រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ឃែរី(John Kerry) នឹងជំរុញប្រទេសចិន ឲ្យធ្វើកិច្ចការច្រើនថែម ដើម្បីដាក់សម្ពាធលើ ប្រទេសកូរ៉េខាងជើង ដើម្បីឲ្យបញ្ឈប់ការសាកល្បងបរមាណូដ៏ចម្រូងចម្រាសរបស់ប្រទេសនោះ នៅពេលដែលលោកជួបជាមួយមន្ត្រីចិនក្នុងទីក្រុងប៉េកាំងនៅថ្ងៃពុធ។
កាលពីដើមខែនេះ រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានធ្វើការសាកល្បងអ្វីមួយ ដែលគេនិយាយថា ជាគ្រាប់បែកអ៊ីដ្រូហ្សែនប្រកបដោយជោគជ័យ ដែលជាទង្វើមួយនាំឲ្យមានការថ្កោលទោសជាអន្តរជាតិ។
ប្រទេសចិនគឺជា សរសៃឈាមសេដ្ឋកិច្ចសម្រាប់កូរ៉េខាងជើង។ ចំណុចពិភាក្សាគន្លឺះ សម្រាប់លោកឃែរីគឺ ការជំរុញរដ្ឋាភិបាលក្រុងប៉េកាំងឲ្យប្រើឥទ្ធិពលរបស់ខ្លួន ដើម្បីព្យាយាមបញ្ចុះបញ្ចូលរដ្ឋាភិបាលក្រុងព្យុងយ៉ាងឲ្យបញ្ឈប់ការសាកល្បងអាវុធបែបនេះតទៅទៀត ដែលប្រទេសមហាអំណាចនានាចាត់ទុកថាជាទង្វើបង្ករឿងហេតុ។
ជាមួយគ្នានេះដែរការគាំទ្ររបស់ចិនក្នុងនាមជាសមាជិកអចិន្ត្រៃយ៍មួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គឺមានសារៈសំខាន់សម្រាប់ចំណាត់ការដាក់ទណ្ឌកម្មបែបណាមួយរបស់អង្គការសហប្រជាជាតិទៅលើកូរ៉េខាងជើង៕