នៅថ្ងៃចន្ទនេះ ក្រសួងបង្រួបបង្រួមកូរ៉េទាំងពីរនៃប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកីឡាអូឡាំពិករបស់កូរ៉េខាងជើងបានបើកទ្វារឲ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដែលអាចជួយបន្ធូរបន្ថយភាពតានតឹងនាពេលថ្មីៗនេះពាក់ព័ន្ធនឹងកាយវិការគំរាមកំហែង ក៏ដូចជាការសាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីលជាច្រើនលើកច្រើនសាររបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងនៅក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។
អ្នកនាំពាក្យក្រសួងបង្រួបបង្រួមកូរ៉េទាំងពីរនៃប្រទេសកូរ៉េខាងត្បូងលោក Baik Tae Hyun និយាយថា៖ «ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកីឡាអូឡាំពិកកូរ៉េខាងជើងនេះបានបង្ហាញថា កូរ៉េខាងជើងមានឆន្ទៈក្នុងការបង្កើនទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង។ យើងក៏ជឿជាក់ផងដែរថា ដំណើរទស្សនកិច្ចនេះបានបង្ហាញថា កូរ៉េខាងជើងអាចធ្វើសកម្មភាពខ្លាំងក្លាណាមួយដែលមិនដែលធ្វើពីមុនមក ប្រសិនបើចាំបាច់»។
រដ្ឋាភិបាលកូរ៉េខាងត្បូងបានបញ្ជាក់ថា គោលបំណងនៃកិច្ចប្រឹងប្រែងរបស់ខ្លួនក្នុងការឲ្យកូរ៉េខាងជើងចូលរួមក្នុងកីឡាអូឡាំពិកនេះ គឺដើម្បីបង្កើតឲ្យមាននូវការចរចាអំពីការគ្មានអាវុធនុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងជើង។
កន្លងមក ទាំងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងមិនបានបង្ហាញឆន្ទៈក្នុងការធ្វើសម្បទានណាមួយដើម្បីជំរុញឲ្យមានការចរចានោះទេ។ រដ្ឋាភិបាលកូរ៉េខាងជើងមិនមានឆន្ទៈក្នុងការពិភាក្សាអំពីការលះបង់ការគំរាមកំហែងនុយក្លេអ៊ែររបស់ខ្លួន ដែលខ្លួនបានអះអាងថាដើម្បីការពារខ្លួនពីការឈ្លានពានរបស់សហរដ្ឋអាមេរិកនោះទេ។ រីឯរដ្ឋាភិបាលអាមេរិកវិញ ចង់ឲ្យកូរ៉េខាងជើងលះបង់មហិច្ឆតានុយក្លេអ៊ែរជាមុនសិន មុននឹងអាចចរចាគ្នាបាន៕