ប្រទេសកូរ៉េខាងជើងបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនចាត់ទុកថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការលើកពេលសមយុទ្ធយោធារួមគ្នាជាមួយប្រទេសកូរ៉េខាងត្បូងជារឿងវិជ្ជមាន តែការអនុម័តសេចក្តីសម្រេចរបស់អ.ស.ប.ដែលរិះគន់កំណត់ត្រាសិទ្ធិមនុស្សរបស់កូរ៉េខាងជើងបានបំផ្លាញបំណងកូរ៉េខាងជើងក្នុងការពិភាក្សាជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនអំពីការរំសាយអាវុធនុយក្លេអ៊ែរ។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយថា « អាមេរិកសុបិន្តចង់ទម្លាក់ប្រព័ន្ធរបស់យើង នៅពេលកិច្ចពិភាក្សារវាងកូរ៉េខាងជើង និងស.រ.អា.ជារបៀបវារៈសំខាន់ដែលបង្ហាញថា សហរដ្ឋអាមេរិកគ្មានចេតនាធ្វើការជាមួយយើងដោយស្មោះត្រង់ ឆ្ពោះទៅរកការដោះស្រាយបញ្ហានោះទេ។ ដូច្នេះយើងគ្មានឆន្ទៈជួបដៃគូសន្ទនាបែបនេះទេ»។
សហរដ្ឋអាមេរិកគឺជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនដែលបានចូលរួមធ្វើសេចក្តីសម្រេចចិត្តអំពីស្ថានភាពសិទ្ធិមនុស្សរបស់កូរ៉េខាងជើងនៅក្នុងគណៈកម្មាធិការមហាសន្និបាតអ.ស.ប.អំពីសិទ្ធិមនុស្ស។ សេចក្តីសម្រេចត្រូវបានអនុម័តដោយការមូលមតិកាលពីថ្ងៃព្រហស្បតិ៍ ហើយរួមបញ្ចូលការជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ពិចារណាដាក់ទណ្ឌកម្មបន្ថែមលើអ្នកដែលទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្សនិងជំរុញឱ្យក្រុមប្រឹក្សានេះប្តឹងរដ្ឋាភិបាលក្រុងព្យុងយ៉ាងនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ។ កូរ៉េខាងជើងកាលពីថ្ងៃចន្ទបាននិយាយថាស.រ.អា.បាន «បង្ករឿងនយោបាយមួយទៀត» ដោយបានគាំទ្រសេចក្តីសម្រេចនេះ។ សេចក្តីសម្រេចរបស់គណៈកម្មាធិការនេះត្រូវគេរំពឹងថា នឹងត្រូវអនុម័តនៅក្នុងមហាសន្និបាតទាំងមូលនៅខែក្រោយ៕