ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយមធ្យមមួយកាលពីព្រឹកថ្ងៃអាទិត្យ ដែលនេះគឺជាការធ្វើសាកល្បងមីស៊ីលចម្ងាយឆ្ងាយបំផុតរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះ។ នេះបើយោងតាមការបញ្ជាក់របស់យោធាកូរ៉េខាងត្បូង។
យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា មីស៊ីលរបស់កូរ៉េខាងជើងនេះត្រូវបានបាញ់ក្នុងមុំខ្ពស់ទៅលើចេញពីខេត្ត Jagang ដែលស្ថិតនៅភាគខាងជើងប្រទេស។ មីស៊ីលនេះហោះបានចម្ងាយ ៨០០ គីឡូម៉ែត្រ ប៉ុន្តែហោះដល់រយៈកម្ពស់អតិបរមាប្រហែល ២.០០០ គីឡូម៉ែត្រ។
រដ្ឋាភិបាលជប៉ុន ដែលបានតាមដានការបាញ់មីស៊ីលរបស់កូរ៉េខាងជើងនេះដែរ បានផ្ដល់តួលេខស្រដៀងគ្នានេះ ដោយគ្រាន់តែបន្ថែមព័ត៌មានថា មីស៊ីលនោះហោះបានរយៈពេលប្រហែល ៣០ នាទី។
តួលេខទាំងនេះបង្ហាញថា នេះគឺជាការបាញ់ «តាមគន្លងខ្ពស់ទៅលើ» ដែលអាចអនុញ្ញាតឲ្យកូរ៉េខាងជើងសាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយៗបានដោយមិនចាំបាច់ហោះកាត់ពីលើប្រទេសជិតខាង។
អ្នកវិភាគនានាបាននិយាយថា មីស៊ីលដែលប្រើនៅក្នុងការសាកល្បងនេះប្រហែលជាមីស៊ីល Hwasong-12 របស់កូរ៉េខាងជើង ដែលមានសមត្ថភាពអាចហោះបានចម្ងាយ ៤.៥០០ គីឡូម៉ែត្រ៕