ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេបញ្ជាការ​អាមេរិក៖ គ្មាន​សញ្ញា​ដែល​ថា​កូរ៉េ​ខាងជើង​ត្រៀម​សាកល្បង​អាវុធ មុន​ពេល​លោក Biden ស្បថ​ចូល​កាន់​តំណែង​ទេ


រូបឯកសារ៖ រូបថត​ផ្ដល់​ឲ្យ​ដោយ​រដ្ឋាភិបាល​កូរ៉េខាងជើង​​កាល​ពី​ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ បង្ហាញ​ពី​ការ​ធ្វើ​តេស្ត​សព្វាវុធ​យោធា​​នៅ​កូរ៉េខាងជើង។
រូបឯកសារ៖ រូបថត​ផ្ដល់​ឲ្យ​ដោយ​រដ្ឋាភិបាល​កូរ៉េខាងជើង​​កាល​ពី​ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ បង្ហាញ​ពី​ការ​ធ្វើ​តេស្ត​សព្វាវុធ​យោធា​​នៅ​កូរ៉េខាងជើង។

ប្រទេស​កូរ៉េ​ខាងជើង​ទំនងជា​មិន​ត្រៀម​បង្ក​ហេតុ​ទ្រង់ទ្រាយ​ធំ​ណា​មួយ​នោះ​ទេ នៅ​ពេល​ចាប់ផ្ដើម​រដ្ឋាភិបាល​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ក្រោម​ការ​គ្រប់គ្រង់​របស់​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត Joe Biden។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ឧត្តមសេនីយ៍​កំពូល​មួយ​រូប​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង។ ការ​លើក​ឡើង​ដូច​នេះ​បាន​ធ្វើ​ឡើង ស្រប​ពេល​ដែល​មាន​ការ​ព្រួយ​បារម្ភ​ថា រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​អាច​នឹង​ធ្វើ​ការ​សាកល្បង​ម៉ីស៊ីល​ឬ​អាវុធ​ផ្សេងៗ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

លោក​ឧត្តមសេនីយ៍ Robert Abrams មេបញ្ជាការ​កងទ័ព​សហរដ្ឋ​អាមេរិក​ប្រចាំ​ឧបទ្វីប​កូរ៉េ បាន​ថ្លែង​នៅ​ក្នុង​វេទិកា​អនឡាញ​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា៖ «យើង​មិន​ឃើញ​មាន​សញ្ញា​ណា​មួយ​បង្ហាញ​ថា នឹង​មាន​ការ​បង្ក​ហេតុ​ទ្រង់ទ្រាយ​ធំ [ពី​ប្រទេស​កូរ៉េ​ខាងជើង] ឡើយ ប៉ុន្តែ​នេះ​ជា​ស្ថានភាព​ថ្ងៃ​នេះ។ ជាក់ស្ដែង ស្ថានភាព​នេះ​អាច​ប្រែប្រួល​នៅ​សប្ដាហ៍​ក្រោយ»។

ប្រទេស​កូរ៉េ​ខាងជើង​តែងតែ​កំណត់​ពេល​សាកល្បង​គ្រាប់​ផ្លោង​មីស៊ីល អាវុធ​នុយក្លេអ៊ែរ ឬ​អាវុធ​ផ្សេងៗ នៅ​ក្នុង​អំឡុង​ពេល​មាន​ការ​ផ្ទេរ​តំណែង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។ ការ​សាកល្បង​នេះ​គឺជា​កិច្ច​ប្រឹងប្រែង​ដើម្បី​បង្ហាញ​អំពី​សមត្ថភាព​យោធា​របស់​ខ្លួន និង​ដើម្បី​អាច​មាន​ប្រៀប​នៅ​ក្នុង​ការ​ចរចា​នៅ​ពេល​អនាគត​ណា​មួយ​ជាមួយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។

ប៉ុន្តែ​កន្លង​មក ប្រទេស​កូរ៉េ​ខាងជើង​បាន​រក្សា​ភាព​ស្ងប់ស្ងាត់ ចាប់​តំាងពី​លោក Biden ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​មក។ ផ្ទុយ​ទៅ​វិញ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​ផ្ដោត​ទៅលើ​សេដ្ឋកិច្ច​របស់​ខ្លួន ដែល​ត្រូវ​បាន​ញាំញី​ដោយ​ការ​បិទ​ព្រំដែន​ដើម្បី​ទប់ទល់​នឹង​ជំងឺ​កូវីដ១៩ ទណ្ឌកម្ម​អន្តរជាតិ និង​គ្រោះ​ទឹក​ជំនន់​ធ្ងន់ធ្ងរ​ក្នុង​ពេល​ថ្មីៗ​នេះ៕

XS
SM
MD
LG