មន្រ្តីជាន់ខ្ពស់កូរ៉េខាងជើងម្នាក់បាននិយាយនៅក្នុងទីក្រុងម៉ូស្គូកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងមិនមានផែនការពិភាក្សាពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនទេ។ មន្រ្តីកូរ៉េខាងជើងរូបនេះបាននិយាយទៀតថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹងត្រូវតែស៊ូទ្រាំជាមួយការពិតដែលថាកូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរ។
លោកស្រី Choe Son-hui មន្រ្តីក្រសួងការបរទេសកូរ៉េខាងជើងបានប្រាប់សន្និសីទមិនរីកសាយអាវុធនៅក្នុងទីក្រុងមូស្គូថា៖ «នេះជាបញ្ហាស្លាប់រស់សម្រាប់យើង»។លោកស្រី Choe បាននិយាយទៀតថា អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងត្រូវតែឆ្លើយតបទៅនឹងការវាយប្រហារដ៏ខ្លាំងណាមួយ។
លោកស្រី Choe បាននិយាយទៀតថា៖ «យើងនឹងធ្វើការឆ្លើយតបដោយភ្លើងទល់នឹងភ្លើង»។
កូរ៉េខាងជើងបាននិយាយជាច្រើនលើកមកហើយថា កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនមិនមែនជាប្រធានបទដើម្បីធ្វើការចរចាទេ ហើយបានច្រានចោលការអំពាវនាវរបស់សហរដ្ឋអាមេរិកមិនឲ្យមានអាវុធនុយក្លេអ៊ែរ។
យោងតាមមន្រ្តីសហរដ្ឋអាមេរិក២រូបបានប្រាប់ឲ្យដឹងថា កូរ៉េខាងជើងទំនងនៅសល់តែរយៈពេលប៉ុន្មានខែទៀតប៉ុណ្ណោះដែលអាចមានលទ្ធភាពធ្វើការវាយប្រហារសហរដ្ឋអាមេរិកដោយអាវុធនុយក្លេអ៊ែរ។
លោក Mike Pompeo នាយកទីភ្នាក់ងារស៊ើបការណ៍កណ្តាលសហរដ្ឋអាមេរិក CIA បានមានប្រសាសន៍ថា លោកមានការព្រួយកង្វល់យ៉ាងខ្លាំងអំពីការគំរាមកំហែងកាន់តែខ្លាំងឡើងពីប្រទេសកូរ៉េខាងជើង ហើយនិងពីលទ្ធភាពដែលបណ្តាលឲ្យមានការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរនៅតំបន់អាស៊ីខាងកើត៕