បណ្តាញសារព័ត៌មានរដ្ឋកូរ៉េខាងជើងថាប្រធានាធិបតីរុស្ស៊ីលោក Vladimir Putinនឹងទៅដល់ប្រទេសនេះនៅថ្ងៃអង្គារនេះដើម្បីបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានAP។
លោក Putin ត្រូវគេរំពឹងនឹងជួបមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Unដើម្បីចរចាដែលផ្តោតលើការពង្រីកកិច្ចសហប្រតិបត្តិការយោធា នៅពេលដែលមេដឹកនាំទាំងពីរធ្វើឱ្យកាន់តែស៊ីជម្រៅនូវសម្ព័ន្ធភាពរបស់ប្រទេសទាំងពីរ នៅក្នុងការប្រឈមនៃភាពឯកោ ពង្រីកការប្រឈមជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។
ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េផ្លូវការរបស់កូរ៉េខាងជើងបានបញ្ជាក់កាលពីថ្ងៃចន្ទថា លោក Putin នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសកូរ៉េខាងជើងនៅថ្ងៃអង្គារ និងថ្ងៃពុធ ទៅតាមការអញ្ជើញរបស់លោក Kim។ បណ្តាញសារព័ត៌មានរដ្ឋកូរ៉េខាងជើងមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមភ្លាមៗទេ។ រុស្ស៊ីបានបញ្ជាក់ពីការប្រកាសដំណើរទស្សនកិច្ចនេះក្នុងពេលជាមួយគ្នា។
វានឹងក្លាយជាដំណើរទស្សនកិច្ចលើកទី ១ របស់លោក Putin ទៅកាន់ប្រទេសកូរ៉េខាងជើងនៅក្នុងរយៈពេល ២៤ ឆ្នាំ។ ដំណើរទស្សនកិច្ចនេះកើតមានឡើង នៅពេលមានការព្រួយកង្វល់ជាអន្តរជាតិកើនឡើងអំពីកិច្ចព្រមព្រៀងអាវុធ ដែលក្នុងនោះរដ្ឋាភិបាលក្រុងព្យុងយ៉ាងផ្តល់ឱ្យនូវគ្រាប់រំសេវដែលរដ្ឋាភិបាលក្រុងមូស្គូត្រូវការយ៉ាងខ្លាំងដើម្បីបញ្ឆេះសង្គ្រាមរបស់លោក Putinនៅក្នុងប្រទេសអ៊ុយក្រែននៅក្នុងការដោះដូរជំនួយសេដ្ឋកិច្ចនិងការផ្ទេរបច្ចេកវិទ្យា ដែលនឹងបង្កើនការគំរាមកំហែងដែលនឹងធ្វើឡើងដោយកម្មវិធីអាវុធនុយក្លែអ៊ែរនិងមីស៊ីលរបស់លោក Kim។
កិច្ចសហប្រតិបត្តិការយោធា សេដ្ឋកិច្ចនិងវិស័យផ្សេងៗទៀតរវាងកូរ៉េខាងជើងនិងរុស្ស៊ីបានកើនយ៉ាងខ្លាំង ចាប់តាំងពីលោក Kim ទៅបំពេញទស្សនកិច្ចនៅចុងតំបន់ភាគខាងកើតរបស់រុស្ស៊ីនៅក្នុងខែកញ្ញាឆ្នាំមុន ដើម្បីជួបជាមួយលោក Putinដែលជាជំនួបលើកទី ១ របស់លោកទាំងពីរចាប់តាំងពីឆ្នាំ ២០១៩ មក។
ក្រុមមន្ត្រីសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបានចោទប្រកាន់កូរ៉េខាងជើងពីការផ្តល់ឱ្យរុស្ស៊ីនូវកាំភ្លើងធំ កាំជ្រួចមីស៊ីលនិងឧបករណ៍យោធាផ្សេងៗទៀតដើម្បីជួយអូសបន្លាយការប្រយុទ្ធរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន ដែលអាចជាការដោះដូរបច្ចេកវិទ្យាយោធានិងជំនួយដ៏សំខាន់។
ទាំងរដ្ឋាភិបាលក្រុងព្យុងយ៉ាងនិងរដ្ឋាភិបាលក្រុងមូស្គូបានបដិសេធការចោទប្រកាន់អំពីការផ្ទេរអាវុធរបស់ប្រទេសកូរ៉េខាងជើង ដែលនឹងកា្លយជាការរំលោភសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕