កូរ៉េ​ខាង​ជើង​បាញ់​គ្រាប់​ផ្លោង​ធ្លាក់​ជិត​ព្រំដែន​សមុទ្រ​ជាប់​កូរ៉េ​ខាង​ត្បូង

រូបឯកសារ៖ ប្រជាជន​កូរ៉េខាងត្បូង​ដើរ​កាត់​ផ្ទាំង​កញ្ចក់​មួយ​ដែល​ចុះ​ផ្សាយ​ព័ត៌មាន​អំពី​ការ​ធ្វើ​តេស្ត​គ្រាប់​មីស៊ីល​របស់​កូរ៉េខាងជើង នៅ​ស្ថានីយ៍​រថភ្លើង​មួយ​កន្លែង​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង ថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២២។

ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​បញ្ជាក់​ថា ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បាញ់​គ្រាប់​ផ្លោង​កាំភ្លើង​ធំ​ជា​ច្រើន​គ្រាប់​ដែល​ធ្លាក់​នៅ​ជិត​ព្រំដែន​សមុទ្រ​រវាង​ប្រទេស​ទាំង​ពីរ​កាលពី​ល្ងាច​ថ្ងៃ​អង្គារ គឺ​ក្នុង​ពេល​មួយ​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​កូរ៉េ​ខាង​ត្បូង​បាន​ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​យោធា​ប្រចាំ​ឆ្នាំ​នៅ​ក្នុង​តំបន់។

ក្រុម​នាយ​សេនាធិការ​កងទ័ព​កូរ៉េ​ខាង​ត្បូង​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា កូរ៉េ​ខាង​ជើង​បាន​បាញ់​គ្រាប់​ផ្លោង​ប្រហែល ១០០ គ្រាប់​ចេញ​ពី​មាត់​សមុទ្រ​ខាង​លិច​របស់​ខ្លួន និង​ប្រហែល ១៥០ គ្រាប់​ទៀត​ចេញ​ពី​មាត់​សមុទ្រ​ខាង​កើត​របស់​ខ្លួន។

រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​បាន​លើកឡើង​ថា យោធា​កូរ៉េ​ខាងត្បូង​បាន​ផ្សាយ​សារ​ជា​ច្រើន​ដង​ដោយ​ស្នើ​ឱ្យ​កូរ៉េ​ខាងជើង​បញ្ឈប់​ការ​បាញ់​នេះ។ គេ​មិន​ឃើញ​មាន​សេចក្ដី​រាយការណ៍​ណា​មួយ​ថា​មាន​អំពើ​ហិង្សា​កើតឡើង​រវាង​ប្រទេស​ទាំង​ពីរ​នោះ​ទេ។

កូរ៉េ​ខាង​ត្បូង​ថា គ្រាប់​ផ្លោង​ទាំង​នោះ​មិន​បាន​ធ្លាក់​ចូល​ក្នុង​ដែន​ទឹក​របស់​ខ្លួន​នោះ​ទេ ប៉ុន្តែ​បាន​ធ្លាក់​ចូល​ក្នុង​តំបន់​ទ្រនាប់​ដែន​សមុទ្រ​ដែល​ប្រទេស​កូរ៉េ​ទាំង​ពីរ​បាន​បង្កើត​ឡើង​នៅ​ក្រោម​កិច្ច​ព្រមព្រៀង​អន្តរ​កូរ៉េ​ឆ្នាំ ២០១៨ ដែល​មាន​បំណង​កាត់​បន្ថយ​ជម្លោះ​ដោយ​ផ្ទាល់។

នេះ​គឺ​ជា​លើក​ទី​ពីរ​ហើយ​ដែល​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បាញ់​គ្រាប់​ផ្លោង​ចូល​ក្នុង​តំបន់​ទ្រនាប់​ទាំង​នេះ​តាំង​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​មក ដែល​នៅ​ពេល​នោះ​ប្រទេស​នេះ​បាន​បាញ់​គ្រាប់​ផ្លោង​រាប់​រយ​គ្រាប់​ចូល​ទៅ​ទី​នោះ។

កាលពី​ថ្ងៃ​ចន្ទ យោធា​កូរ៉េ​ខាង​ត្បូង​បាន​ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​រយៈពេល ១២ ថ្ងៃ ដើម្បី​ពង្រឹង​សមត្ថភាព​ប្រតិបត្តិការ​របស់​ខ្លួន​ឱ្យ​បាន​មុត​ស្រួច​ជាង​មុន។ យោធា​កូរ៉េ​ខាង​ត្បូង​បាន​បញ្ជាក់​ថា ទាហាន​សហរដ្ឋ​អាមេរិក​មួយ​ចំនួន​ក៏​កំពុង​ចូលរួម​នៅ​ក្នុង​សមយុទ្ធ​នេះ​ផង​ដែរ៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន Associated