កូរ៉េខាងជើងបានបាញ់កាំជ្រួចមីស៊ីលផ្លោងឆ្លងទ្វីប ហៅថា ICBM មួយទៀត កាលពីថ្ងៃសុក្រ ដែលនេះគឺជាការបាញ់លើកទី២ហើយនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ នេះបើយោងតាមក្រសួងការពារប្រទេសសហរដ្ឋអាមេរិក។
លោកវរនាវីឯក Jeff Davis ដែលជាអ្នកនាំពាក្យក្រសួងការពារប្រទេសអាមេរិកបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ «យើងបានតាមដានការបាញ់កាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង។ យើងរកឃើញថា វាគឺជាកាំជ្រួចមីស៊ីលផ្លោងឆ្លងទ្វីប ដែលត្រូវបានបាញ់ ហើយជាការបាញ់មួយដែលត្រូវបានរំពឹងទុកថានឹងកើតឡើង»។
លោក Davis បានថ្លែងថា កូរ៉េខាងជើងបានបាញ់កាំជ្រួចមីស៊ីលពីរោងចក្រផលិតអាវុធ Mupyong-ni នៅភាគខាងជើងប្រទេស។ លោកបានថ្លែងថា កាំជ្រួចមីស៊ីលផ្លោងនេះបានហោះក្នុងរយៈពេល៤០នាទី ហើយបានឆ្លងកាត់រយៈចម្ងាយ១០០០គីឡូម៉ែត្រ មុននឹងធ្លាក់ចូលក្នុងសមុទ្រក្នុងប្រទេសជប៉ុនដែលស្ថិតនៅចម្ងាយប្រមាណ ១៦៣គីឡូម៉ែត្រពីកោះ Hakkaido ដែលជាកោះធំបំផុតទី២របស់ជប៉ុន។
នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បានថ្លែងថា កាំជ្រួចមីស៊ីលផ្លោងនេះអាចនឹងធ្លាក់ចូលក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ជប៉ុន ហើយលោកបានបើកកិច្ចប្រជុំបន្ទាន់មួយជាមួយនឹងក្រុមមន្ត្រីជប៉ុនដើម្បីឆ្លើយតបចំពោះការបាញ់កាំជ្រួចមីស៊ីលផ្លោងនេះ។
លោក Davis បានថ្លែងថា អាមេរិកនៅតែប្តេជ្ញាដូចសព្វដងក្នុងការការពារសម្ព័ន្ធមិត្តរបស់ខ្លួន ពិសេសសាធារណៈរដ្ឋកូរ៉េនិងជប៉ុនចំពោះការរងការគំរាមកំហែងទាំងអស់នេះ»។ លោកបានថ្លែងបន្ថែមថា កាំជ្រួចមីស៊ីលនេះមិនបានគំរាមកំហែងអ្វីដល់អាមេរិកខាងជើងនោះទេ៕