សេវាស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូងបាននិយាយប្រាប់ក្រុមសមាជិកសភាកាលពីថ្ងៃព្រហស្បតិ៍ថាកូរ៉េខាងជើងកំពុងប្រុងប្រៀបបង្ហាញអាវុធថ្មីៗ ដូចជាការសាកល្បងបាញ់មីស៊ីលមានចម្ងាយឆ្ងាយនិងការបង្ហោះផ្កាយរណបចារកម្មមួយគ្រឿង នៅពេលប្រទេសនេះបង្កើនសកម្មភាពខុសច្បាប់សម្រាប់គាំទ្រសេដ្ឋកិច្ចខ្លួនដែលមិនមាំទាំ។នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
ការពិបាកខាងសេដ្ឋកិច្ចនិងកង្វះស្បៀងអាហារមានភាពធ្ងន់ធ្ងរជាងមុន ជាលទ្ធផលនៃការរាតត្បាតជំងឺកូវីដ១៩ និងការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ តែប្រទេសនេះនៅតែធ្វើការសាកល្បងមីស៊ីលមួយចំនួនតាំងពីឆ្នាំទៅ នៅពេលមានការសង្ស័យថាកម្មវិធីអាវុធកូរ៉េខាងជើងបានទទួលប្រាក់ពីសកម្មភាពអ៊ីនធឺណិតខុសច្បាប់និងការដឹកជញ្ជូនទៅលក់នៅឯប្រទេសក្រៅនូវទំនិញត្រូវហាមប្រាម។
បើតាមលោក Yoo Sang-bum ដែលជាសមាជិកម្នាក់ក្នុងចំណោមសមាជិកសភាដែលបានចូលរួមក្នុងការផ្តល់ព័ត៌មានសង្ខេបនេះថា សេវាស៊ើបការណ៍សម្ងាត់ជាតិបានថ្លែងប្រាប់ក្រុមសមាជិកសភានៅក្នុងការប្រជុំបិទទ្វារមួយថា សេដ្ឋកិច្ចកូរ៉េខាងជើងបានចុះថមថយរៀងរាល់ឆ្នាំ ពីឆ្នាំ ២០២០ ដល់ ២០២២ ហើយផលិតផលសរុបក្នុងស្រុកកាលពីឆ្នាំទៅ មាន ១២% តិចជាងកាលពីឆ្នាំ ២០១៦។
ក្រុមអ្នកជំនាញនៅក្រៅប្រទេសមានជំនឿថា កង្វះស្បៀងអាហារនិងវិបត្តិសេដ្ឋកិច្ចបច្ចុប្បន្ននៅកូរ៉េខាងជើងមានស្ថានភាពអាក្រក់បំផុត តាំងពីលោក Kim Jong Un ឡើងកាន់អំណាចកាលពីចុងឆ្នាំ ២០១១។ តែពួកគេនិយាយថា គ្មានសញ្ញានៃគ្រោះទុរ្ភិក្ស ឬចលាចលសាធារណៈធំណាមួយ ដែលអាចគំរាមកំហែងដល់ការក្តាប់អំណាចរបស់លោក Kim លើប្រជារាស្ត្រ ២៦ លាននាក់របស់លោកទេ។
បើតាមក្រុមតាមឃ្លាំមើលស្ថានភាពក្នុងកូរ៉េខាងជើង បញ្ហាស្បៀងអាហារមានភាពធ្ងន់ធ្ងរជាងមុនដោយសារការប៉ុនប៉ងរបស់រដ្ឋាភិបាលក្នុងការរឹតត្បិតលើសកម្មភាពទីផ្សារ ការចុះថយនៃប្រាក់ចំណូលផ្ទាល់ខ្លួន និងការរឹតត្បិតទាក់ទិននឹងការរាតត្បាតកូវីដដែលបានកាត់បន្ថយពាណិជ្ជកម្មបរទេស៕