កូរ៉េ​ខាង​ជើង​បាញ់​កាំជ្រួច​បាល្លីស្ទិក​វង់​ប្រតិបត្តិការ​ខ្លី២គ្រាប់​នៅ​ពេល​ព្រឹក​ព្រលឹម​

ព័ត៌មាន​អំពី​ការ​បាញ់​មីស៊ីល​របស់​កូរ៉េខាងជើង​ត្រូវ​បាន​ផ្សាយ​​​តាម​កញ្ចក់​ទូរទស្សន៍​​នៅ​ស្ថានីយ​រថភ្លើង​មួយ​កន្លែង​នៅ​ទី​ក្រុង​សេអ៊ូល​ប្រទេស​កូរ៉េខាងត្បូង កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០២៣។

កូរ៉េ​ខាង​ជើង​បាន​បាញ់កាំជ្រួច​បាល្លីស្ទិក​វង់​ប្រតិបត្តិ​ខ្លី២គ្រាប់​នៅ​ព្រឹក​ព្រលឹមថ្ងៃ​ពុធ​នេះ​នៅ​ក្នុង​អ្វី​ដែល​ពួក​អ្នក​វិភាគ​ខ្លះ​នៅ​ក្នុង​ទីក្រុង​សេអ៊ូល​បាន​និយាយ​ថា ​អាច​ជា​ការ​គំរាមកំហែងលាក់មុខប្រឆាំង​នឹង​នាវា​មុជ​ទឹក​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក​ដែល​បាន​ចត​នៅ​ក្នុង​ទីក្រុង​កំពង់ផែ​របស់​កូរ៉េ​ខាង​ត្បូង​កាលពី​ប៉ុន្មាន​ម៉ោង​មុន​នោះ។

កាំជ្រួច​បាល្លីស្ទិក​វង់​ប្រតិបត្តិ​ខ្លី២គ្រាប់​បាន​បាញ់​ចេញពី​តំបន់ Sunan នៅ​ជិត​រដ្ឋធានី​ព្យុងយ៉ាង​បាន​ត្រូវ​គេ​តាមដាន​ឃើញ​នៅ​ចន្លោះ​ម៉ោង៣:៣០និង៣:៤៦ព្រឹក។ នេះ​បើ​តាម​ការិយាល័យ​នាយ​អគ្គសេនាធិការ​កងទ័ព​រួម​របស់​កូរ៉េ​ខាង​ត្បូង។

ការិយាល័យ​នេះបាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​កាំជ្រួច​មីស៊ីល​ទាំង​នេះ​បាន​ហោះ​ចម្ងាយ​ប្រហែល៥៥០គីឡូម៉ែត្រ​មុន​ពេល​ផ្ទុះ​ធ្លាក់​ចូល​ក្នុង​ផ្ទៃ​ទឹក​នៅ​ផ្នែក​ខាង​កើត​ឧបទ្វីប​កូរ៉េ។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ជប៉ុន​លោក Yasukazu Hamadaបាន​ដាក់​ចម្ងាយ​កាំជ្រួច​មីស៊ីល​ដែល​តាមដាន​ឃើញ​នោះ​មាន​ចម្ងាយ​រហូត​ដល់៦០០គីឡូម៉ែត្រ​ដោយ​មាន​រយៈកម្ពស់៥០គីឡូម៉ែត្រ​ដោយ​លោក​និយាយ​ថា​កាំជ្រួច​មីស៊ីល​នេះ​អាច​មាន​លទ្ធភាព​ហោះ​ក្នុង​គន្លង​ខុស​ពីធម្មតា។

លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន​បាន​និយាយ​ថា​ការ​បាញ់​បង្ហោះ​នេះ​ជា​ការ​មិន​អាច​ទទួល​យក​បាន​ ដោយ​លោក​បាន​បន្ថែម​ទៀត​ថា​ក្រសួង​ការបរទេស​របស់​ជប៉ុន​បាន​ដាក់​ពាក្យ​តវ៉ា​ប្រឆាំង។

នៅ​ក្នុង​ហេតុការណ៍​មួយ​ទៀត​ ទាហាន​អាមេរិកាំង​ម្នាក់​ដែល​ប្រឈម​ចំណាត់ការ​វិន័យ​យោធា​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​គេ​ជឿ​ថា​បាន​ស្ថិត​នៅ​ក្នុង​ការ​ឃុំឃាំង​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​បន្ទាប់ពី​ឆ្លង​កាត់​ព្រំដែន​ដោយ​ខុស​ច្បាប់​ដែល​បាន​បែងចែក​កូរ៉េ​ទាំង២​នៅ​ឯ​តំបន់​សន្តិសុខ​រួម​ក្នុង​ភូមិ Panmunjom​ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ។

រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austinបាន​ប្រាប់​សន្និសីទ​កាសែត​មួយ​កាល​ពី​ថ្ងៃ​អង្គារ​ថា«អ្វី​ដែល​យើង​បាន​ដឹង​ពិត​ប្រាកដ​គឺ​ថា​សមាជិក​កងទ័ព​របស់​យើង​ដែល​បាន​ធ្វើ​ដំណើរ​ដោយ​មាន​ចេតនា​និង​គ្មាន​ការអនុញ្ញាត​បាន​ឆ្លងកាត់​ខ្សែ​បន្ទាត់​ព្រំដែន​យោធា​ឬ MDL។ យើង​ជឿ​ថា​លោក​បាន​ស្ថិត​នៅ​ក្នុង​ការឃុំឃាំង​នៅ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​កូរ៉េ»។

ទាហាន​រូប​នោះ​ដែល​ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​ថា​ជាពល​ឯក Travis T. King បាន​ស្ថិត​នៅ​ក្នុង​មជ្ឈមណ្ឌល​ឃុំឃាំង​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​អស់​រយៈពេល​ប្រ ហែល១ ​ខែ​កន្លះ​ដើម្បី​ទទួល​វិធានការ​វិន័យ។ នេះ​បើ​តាម​មន្ត្រី​សហរដ្ឋ​អាមេរិក​ម្នាក់​ដែល​បាន​ប្រាប់ VOA។ មន្ត្រី​រូប​នោះ​បាន​បន្ថែម​ទៀត​ថា​ទាហាន​រូប​នោះ​បាន​ត្រូវ​គេ​យក​ទៅកាន់​ចំណត​អាកាសយានដ្ឋាន​ដើម្បី​វិលត្រឡប់​ទៅកាន់​សហរដ្ឋ​អាមេរិក​វិញ ក៏​ប៉ុន្តែ​មិន​បាន​ឡើង​ជិះយន្តហោះ​ទេ។ ទីភ្នាក់ងារ​សារព័ត៌មាន Associated Press និង AFP រាយការណ៍​ថា​ លោកKing កាល​ពីពេល​ថ្មីៗនេះ​ត្រូវ​បាន​គេ​ដោះលែង​ចេញពី​គុក​កូរ៉េ​ខាង​ត្បូង​បន្ទាប់​ពី​ជាប់​គុក​លើ​បទចោទប្រកាន់​ការ​វាយ​តប់​មក៕