កូរ៉េខាងជើង​​​ថា​​ នាយក​រដ្ឋមន្ត្រី​ជប៉ុន​​ស្នើសុំ​​​​ឱ្យ​មាន​ជំនួប​កំពូល​ជាមួយ​មេដឹកនាំ​កូរ៉េខាង​ជើង​លោក​Kim Jong Un

រូបភាពដែលបានបង្កើតនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ បង្ហាញពីមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un (ខាងឆ្វេង) និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ។

កូរ៉េខាងជើង​និយាយ​នៅ​ថ្ងៃ​ចន្ទនេះ​ថា​ នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ Fumio Kishida បាន​ស្នើសុំឱ្យមាន​ជំនួប​កំពូល​មួយជា​មួយ​មេដឹកនាំ​កូរ៉េខាង​ជើង​លោក​Kim Jong Un។ នេះ​បើ​តាម​សេចក្តី​រាយការណ៍របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន​AP។ ​

ប្អូន​ស្រីរបស់​លោក​Kim Jong Un គឺ​អ្នក​ស្រី Kim Yo Jong ដែលជា​មន្ត្រី​ជាន់​ខ្ពស់​របស់​កូរ៉េខាង​ជើង​ផង​ដែរ​នោះ បាន​គូស​បញ្ជាក់​ដូច​នេះ​នៅ​ក្នុងការផ្សព្វផ្សាយនៃ​ប្រពន្ធ​ឃោសនា​រដ្ឋកូរ៉េ។​ ​អ្នក​ស្រីនិយាយ​ថា លោក​Kishida​បាន​ស្នើឡើង​ដូច​នេះតាម​រយៈ​ប្រភព​មួយ​ ដែល​មិន​ត្រូវបាន​ប្រាប់​ឱ្យ​ដឹង ដើម្បី​នាំយក​ជំហរ​របស់​លោក​ ក្នុង​ការ​ចង់​ជួប​មេដឹកនាំ​កូរ៉េខាង​ជើង​ដោយ​ផ្ទាល់​ក្នុង​ពេលឆាប់ៗ​ខាង​មុខ។ ​

អ្នក​ស្រី​Kim Yo Jong​ និយាយ​ថា​ តើ​សំណើ​សុំ​ជួប​នេះ​គឺ​ដើម្បី​លើក​កម្ពស់​ទំនាក់ទំនង​ទ្វេភាគីឬ​យ៉ាងណា​គឺ​អាស្រ័យ​លើភាគីជប៉ុន​តែ​ប៉ុណ្ណោះ។ អ្នក​ស្រីបន្ថែម​ទៀតថា​ ​ប្រសិន​បើ​លោក Kishida ផ្តោត​លើ​ការ​ព្យាយាមជំរុញ​ដោះស្រាយ​បញ្ហាចាប់ពង្រត់​ជនជាតិ​ជប៉ុន​កាល​ពី​អតីតកាល​ដោយ​កូរ៉េខាង​ជើង​នោះ​ លោក​នឹង​ទទួល​រង​ការ​រិះគន់​ថា​លោក​ចង់​ជួប​មេដឹកនាំ​កូរ៉េខាង​ជើង​គឺ​ដើម្បី​ចង់​ជំរុញប្រជាប្រិយភាព​របស់​លោក​តែ​ប៉ុណ្ណោះ។

អ្នក​ជំនាញ​មួយ​ចំនួន​និយាយ​ថា​ កូរ៉េខាងជើង​កំពុងប្រឹងប្រែងលើក​កម្ពស់​ទំនាក់ទំនង​របស់​ខ្លួន​ជា​មួយ​ជប៉ុន​ ​ដើម្បី​ជា​វិធី​មួយ​ធ្វើ​ឱ្យ​ចុះ​ខ្សោយ​ភាព​ជា​ដៃគូ​សន្តិសុខ​ត្រីភាគីរវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោនជា​មួយ​កូរ៉េខាង​ត្បូង​និង​ជប៉ុន ខណៈ​ដែល​លោក Kishida ក៏​កំពុង​ចង់ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​របស់​ខ្លួនជាមួយ​កូរ៉េខាង​ជើង​ផង​ដែរ​ ដើម្បី​បង្កើនប្រជាប្រិយភាព​របស់​លោក​ដែល​កំពុងតែ​ធ្លាក់​ចុះ​នៅ​ក្នុង​ប្រទេស។​

សហរដ្ឋអាមេរិក​និង​កូរ៉េខាង​ត្បូង​បាន​ពង្រីក​ការ​ធ្វើ​សមយុទ្ធយោធា​របស់​ខ្លួន​ ក៏​ដូច​ជា​សមយុទ្ធ​ត្រី​ភាគី​ជា​មួយ​ជប៉ុន​ផង​ដែរ​ ក្នុង​ការ​ឆ្លើយតប​នឹង​ការ​បាញ់​សាកល្បង​អាវុធ ដែល​ជា​ការ​បង្កហេតុ​របស់​កូរ៉េខាង​ជើងតាំង​ពី​ឆ្នាំ​២០២២​មក៕