ឆ្នាំក្រោយគឺជាពេលវេលាដ៏ល្អបំផុតសម្រាប់ប្រទេសកូរ៉េខាងជើងក្នុងការបង្កើនកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដោយសារតែមានការផ្លាស់ប្ដូរការដឹកនាំនៅក្នុងសហរដ្ឋអាមេរិក និងនៅក្នុងប្រទេសកូរ៉េខាងត្បូង។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីកូរ៉េខាងជើងជាន់ខ្ពស់មួយរូបដែលបានរត់គេចទៅកាន់ប្រទេសកូរ៉េខាងត្បូងនាពេលថ្មីៗនេះ។
លោក Thae Yong-ho ដែលធ្លាប់ជាមន្ត្រីការទូតជាន់ខ្ពស់ទីពីររបស់កូរ៉េខាងជើងប្រចាំទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បាននិយាយថា៖ «ដោយសារតែកូរ៉េខាងត្បូងនឹងធ្វើការបោះឆ្នោតប្រធានាធិបតី និងសហរដ្ឋអាមេរិកកំពុងឈានដល់ការផ្លាស់ប្ដូរថ្នាក់ដឹកនាំ កូរ៉េខាងជើងសម្លឹងឃើញថា ឆ្នាំ ២០១៧ ជាឆ្នាំដ៏ល្អបំផុតសម្រាប់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ»។
លោក Thae បានរត់គេចចូលប្រទេសកូរ៉េខាងត្បូងកាលពីខែសីហាកន្លងទៅនេះ ដែលធ្វើឲ្យលោកក្លាយជាមន្ត្រីកូរ៉េខាងត្បូងជាន់ខ្ពស់បំផុតមួយរូប ដែលបានរត់គេចចូលប្រទេសកូរ៉េខាងត្បូងនៅក្នុងរយៈពេលជិត ២០ ឆ្នាំចុងក្រោយនេះ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានកូរ៉េខាងត្បូងនៅឯសន្និសីទមួយកន្លែងកាលពីថ្ងៃអង្គារម្សិលមិញ លោក Thae បានបញ្ជក់យ៉ាងច្បាស់ថា លោកមិនបានដឹងអំពីស្ថានភាពកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងនោះទេ ប៉ុន្តែលោកនិយាយថា លោក Kim Jung Un មេដឹកនាំកូរ៉េខាងជើង គ្មានគម្រោងក្នុងការលះបង់នូវអាវុធនុយក្លេអ៊ែររបស់ខ្លួននោះទេ ទោះបីជាមានគេផ្ដល់ថវិកាច្រើនឲ្យក៏ដោយ។
លោកបញ្ជាក់បន្ថែមទៀតថា លោក Kim Jung Un កំពុងបង្កើនកម្មវិធីផលិតអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ក្នុងគោលបំណងធ្វើយ៉ាងណាឲ្យមានអាវុធនុយក្លេអ៊ែរនៅត្រឹមចុងឆ្នាំក្រោយ៕