កូរ៉េ​ខាងជើង​បញ្ជាក់​ពី​ការ​រកឃើញ​ករណី​ឆ្លង​ជំងឺកូវីដ១៩ជា​លើក​ដំបូង​​របស់​ខ្លួន

រូបឯកសារ៖ បុគ្គលិក​ម្នាក់​លាង​សម្អាត​សម្ភារៈ​ប្រើប្រាស់​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ហាង​ទំនិញ​មួយ​ ក្នុង​ទីក្រុង​ព្យុងយ៉ាង ថ្ងៃទី ១៨ ​ខែមីនា ឆ្នាំ២០២២។

ប្រទេស​កូរ៉េ​ខាងជើង​ដែល​បាន​បិទ​ព្រំដែន​ភាគ​ច្រើន​របស់​ខ្លួន​ដើម្បី​ទប់ទល់​នឹង​ការឆ្លង​រាតត្បាតជំងឺកូវីដ១៩​នោះ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​បញ្ជាក់ពី​ការរក​ឃើញ​ជា​លើក​ដំបូងនូវ​ករណីឆ្លង​ជំងឺ​កូវីដ១៩បំប្លែង​ថ្មី​ប្រភេទ​អូមីក្រុងនៅ​ក្នុង​ប្រទេស​នេះ។

យោង​តាមទីភ្នាក់ងារព័ត៌មាន​មជ្ឈិមផ្លូវការ​របស់​កូរ៉េ​ខាង​ជើង​បានឱ្យដឹង​ថា គេ​បានយក​សំណាក​ពីមនុស្ស​មួយ​ក្រុម​នៅ​ក្នុង​រដ្ឋធានី​ព្យុងយ៉ាងទៅ​ធ្វើ​តេស្ត​កាលពី​ថ្ងៃអាទិត្យ។ ការវិភាគ​ធ្វើ​តេស្ត​បាន​បង្ហាញ​លទ្ធផល​ដែល​មាន​លក្ខណៈ​ដូចគ្នាទៅ​នឹងប្រភេទ​វីរុសអូមីក្រុងBA.2។ គេ​មិន​បាន​ដឹងពី​ចំនួនមនុស្សប៉ុន្មាន​នាក់​ដែល​ត្រូវ​បាន​ធ្វើ​តេស្ត​រកឃើញ​មាន​ជំងឺ​កូវីដ១៩​នោះ​ឡើយ។

នេះ​ជា​ការ​កត់​សម្គាល់​លើក​ដំបូងដែល​កូរ៉េ​ខាង​ជើង​បាន​ទទួល​ស្គាល់​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ចាប់តាំង​ពី​ខ្លួន​បាន​បិទ​ព្រំដែន​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ២០២០ដែល​ជា​ចំណាត់ការ​មួយ​របស់​ខ្លួននៅ​ដាច់ពី​គេ​ ​ខណៈ​ពេល​ដែល​ជំងឺនេះ​បានឆ្លង​រាតត្បាត​នៅ​ពាស​ពេញ​ពិភព​លោក។

កិច្ចប្រជុំ​ការិយាល័យ​នយោបាយ​មួយត្រូវ​បាន​ធ្វើ​ឡើង​ជា​បន្ទាន់​ដើម្បី​ឆ្លើយតបទៅ​នឹង​បញ្ហា​នេះ ដោយ​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong-un បាន​បញ្ជា​ឲ្យ​បិទ​រាល់​សកម្មភាព​សង្គមទាំង​អស់នៅ​ក្នុង​ទីក្រុង​និងស្រុក​នានា​និង​បាន​ណែនាំ​ឱ្យ​ទីតាំង​ផលិតផល​និងជំនួញ​នានា​ត្រូវ​បើក​ដំណើរការដោយ​ដាក់​ឱ្យ​នៅ​ពីគេ​ដើម្បី​ទប់ទល់នឹងការ​ឆ្លង​រាតត្បាតនៃ​វីរុស​ដ៏​គ្រោះថ្នាក់​នេះ។

លោក Kim Jong-un និយាយ​ថា បក្ស​និង​រដ្ឋាភិបាល​កូរ៉េ​ខាងជើង​នឹងប្រមូល​ការផ្គត់ផ្គង់​បរិក្ខារពេទ្យ​ដែល​មាន​ក្នុង​ឃ្លាំង​ដើម្បី​ឆ្លើយ​តបទៅ​នឹង​ភាពបន្ទាន់​នេះ។ នេះបើ​យោងតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​រដ្ឋនៃ​កូរ៉េ​ខាងជើង។ លោក​ក៏​បាន​បញ្ជា​ឲ្យ​ពង្រឹង​ការ​ការពារ​ព្រំដែន​គោក ទឹក និង​អាកាស​ផង​ដែរ។

លោក Kim ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា អ្វី​ដែល​គ្រោះ​ថ្នាក់​ជាង​វីរុស​ទៅ​ទៀត​នោះ​គឺការភ័យ​ខ្លាច​ដែល​គ្មាន​លក្ខណៈ​វិទ្យាសាស្ត្រ ការខ្វះ​ជំនឿចិត្ត​និង​ឆន្ទៈ​ទន់ខ្សោយ។ លោក​បន្ថែម​ទៀត​ថា រដ្ឋ​កូរ៉េ​ខាង​ជើង​មួយ​នេះ​នឹង​យកឈ្នះ​ទៅ​លើស្ថានភាព​ដ៏​បន្ទាន់​ក្នុង​ពេល​នេះ ដោយសារ​ខ្លួន​មាន​សមត្ថភាពខ្លាំង​ក្នុង​ការរៀបចំ​ចាត់ចែង​និង​បាន​សរសើរដល់​ការយល់ដឹង​របស់​ពលរដ្ឋ​ ​នៅ​ក្នុង​យុទ្ធនាការការពារប្រឆាំង​នឹងការ​រាតត្បាត​ឆ្លង​នៃ​ជំងឺកូវីដ១៩ក្នុង​គ្រា​បន្ទាន់​នេះដែលអាច​មាន​រយៈ​ពេល​វែង​នោះ។

អង្គការ​សហប្រជាជាតិ​តាមរយៈ​កម្មវិធី COVAX របស់​ខ្លួន​បាន​បញ្ជាក់​កាល​ពីដើម​ខែ​នេះ​ថា​ ខ្លួន​បាន​ផ្តល់វ៉ាក់សាំងដែល​ត្រូវទុក​បម្រុង​ឱ្យ​កូរ៉េខាង​ជើង​នោះ​ទៅ​ឱ្យ​ប្រទេស​ផ្សេង​វិញ​ហើយ​ បន្ទាប់​ពី​ប្រទេស​នេះ​បាន​បដិសេធ​មិនព្រម​ទទួល​យក​ជំនួយ​វ៉ាក់សំាង​នេះ​អស់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​ទៅ៕