កូរ៉េ​ខាង​ជើង​ថា​ ខ្លួន​ឈប់​ចរចា​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​រឿង​កម្មវិធី​នុយក្លេអ៊ែរ

រូបឯកសារ៖ រូបភាពពីអាកាសបង្ហាញពីរោងចក្រស្រាវជ្រាវនុយក្លេអ៊ែរ Yongbyon នៅប្រទេស​កូរ៉េខាងជើង។ 

ទីភ្នាក់ងារ​ព័ត៌មាន KCNA បាន​រាយការណ៍​ថា លោក Kim Jong Un បាន​មើល​ការ​ខុស​ត្រូវ និង​បញ្ជា​ការ​សាកល្បង​អាវុធ​នេះ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ដោយ​ទីភ្នាក់ងារ​នេះ​បាន​ហៅ​ប្រតិបត្តិការ​នេះ​ថា​មាន «សារៈសំខាន់​ខ្លាំង​បំផុត»។

ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ទាមទារ​មិន​ឲ្យ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo ចូលរួម​នៅ​ក្នុង​ការ​ពិភាក្សា​ណា​មួយ​ជា​បន្ត​ទៀត​ ពាក់ព័ន្ធ​នឹង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។

លោក Kwon Jong Gun មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការបរទេស​កូរ៉េ​ខាង​ជើង ​បាន​និយាយ​ថា រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ចង់​បាន​នរណា​ម្នាក់​ដែល «មាន​ការ​ប្រយ័ត្នប្រយែង និង​មាន​ភាព​ចាស់ទុំ​នៅ​ក្នុង​ការ​ទំនាក់ទំនង»។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​មួយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន KCNA របស់​កូរ៉េ​ខាង​ជើង។

ការ​លើក​ឡើង​របស់​លោក Kwon Jong Gun នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក បន្ទាប់ពី​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​បាន​ប្រកាស​ថា ប្រទេស​កូរ៉េ​ខាង​ជើង​បាន​សាកល្បង «អាវុធ​យុទ្ធសាស្ត្រ» ថ្មី​មួយ ដែល​ជា​ការ​បង្ហាញ​ថ្មី​ចុង​ក្រោយ​បង្អស់​អំពី​សមត្ថភាព​យោធា​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។

ទីភ្នាក់ងារ​ព័ត៌មាន KCNA បាន​រាយការណ៍​ថា លោក Kim Jong Un បាន​មើល​ការ​ខុស​ត្រូវ និង​បញ្ជា​ការ​សាកល្បង​អាវុធ​នេះ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ដោយ​ទីភ្នាក់ងារ​នេះ​បាន​ហៅ​ប្រតិបត្តិការ​នេះ​ថា​មាន «សារៈសំខាន់​ខ្លាំង​បំផុត»។

សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន KCNA នេះ​មិន​បាន​រៀបរាប់​លម្អិត​អំពី​ប្រទេស​នៃ​អាវុធ​ដែល​បាន​សាកល្បង​នោះ​ទេ ប៉ុន្តែ​ពាក្យ​ថា «យុទ្ធសាស្ត្រ» នេះ​គឺ​បាន​ន័យ​ថា​ មិន​មែន​ជា​គ្រាប់​ផ្លោង​មីស៊ីល​នោះ​ទេ។

ទោះបីជា​យ៉ាង​ណា​ក៏​ដោយ ការ​សាកល្បង​នេះ​នៅតែ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​ការ​ព្រមាន​ចំពោះ​សហរដ្ឋ​អាមេរិក ស្រប​ពេល​ដែល​មាន​ភាព​ជាប់​គាំង​នៅ​ក្នុង​ការ​ចរចា​រឿង​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង។

មន្ត្រី​យោធា​សហរដ្ឋ​អាមេរិក​បាន​និយាយ​កាល​ពី​យប់​ថ្ងៃ​ពុធ​ម្សិលមិញ​ថា ក្រសួង​ការពារ​ប្រទេស​អាមេរិក​ដឹង​អំពី​ការ​សាកល្បង​នេះ ប៉ុន្តែ​មិន​បាន​បញ្ចេញ​មតិ​ណា​មួយ​នោះ​ទេ៕