ចាប់តាំងពីលោកបានឡើងកាន់តំណែងកាលពីដើមឧសភាមក មេដឹកនាំសេរីនិយមថ្មីនៃប្រទេសកូរ៉េខាងត្បូងរូបនេះ បានព្យាយាមធ្វើឲ្យមានតុល្យភាពរវាងការគាំទ្រដ៏ខ្លាំងចំពោះយុទ្ធសាស្រ្តយោធាធ្វើឲ្យញញើត និងការដាក់ទណ្ឌកម្មអន្តរជាតិប្រឆាំងនឹងការបន្តបង្ករឿងខាងអាវុធនុយក្លេអ៊ែរនិងគ្រាប់ផ្លោងមីស៊ីល តាមរយៈការបង្កើនការចូលរួមដើម្បីចាប់ផ្តើមឡើងវិញនូវការជជែកពិភាក្សារវាងប្រទេសកូរ៉េទាំង២ និងកិច្ចសហប្រតិបត្តិការនានា។
ជំនួយមនុស្សធម៌
រដ្ឋាភិបាលក្រុងសេអ៊ូល បានអនុម័តលើសំណើជាច្រើនពីអង្គការសប្បុរសធម៌ឯកជនក្នុងការផ្តល់ជំនួយដើម្បីជួយកាត់បន្ថយភាពក្រីក្រ និងសម្រាលផ្នែកសុខាភិបាលដែលអន់ថយនៅកូរ៉េខាងជើង។ ប្រជាជនចំនួន៨៤ភាគរយ«ទទួលទានអាហារមិនមានអាហារូបត្ថម្ភគ្រប់គ្រាន់» ហើយកុមារចំនួន១ភាគ៣រងគ្រោះពីការខ្វះអាហាររូបត្ថម្ភ ហើយអត្រាមរណៈរបស់ទារកមានចំនួន៣៣ភាគរយ។ នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ។
ប៉ុន្តែរដ្ឋាភិបាលរបស់លោក គីម ជុងអ៊ុន មិនអនុញ្ញាតដល់ជំនួយផ្តួចផ្ដើមនេះឡើយ ដោយលើកហេតុផលអំពីការគាំទ្ររបស់រដ្ឋាភិបាលក្រុងសេអ៊ូលចំពោះសេចក្តីអនុម័តទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីដាក់ទណ្ឌកម្មចំពោះការបង្ករឿងរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង ដែលបាញ់អាវុធនុយក្លេអ៊ែរកាលពីពេលថ្មីៗនេះ។
កាលពីពាក់កណ្ដាលខែមិថុនា ប្រទេសកូរ៉េខាងជើងបានបដិសេធចលនាចែករំលែកកូរ៉េ (Korean Sharing Movement)ដែលជាអង្គការផ្តល់ជំនួយឯកជនមួយ មិនឲ្យផ្ដល់ថ្នាំសម្លាប់សត្វល្អិត ឧបករណ៍វិនិច្ឆ័យរោគសញ្ញា និងមុងការពារជំងឺគ្រុនចាញ់នោះទេ។ យោងតាមអង្គការសុខភាពពិភពលោក កូរ៉េខាងជើងមានករណីជំងឺគ្រុនចាញ់ជាង៧.០០០ ករណី នៅក្នុងឆ្នាំ២០១៥។ គម្រោងជំនួយផ្សេងៗទៀត ក៏កំពុងតែរង់ចាំការអនុញ្ញាតពីកូរ៉េខាងជើងដែរ។
កាសែតរបស់រដ្ឋក្នុងប្រទេសកូរ៉េខាងជើង ឈ្មោះ Rodong Sinmun បានសរសេរនៅក្នុងទំព័រវិចារណកថារបស់ខ្លួនកាលពីដើមខែមិថុនាថា «គ្មានអ្នកណាអាចរំពឹងឲ្យទំនាក់ទំនងប្រសើរឡើង ដោយគ្រាន់តែពួកគេផ្តល់ជំនួយមនុស្សធម៌ខ្លះឬការដោះដូរជនស៊ីវិល ដែលពួកអភិរក្សពីមុនបានផ្អាកនោះទេ»។
លោកBong Young-shik អ្នកវិភាគនយោបាយនៃវិទ្យាស្ថានសិក្សាពីកូរ៉េខាងជើងរបស់សាកលវិទ្យាល័យ Yonsei ក្នុងទីក្រុងសេអ៊ូលបាននិយាយថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង មានចំណាប់អារម្មណ៍លើការចាប់ផ្ដើមឡើងវិញនូវគម្រោងបង្កើតចំណូលធំៗ ដូចជាតំបន់ឧស្សាហកម្មកែសុង និងគម្រោងតំបន់ទេសចរណ៍ភ្នំ Kumgangច្រើនជាង ហើយមានឆន្ទៈផ្អាកជំនួយមនុស្សធម៌ ដែលទាក់ទាញដើម្បីបានប្រយោជន៍ធំនោះ៕
ប្រែសម្រួលដោយ៖ សើ សាយ្យាណា