កូរ៉េខាងជើងបានបាញ់បង្ហោះអ្វីដែលទំនងជាមីស៊ីលផ្លោងចំនួនពីរទៀតដែលជាការបាញ់សាកល្បងមីស៊ីលលើកទី៣របស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងនៅឆ្នាំថ្មីនេះ។នេះបើតាមប្រទេសកូរ៉េខាងត្បូងដែលរាយការណ៍នៅថ្ងៃសុក្រនេះ។
ការបាញ់បង្ហោះនេះបានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីក្រសួងការបរទេសប្រទេសកូរ៉េខាងជើងបានព្រមានអំពីវិធានការ«ខ្លាំងឡើង»ក្នុងការឆ្លើយតបនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកសម្រាប់ការសាកល្បងមីស៊ីលពីមុនៗ។យោធាកូរ៉េខាងត្បូងដែលតាមដានយ៉ាងដិតដល់នូវការបាញ់សាកល្បងបែបនេះបាននិយាយថា កូរ៉េខាងជើងបានបាញ់អ្វីដែលទំនងជាមីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ពីខេត្ត Pyongan ខាងជើងនៅរសៀលថ្ងៃសុក្រនេះ។
មុននេះទីភ្នាក់ងារសារព័ត៌មាន Kyodo របស់ជប៉ុនបានរាយការណ៍ថា ការបាញ់សាកល្បងនេះពាក់ព័ន្ធនឹងកាំជ្រួចមួយគ្រាប់ដែលធ្លាក់នៅក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។វីអូអេមិនទាន់អាចបញ្ជាក់ពីភាពខុសគ្នារវាងរបាយការណ៍របស់ជប៉ុននិងកូរ៉េខាងត្បូងទេ។កូរ៉េខាងជើងបានសាកល្បងកាំជ្រួចចំនួន៤គ្រាប់រួចមកហើយក្នុងអំឡុងពេលការបាញ់បង្ហោះចំនួន៣ លើកដោយឡែកពីគ្នាក្នុងរយៈពេល១០ថ្ងៃចុងក្រោយនៅពេលដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងជើងធ្លាក់ដល់កម្រិតទាប។
ការសាកល្បង២លើកមុនៗរួមមានអ្វីដែលកូរ៉េខាងជើងអះអាងថាជាមីស៊ីលលឿនជាងសំឡេង។ថ្វីបើពួកអ្នកវិភាគខាងការពារជាតិនិយាយថា កូរ៉េខាងជើងអាចនិយាយបំផ្លើសសមត្ថភាពរបស់ខ្លួននៅក្នុងវិស័យនេះក៏ដោយក៏អាវុធបែបនេះទំនងជាធ្វើឱ្យប្រព័ន្ធការពារមីស៊ីលរបស់សហរដ្ឋអាមេរិកកាន់តែលំបាកក្នុងការចាប់និងបាញ់ស្ទាក់។
គេមិនដឹងច្បាស់ថាតើមីស៊ីលអ្វីដែលកូរ៉េខាងជើងបានបាញ់នៅថ្ងៃសុក្រនេះ។ ជាធម្មតាកូរ៉េខាងជើងមិនលាតត្រដាងអំពីការបាញ់បង្ហោះរបស់ខ្លួនឡើយរហូតទាល់តែសារព័ត៌មានរដ្ឋផ្សព្វផ្សាយនៅថ្ងៃបន្ទាប់។
សហរដ្ឋអាមេរិកនៅសប្តាហ៍នេះបានចេញការថ្កោលទោសខ្លាំងជាងធម្មតាប្រឆាំងការបាញ់បង្ហោះរបស់កូរ៉េខាងជើង។ សហរដ្ឋអាមេរិកក៏បានដាក់ទណ្ឌកម្មជាឯកតោភាគីដល់ជនជាតិកូរ៉េខាងជើង៥នាក់ដែលសហរដ្ឋអាមេរិកបានចោទថាបានជួយផ្គត់ផ្គង់សម្ភារៈសម្រាប់កម្មវិធីអាវុធរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង។
នៅក្នុងកិច្ចសម្ភាសន៍កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានហៅការបាញ់ការសាកល្បងរបស់កូរ៉េខាងជើងថា«បានធ្វើឲ្យមានអស្ថិរភាពយ៉ាងខ្លាំង»ហើយមានបំណងមួយផ្នែកធ្វើឲ្យគេចាប់អារម្មណ៍។
លោក Blinken បានប្រាប់បណ្តាញទូរទស្សន៍អាមេរិក MSNBC ថា៖ «កូរ៉េខាងជើងបានធ្វើដូច្នេះកាលពីមុន។ កូរ៉េខាងជើងប្រហែលនឹងបន្តធ្វើដូច្នេះទៀត។ក៏ប៉ុន្តែយើងបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងជាមួយសម្ព័ន្ធមិត្តនិងដៃគូដើម្បីធ្វើឲ្យប្រាកដថា ពួកគេនិងយើងអាចការពារយ៉ាងត្រឹមត្រូវហើយថា នឹងមានប្រតិឃាតនិងផលវិបាកចំពោះកូរ៉េខាងជើងសម្រាប់សកម្មភាពទាំងនោះ»៕