ប្រទេសកូរ៉េខាងជើងបាននិយាយនៅថ្ងៃអង្គារនេះថាខ្លួនបានបាញ់បង្ហោះដោយជោគជ័យនូវកាំជ្រួចមីស៊ីលផ្លោងអន្តរទ្វីបមួយគ្រឿង។ ប្រទេសនេះបានស្វះស្វែងជាយូរមកហើយដើម្បីធ្វើឱ្យមានសមត្ថភាពនេះនៅពេលដែលខ្លួនធ្វើការដើម្បីអភិវឌ្ឍបច្ចេកទេសជាចាំបាច់សម្រាប់បាញ់គ្រាប់បែកបរមាណូមួយគ្រាប់មកកាន់ស.រ.អ.ដីគោក។
សេចក្តីប្រកាសមួយតាមទូរទស្សន៍រដ្ឋបាននិយាយថាកាំជ្រួចមីស៊ីលនេះហោះបាន៣៩នាទីហើយបានហោះដល់កម្ពស់២ពាន់៨រយគ.ម.។
តួលេខទាំងនេះសឹងតែដូចគ្នានឹងតួលេខផ្តល់ឱ្យដោយកងយោធានៃស.រ.អា. ប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុនក្នុងរយៈពេលខ្លី ក្រោយពីការបាញ់បង្ហោះពិសោធន៍នេះបានបញ្ចប់ជាមួយកាំជ្រួចមីស៊ីលនេះធ្លាក់ទៅក្នុងសមុទ្រជប៉ុន។
ទីបញ្ជាការយោធាស.រ.អា.ក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិកបានពណ៌នាកាំជ្រួចមីស៊ីលមានពាក់ព័ន្ធនេះថាជាកាំជ្រួចមីស៊ីលផ្លោងមានវង់ប្រតិបត្តិការមធ្យម។
លោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in បានមានប្រសាសន៍ថារដ្ឋាភិបាលលោកបានសន្និដ្ឋានថាវាជា «កាំជ្រួចមីស៊ីលផ្លោងមានវង់ប្រតិបត្តិការមធ្យម» ក៏ប៉ុន្តែនៅតែប្រុងប្រៀបក្នុងករណីដែលវាជាកាំជ្រួចមីស៊ីលផ្លោងអន្តរទ្វីបហៅកាត់ថា ICBM។
លោក Moon បានមានប្រសាសន៍ថា «ប្រសិនបើកាំជ្រួចមីស៊ីលនេះជា ICBM យើងនឹងមានវិធានការសមស្រប»។ លោកបាននិយាយបន្ថែមថាប្រទេសកូរ៉េខាងត្បូងនឹង «ចាត់ការដាច់ណាត់ជាមួយការបង្ករឿងដោយកូរ៉េខាងជើង» ដោយមានកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ។
ការឆ្លើយតបរបស់ប្រធានាធិបតីស.រ.អា. Donald Trump ដល់ការបាញ់បង្ហោះពិសោធន៍កាំជ្រួចមីស៊ីលនេះធ្វើឡើងតាម Twitter ដែលលោកបានអំពាវនាវជាថ្មីដល់ប្រទេសចិនឱ្យប្រើគោលជំហររបស់ខ្លួនជាសម្ព័ន្ធមិត្តសំខាន់បំផុតរបស់កូរ៉េខាងជើងក្នុងការដាក់ឥទ្ធិពលខ្លួនលើប្រទេសនេះ៕