ប្រទេសកូរ៉េខាងជើងបានបាញ់គ្រាប់ផ្លោងមីស៊ីលចំនួន ៤ គ្រាប់នៅថ្ងៃចន្ទនេះ។
លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe បានប្រកាសក្នុងអំឡុងពេលប្រជុំសភាថា គ្រាប់ផ្លោងមីស៊ីលរបស់កូរ៉េខាងជើងចំនួន ៣ គ្រាប់ បានធ្លាក់ចូលក្នុងដែនសមុទ្រតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុន។
លោក Abe បាននិយាយយ៉ាងដូច្នេះថា៖ «ការបាញ់គ្រាប់មីស៊ីលនេះ គឺជាការរំលោភយ៉ាងច្បាស់លើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលយើងមិនអាចអត់ឱនឲ្យបាន។ យើងបានថ្កោលទោសកូរ៉េខាងជើងយ៉ាងខ្លាំង»។
មន្ត្រីយោធាកូរ៉េខាងត្បូងបាននិយាយថា «គ្រាប់ផ្លោងមីស៊ីលជាច្រើនគ្រាប់» ត្រូវបានបាញ់ចេញតំបន់ Tongchang-ri នៅជិតព្រំដែនរបស់កូរ៉េខាងជើងជាមួយនឹងប្រទេសចិន។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបានថ្កោលទោសសកម្មភាពរបស់កូរ៉េខាងជើងនៅក្នុងសេចក្ដីប្រកាសមួយ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យម្សិលមិញ។
សកម្មភាពរបស់កូរ៉េខាងជើងលើកនេះ ធ្វើឡើងស្របពេលដែលប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងធ្វើសមយុទ្ធយោធារួមគ្នា ដែលសមយុទ្ធនេះត្រូវបានរដ្ឋាភិបាលក្រុងព្យុងយ៉ាងបញ្ជាក់ថា ជាសកម្មភាពរៀបចំដើម្បីឈ្លានពាន។ ការធ្វើសមយុទ្ធនេះ ជាទូទៅត្រូវបានរដ្ឋាភិបាលក្រុងព្យុងយ៉ាងថ្កោលទោស។
កាលពីសមយុទ្ធយោធារួមគ្នាឆ្នាំមុនរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីលជាច្រើនគ្រាប់ទាំងគ្រាប់ដែលហោះបានចម្ងាយខ្លី និងគ្រាប់ហោះបានចម្ងាយមធ្យម និងបានប្រកាសថា ខ្លួនអាចនឹងដាក់ក្បាលគ្រាប់នុយក្លេអ៊ែរបន្តុបពីលើគ្រាប់មីស៊ីលទៀតផង៕