កូរ៉េ​ខាង​ជើង​ឆ្លើយ​តប​យ៉ាង​កំរោល​ចំពោះ​ការ​បិទ​ឧទ្យាន​ឧស្សាហកម្ម

កម្មករ​កូរ៉េ​ខាង​ត្បូង​នៅ​ឧទ្យាន​ឧស្សាហកម្ម Kaesong កំពុង​រើ​ឥវ៉ាន់​ចូល​ឡាន​របស់​ពួកគេ​ កាលពី​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦។

ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ការ​សម្រេច​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដើម្បី​ផ្អាក​កិច្ច​ប្រតិបត្តិការ​នៅ​ឯ​មជ្ឈមណ្ឌល​ឧស្សាហកម្ម​រួម​គ្នា​គឺ​ជា​ការ​ប្រកាស​សង្គ្រាម។

​គណៈកម្មាធិការ​បង្រួប​បង្រួម​កូរ៉េ​ដោយ​សន្តិភាព​របស់​ប្រទេស​កូរ៉េ​ខាង​ជើង ​បាន​ចេញ​ការ​ព្រមាន​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បត៍​នេះ​ដែល​ជា​ការ​ឆ្លើយ​តប​លើក​ទី​មួយ​ទៅ​នឹង​ការ​សម្រេច​របស់​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​កាល​ពី​ថ្ងៃ​ពុធ​ដើម្បី​បិទ​កិច្ច​ប្រតិបត្តិការ​នៅ​ឯ​ឧទ្យាន​ឧស្សាហកម្ម Kaesong ​ដែល​ស្ថិត​នៅ​ចម្ងាយ​១០គីឡូម៉ែត្រពី​ព្រំ​ដែន។ កម្មករ​កូរ៉េ​ខាង​ត្បូង ​បាន​ចាប់​ផ្តើម​យក​ឧបករណ៍​ចេញ​ពី​មជ្ឈមណ្ឌល Kaesong ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បត៍​នេះ ​មុន​ពេល​មាន​សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង។

​កូរ៉េ​ខាង​ជើង ​បាន​បញ្ជា​ឲ្យ​ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​ទាំង​អស់​ចាក​ចេញ​ពី​មជ្ឈមណ្ឌល​នេះ ​បាន​និយាយ​ថា ​ខ្លួន​បាន​រឹប​អូស​យក​ឧបករណ៍​ទាំងអស់​ដែល​នៅ​សេស​សល់​ហើយ​បាន​ប្រកាស​ថា ទី​កន្លែង​នោះ​ជា​តំបន់​យោធា។ ​កូរ៉េ​ខាង​ជើង​ក៏​បាន​និយាយ​ដែរ​ថា ​ខ្លួន ​បាន​កាត់​ផ្តាច់​ការ​ទាក់​ទង​ខាង​យោធា​ទាំងអស់​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​សេអ៊ូល​រួម​មាន​ខ្សែ​ទូរស័ព្ទ​ឆ្លង​កាត់​ព្រំ​ដែន​នៅ​ភូមិ​យុទ្ធ​សន្តិភាព Panmunjom ផង។

លោក Moon Sang Gyun អ្នក​នាំ​ពាក្យ​ក្រសួងការពារ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​និយាយ​ថា៖

«យោធា​របស់​យើង ​បាន​ប្រុងប្រៀប​ខ្លួន​ជាស្រេច​ដើម្បី​ដោះស្រាយ​ស្ថានភាព​នៅ​តំបន់​ឧស្សាហកម្ម Kaesong នៅ​ពេល​នេះ ​ដោយ​ការ​យក​ជីវិត ​និង​សុវត្ថិភាព​របស់​ពលរដ្ឋ​ជា​អាទិភាព‍»។

កូរ៉េ​ខាង​ត្បូង​និយាយ​ថា ​ខ្លួន​នឹង​ផ្អាក​កិច្ច​ប្រតិបត្តិការ​នៅ​ឯ​ឧទ្យាន Kaesong ដើម្បី​រារាំង​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​កុំ​ឲ្យ​ប្រើ​ប្រាស់​ប្រាក់​ចំណូល​ពី​ឧទ្យាន​ឧស្សាហកម្ម​នេះ​ដើម្បី​ផ្តល់​ថវិកា​ដល់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ និង​កាំជ្រួច​មីស៊ីល។​ កូរ៉េ​ខាង​ជើង ​បាន​បាញ់​បង្ហោះ​កាំជ្រួច​វង់​ប្រតិបត្តិការ​វែង​កាល​ពី​ថ្ងៃ​អាទិត្យ​ ហើយ​បាន​ដាក់​អ្វី​ដែល​កូរ៉េ​ខាង​ជើង​ពណ៌នា​ថា​ជា ​ផ្កាយ​រណប​ពិនិត្យមើល​ផែនដី​ចូល​ក្នុង​គន្លង​ផែនដី ​ទើប​តែ​ប៉ុន្មាន​សប្តាហ៍​បន្ទាប់​ពី​ធ្វើ​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​លើក​ទី​៤​របស់​ខ្លួន៕