កូរ៉េ​ខាងជើង បាញ់​សាកល្បង​មីស៊ីល​ពីរ​គ្រាប់

រូបឯកសារ៖ នៅក្នុង​រូបភាព​ដែល​ថត​ចេញ​ពី​ទូរទស្សន៍​កូរ៉េ​ខាងជើង KCTV បង្ហាញ​អំពី​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក គីម ជុងអ៊ុន ឈរមើល​ការបាញ់​មីស៊ីល​នៅ​ទីតាំង​ដែល​គេ​មិន​ស្គាល់​មួយ​នៃ​ប្រទេស​កូរ៉េ​ខាងជើង កាលពី​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩។

ប្រទេស​កូរ៉េ​ខាងជើង​បាន​ធ្វើការ​សាកល្បង​គ្រាប់​ផ្លោង​មីស៊ីល​រយៈ​ចម្ងាយ​ខ្លី​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។

កូរ៉េ​ខាងជើង​បាន​បាញ់​គ្រាប់​ផ្លោង​មីស៊ីល​ពីរ​គ្រាប់​ធ្លាក់​នៅ​ខាង​ក្រៅ​ដែន​ទឹក​ប្រទេស​ជប៉ុន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Yoshihide Suga។

ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាងត្បូង​បាន​បញ្ជាក់​ថា មីស៊ីល​ទាំង​ពីរ​គ្រាប់​នេះ​ត្រូវ​បាន​បាញ់​ចេញ​ពី​ខេត្ត South Hamgyong និង​ហោះ​បាន​ចម្ងាយ ៤៥០ គីឡូម៉ែត្រ ក្នុង​រយៈ​កម្ពស់ ៦០ គីឡូម៉ែត្រ។

លោក​អនុសេនីយ៍​ឯក Mike Kafka មន្ត្រី​កិច្ចការ​សាធារណៈ​នៃ​ទីបញ្ជាការ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​របស់​សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា មន្ត្រី​សហរដ្ឋ​អាមេរិក​បាន​ដឹង​អំពី​ការ​បាញ់​សាកល្បង​នេះ ហើយ​បាន​ឃ្លាំមើល​ស្ថានការណ៍​នេះ។

សេចក្តី​ថ្លែងការណ៍​នោះ​បាន​បញ្ជាក់​ថា៖ «សកម្មភាព​នេះ​បង្ហាញ​អំពី​ការ​គំរាមកំហែង​ដែល​បង្ក​ឡើង​ដោយ​កម្មវិធី​អាវុធ​ខុស​ច្បាប់​របស់​កូរ៉េ​ខាងជើង​ចំពោះ​ប្រទេស​ជិត​ខាង​និង​សហគមន៍​អន្តរជាតិ។ ការ​តាំងចិត្ត​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង​និង​ជប៉ុន​នៅតែ​រឹងមាំ​ដដែល»។

នេះ​គឺជា​ការ​សាកល្បង​គ្រាប់ផ្លោង​មីស៊ីល​លើក​ដំបូង​របស់​កូរ៉េ​ខាង​ជើង​ក្នុង​រយៈពេល​ប្រហែល​មួយ​ឆ្នាំ​ចុងក្រោយ​នេះ បើ​ទោះបីជា​ប្រទេស​នេះ​បាន​បាញ់​គ្រាប់​មីស៊ីល​តូចៗ​ជាង​នេះ​កាលពី​ពេល​ថ្មីៗ​នេះ​ក៏ដោយ។

ការ​បាញ់​សាកល្បង​របស់​កូរ៉េ​ខាងជើង​លើក​នេះ​បាន​ធ្វើ​ឡើង នៅ​ស្រប​ពេល​ដែល​រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នៃ​ការ​ពិនិត្យ​ឡើង​វិញ​នូវ​គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ប្រទេស​កូរ៉េ​ខាងជើង៕