉ុណ្ណា ឬ​បាន​ចុះចត​នៅ​ទីណា ប៉ុន្តែ​ក្រសួង​នេះ​បាន​ឲ្យ​ដឹង​ថា កូរ៉េ​ខាងជើង​បាន​បំពាន​ទៅ​នឹង​សេចក្តីសម្រេច​អង្គការ​សហប្រជាជាតិ​ម្តង​ហើយ​ម្តង​ទៀត តាមរយៈ​ការបន្ត​បាញ់​គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប​នេះ។ ​

លោក Gary Ross អ្នកនាំពាក្យ​របស់​មេបញ្ជាការ​ទ័ព​ជើង​ទឹក​អាមេរិក​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ដែល​មាន​ខ្លឹមសារ​ដើម​យ៉ាង​ដូច្នេះ​ថា «យើង​ថ្កោលទោស​យ៉ាង​ខ្លាំង​ទៅ​លើ​ការសាកល្បង​គ្រាប់​មីស៊ីល​លើក​នេះ​និង​ក្នុង​ពេល​ថ្មីៗ​នេះ​របស់​កូរ៉េខាងជើង ដែល​បំពាន​យ៉ាង​ច្បាស់​ដល់​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដែល​ហាមឃាត់​កូរ៉េខាង​ជើង​មិន​ឲ្យ​បាញ់​គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប៕