សកម្មជន​សិទ្ធិមនុស្ស​កូរ៉េខាងជើង​ពិចារណា​អំពី​ជម្រើស​នានា​បន្ទាប់​ពី​កិច្ចព្រមព្រៀងនុយក្លេអ៊ែរ​

រូបភាពឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ត្រាំ និង​មេដឹក​នាំ កូរ៉េខាងជើង ​Kim Jong Un លេចលើ​កញ្ចក់ទូរទស្សន៍​ក្នុង​ស្ថានីយ៍​រថភ្លើង​សេអ៊ូល​ ប្រទេស​កូរ៉េ​ខាងត្បូង។

ពួក​សកម្មជន​សិទ្ធិមនុស្ស​កំពុង​ពិចារណា​រិះរក​វិធីសាស្រ្ត​មាន​ប្រសិទ្ធិ​ថ្មីៗ​ដើម្បី​ធ្វើ​កំណែ​ទម្រង់​របប​គ្រប់គ្រង​ឃោឃៅ​របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​មេដឹកនាំ Kim Jong Un ​នៅ​ស្រប​ពេល​ដែល​ការ​ចរចា​អំពី​ការ​ធ្វើ​មិន​ឲ្យ​មាន​នុយក្លេអ៊ែរ​នៅ​បន្ត​ធ្វើ​ឡើង​ដើម្បី​បញ្ចប់​ភាពឯកកោ​ខាង​វិស័យ​សេដ្ឋកិច្ច​និង​វិស័យ​ការទូត​របស់​ប្រទេស​មួយ​នេះ។

ក្រុម​សកកម្មជន​សិទ្ធិមនុស្ស​មាន​សង្ឃឹម​ឡើងវិញ​ថា​លោកប្រធានាធិបតី Donald Trump ​នឹង​តតាំង​ជាមួយ​នឹង​មេដឹកនាំ Kim Jong Un នៅ​ឯ​ជំនួប​កំពូល​ដែល​ត្រូវ​បាន​រំពឹង​ថា​នឹង​កើតឡើង​ក្នុង​ប្រទេសសិង្ហបុរី​នៅក្នុង​ខែមិថុនា​ខាងមុខ​នេះ​ស្តី​អំពី​ភាពឃោរឃៅ​នៅក្នុង​ប្រទេស​កូរ៉េខាងជើង​ រួមទាំង​បណ្តាញ​នៃ​ជំរំ​គុក​នយោបាយ និង​ការរំលោភបំពាន​របស់​រដ្ឋាភិបាល​ដែល​រីករាល​នៅ​ទូទាំង​ប្រទេស​នេះ។

លោក Benedict Rogers មក​ពី​អង្គការ Christian Solidarity Worldwide ដែល​ជា​អង្គការ​ផ្តោត​លើ​សេរីភាពសាសនា​ បាន​ជំរុញ​ឲ្យ​លោកប្រធានាធិបតី Trump យក​គំរូ​តាម​លោក​អតីត​ប្រធានាធិបតី Ronald Reagan ដែល​លោក​បាន​អំពាវនាវ​ឲ្យ​មេដឹកនាំ​សហភាព​សូវៀត​បំបែក​ជញ្ជាំង​ទីក្រុង​ប៊ែរឡាំង​ដែល​បែងចែក​អាល្លឺម៉ង់​ខាងលិច​ដែល​ប្រកាន់​របប​ប្រជាធិបតេយ្យ​ និង​អាល្លឺម៉ង់​ខាងកើត​ប្រកាន់​របប​កុម្មុយនីស្ត។

លោក Rogersបាន​ថ្លែង​នៅ​ឯ​សន្និសីទ​ក្នុង​ទីក្រុង​សេអ៊ូល​ប្រទេសកូរ៉េ​ខាងត្បូង​ស្តី​ពី​ស្ថានភាព​សិទ្ធិមនុស្ស​ក្នុង​ប្រទេសកូរ៉េ​ខាងជើង​ថា«សារ​របស់​លោក Trump គួរ​តែ​ថា លោក Kim ប្រសិន​បើ​លោក​ចង់​ស្វែង​រក​សន្តិភាព​នោះ​ សូម​ដើរ​មក​កាន់​របង​ជំរំ​គុក និង​បើក​ជំរំ​គុក​នេះ​ឡើង​ ទម្លាយ​ជញ្ជាំង​គុក​នេះ​ទៅ»។

គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា​តើ​បញ្ហា​សិទ្ធិមនុស្ស​នឹង​ស្ថិត​ក្នុង​របៀបវារៈ​នៃ​ជំនួប​កំពូល​រវាង​សហរដ្ឋអាមេរិក​ និង​កូរ៉េ​ខាងជើង​ស្តី​ពី​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​ដែរ​ឬ

​យ៉ាងណា​នោះ​ទេ។ ប្រសិន​បើ​មាន​នោះ​ ជំនួប​រវាង​លោក​រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋអាមេរិក Mike Pompeo និង​មន្រ្តី​កំពូល​កូរ៉េ​ខាងជើង​លោក Kim Yong Cholនៅក្នុង​ទីក្រុង​ញ៉ូវយ៉ក​ក្នុងសប្តាហ៍​នេះ​ដើម្បី​ដោះស្រាយ​គម្លាត​នៃ​ការ​ទាមទារ​របស់​សហរដ្ឋអាមេរិក​នោះ​ នឹង​ជួយ​បន្ធូរបន្ធយ​ទណ្ឌកម្ម​នៅ​មុន​ការ​ប្រជុំ​មក​ដល់។

លោក Brad Adams នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​ថា«មិន​ថា​មាន​លទ្ធផល​យ៉ាងណា​ពី​កិច្ចចរចា​នុយក្លេអ៊ែរ​នេះ​ ទណ្ឌកម្ម​ផ្នែក​សិទ្ធិមនុស្ស​គួរ​តែ​ដាក់​នៅ​ដដែល រហូត​ទាល់​តែ​កូរ៉េ​ខាងជើង​ផ្លាស់ប្តូរ​ការប្រព្រតឹ្ត​ទៅ​លើ​ប្រជាពលរដ្ឋ​របស់​ខ្លួន»៕