ប្រទេសកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលមួយទៀតនៅថ្ងៃអង្គារនេះ ដែលជាការសាកល្បងលើកទី ៣ ក្នុងរយៈពេលមួយខែកន្លងមក។ ការសាកល្បងនេះបានធ្វើឡើងក្នុងពេលតែប៉ុន្មាននាទីប៉ុណ្ណោះ មុនពេលឯកអគ្គរដ្ឋទូតកូរ៉េខាងជើងថ្លែងនៅអង្គការសហប្រជាជាតិដោយចោទប្រទេសកូរ៉េខាងត្បូងថា ជាអ្នកបង្កអរិភាព។
កូរ៉េខាងជើង បានបាញ់មីស៊ីលនេះឆ្ពោះទៅសមុទ្រនៅភាគខាងកើតប្រទេសនៅម៉ោងប្រហែល ៦ និង ៤០ នាទីព្រឹក ម៉ោងនៅក្នុងស្រុកនៅថ្ងៃអង្គារនេះ។ នេះបើយោងតាមការបញ្ជាក់របស់យោធាកូរ៉េខាងត្បូងដែលឃ្លាំមើលការសាកល្បងអាវុធបែបនេះ។
មន្រ្តីក្រសួងការពារជាតិជប៉ុនបាននិយាយថា ការសាកល្បងនេះ មើលទៅដូចជាមានការបាញ់មីស៊ីលផ្លោងតែមួយគ្រាប់ប៉ុណ្ណោះ។
យោធាកូរ៉េខាងត្បូងបានបញ្ជាក់ថា មីស៊ីលនេះ ត្រូវបានគេ «សន្មតថា ជាមីស៊ីលរយៈចម្ងាយខ្លី» ហើយបាញ់ចេញពីតំបន់ Mupyong-ri ក្នុងខេត្ត Jagang។ តំបន់នេះ គឺជាតំបន់តែមួយដែលកូរ៉េខាងជើង បានបាញ់គ្រាប់ផ្លោងមីស៊ីលឆ្លងទ្វីប (ICBM) កាលពីខែកក្កដាឆ្នាំ ២០១៧។
ដំណឹងនៃការបាញ់សាកល្បងនេះបានកើតឡើង នៅពេលដែលលោក Kim Song ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ ថ្លែងសុន្ទរកថានៅមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុង New York សហរដ្ឋអាមេរិក។
នៅក្នុងសុន្ទរកថានោះ លោក Kim Song បានការពារការអភិវឌ្ឍមីស៊ីលនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង ដោយបាននិយាយថា វាជាការឆ្លើយតបទៅនឹង «គោលនយោបាយអរិភាព» របស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។
លោកបញ្ជាក់ដូច្នេះថា៖ «គ្មាននរណាអាចបដិសេធសិទ្ធិសុចរិតនៅក្នុងការការពារខ្លួនរបស់ប្រទេសកូរ៉េខាងជើងនៅក្នុងការអភិវឌ្ឍ សាកល្បង ផលិត និងកែច្នៃប្រព័ន្ធអាវុធដែលស្មើនឹងប្រព័ន្ធអាវុធដែលសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងមាន ឬក៏កំពុងអភិវឌ្ឍនោះឡើយ»។
ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងរូបនេះ ក៏បានថ្កោលទោសផងដែរចំពោះវត្តមានកងទ័ពអាមេរិកនៅកូរ៉េខាងត្បូង ការធ្វើសមយុទ្ធយោធារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងកាលពីពេលថ្មីៗនេះ និងការបង្កើនកម្លាំងយោធានាពេលថ្មីៗនេះរបស់កូរ៉េខាងត្បូង៕