ប្រទេសកូរ៉េខាងជើង ធ្វើការសាកល្បងកាំជ្រួចមីស៊ីលបាលីស្ទិកលើកដំបូងដែលបាញ់ចេញពីនាវាមុជទឹក (SLBM) របស់ខ្លួននៅថ្ងៃអង្គារនេះ គឺមួយខែបន្ទាប់ពីប្រទេសកូរ៉េខាងត្បូង បានបាញ់សាកល្បងកាំជ្រួចមីស៊ីលចេញពីនាវាមុជទឹករបស់ខ្លួន។ នេះបើតាមរបាយការណ៍យោធារបស់ប្រទេសកូរ៉េខាងត្បូង។
យោធាកូរ៉េខាងត្បូងដែលបានតាមដានការបាញ់សាកល្បងរបស់កូរ៉េខាងជើងនោះ បានលើកឡើងថា កូរ៉េខាងជើង បានបាញ់សាកល្បងកាំជ្រួចមីស៊ីលបាលីស្ទិកដែលមានរយៈចម្ងាយខ្លី ដែលគេសន្និដ្ឋានថា ជាគ្រាប់មីស៊ីលបាលិស្ទិកដែលបាញ់ចេញពីនាវាមុជទឹក (SLBM) នៅក្នុងតំបន់ឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន នៅវេលាម៉ោងប្រមាណ១០:១៧នាទីព្រឹក ម៉ោងនៅប្រទេសកូរ៉េ។
កាំជ្រួចមីស៊ីល បានហោះក្នុងចម្ងាយប្រមាណពី៤៣០ ទៅ៤៥០គីឡូម៉ែត្រ ក្នុងកម្រិតកម្ពស់អតិបរិមា ៦០គីឡូម៉ែត្រ។ នេះបើយោងទៅលើទីភ្នាក់ងារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង។
ពេលវេលានៃការបាញ់សាកល្បងនោះ ត្រូវបានគេកត់ត្រាទុក។ កាលពីខែមុន កូរ៉េខាងត្បូង ទើបបានក្លាយជាប្រទេសទី៨ ដែលបានបាញ់សាកល្បងកាំជ្រួចមីស៊ីល (SLBM) ប្រកបដោយជោគជ័យ។ ក្នុងរយៈពេល២ថ្ងៃខាងមុខនេះ កូរ៉េខាងត្បូងមានគម្រោងនឹងបាញ់សាកល្បងកាំជ្រួចរ៉ុក្កែតផលិតក្នុងប្រទេសរបស់ខ្លួនទៅកាន់លំហអាកាសជាលើកដំបូង។
កូរ៉េខាងត្បូង កំពុងអនុវត្តផែនការទំនើបកម្មសម្រាប់វិស័យការពារជាតិដ៏ធំរបស់ខ្លួនដែលក្នុងនោះរួមមានកាំជ្រួចមីស៊ីលថ្មីៗ យន្តហោះចម្បាំងផលិតក្នុងស្រុក និងមានគម្រោងផលិតនាវាផ្ទុកយន្តហោះជាលើកដំបូងរបស់ខ្លួនផងដែរ។ ប្រទេសកូរ៉េខាងត្បូងដែលមានកងទ័ពអាមេរិកប្រមាណជាង២៨.០០០នាក់ឈរជើងនៅទីនោះ កំពុងព្យាយាមយកការទទួលខុសត្រូវកាន់តែខ្លាំងជាងមុននូវវិស័យការពារប្រទេសក៏ដូចជាតួនាទីកាន់តែធំថែមទៀតនៅក្នុងកិច្ចការក្នុងតំបន់។ នេះបើតាមការលើកបញ្ជាក់របស់អ្នកវិភាគមួយចំនួន។
ទោះបីជាយ៉ាងនេះក្តី កូរ៉េខាងជើង បានរិះគន់សកម្មភាពរបស់កូរ៉េខាងត្បូងថា ជាអ្នកបង្កហេតុ និងធ្វើឲ្យមានអស្ថិរភាព ខណៈពេលដែលខ្លួនកំពុងសន្យាបន្តធ្វើការសាកល្បងនូវអាវុធមួយចំនួនរបស់ខ្លួន។ កូរ៉េខាងជើង បានចោទប្រកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិកថា បានអនុវត្តនូវស្តង់ដាពីរផ្សេងគ្នា។
កូរ៉េខាងជើង ត្រូវបានហាមឃាត់មិនឲ្យមានសកម្មភាពកាំជ្រួចមីស៊ីលបាលីស្ទិកក្នុងកម្រិតចម្ងាយខ្លី ឬវែង ដោយសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលនៅមានជាធរមាននៅឡើយ ដើម្បីដាក់ទណ្ឌកម្មដល់ប្រទេសមួយនេះ មិនឲ្យអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរខុសច្បាប់៕