ប្រទេស​កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីល​បន្ថែម​ទៅ​ក្នុង​សមុទ្រ

បុរស​ម្នាក់​មើល​កម្មវិធី​ព័ត៌មាន​របស់​ទូរទស្សន៍​មួយ​ដែល​បង្ហាញ​ពី​វីដេអូ​នៃ​ការ​បាញ់​កាំជ្រួច​របស់​កូរ៉េ​ខាង​ជើង នៅ​ស្ថានីយ​រថភ្លើង​សេអ៊ូល នៅ​ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦។

ប្រទេស​កូរ៉េខាង​ជើង​បាន​បាញ់​កាំជ្រួច​ផ្លោង​វង់​ប្រតិបត្តិ​ខ្លី​២​គ្រាប់​ចូល​ក្នុង​សមុទ្រ ​ដែល​ទំនង​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​បន្ត​ធ្វើ​សមយុទ្ធ​ខាង​យោ​ធា​ដោយ​កូរ៉េខាង​ត្បូង​ និង​សហរដ្ឋ​អាមេរិក។

ក្រុម​មន្រ្តី​ក្នុង​រដ្ឋធានី​សេអ៊ូល​បាន​និយាយ​ថា ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាង​ត្បូង ​បាន​និយាយ​ថា ​កាំជ្រួច​មីស៊ីល​នោះ​បាន​ត្រូវ​គេ​បាញ់​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ចេញពី​ខេត្ត Hwanghae ភាគ​ខាង​ជើង។ កាំជ្រួច​នេះ​បាន​ហោះ​ចម្ងាយ​ប្រហែល​៥០០​គីឡូម៉ែត្រ​ហើយ​បាន​ធ្លាក់​ចូល​ក្នុង​ផ្ទៃ​ទឹក​ទល់​មុខ​ឆ្នេរ​សមុទ្រ​ផ្នែក​ខាង​កើត។

ការ​បាញ់​បែប​នេះ ​មិន​មែន​ជា​រឿង​ធម្មតា​ទេ​នៅពេល​ដែល​ការ​តាន​តឹង​កើន​ឡើង​នៅ​លើ​ឧបទ្វីប​កូរ៉េ​នោះ។ កូរ៉េ​ខាង​ជើង​បាន​ស្អប់​ការ​ធ្វើ​សមយុទ្ធ​ខាង​យោធា​ដ៏​ធំ​រវាង​រដ្ឋាភិបាល​ទីក្រុង​សេអ៊ូល ​និង​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន ​ដោយ​បាន​ហៅ​សមយុទ្ធ​នេះ​ថា ​ជា​ការ​ប្រុងប្រៀប​ដើម្បី​ធ្វើ​ការ​ឈ្លាន​ពាន។

រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង ​ក៏​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដែរ​ថា ​ខ្លួន ​នឹង​កម្ទេច​ទ្រព្យសម្បត្តិ​របស់​កូរ៉េ​ខាង​ត្បូង​ដែល​នៅ​សេសសល់​ដែល​ស្ថិត​នៅ​ទឹក​ដី​របស់ខ្លួន ​ដោយ​និយាយ​សំដៅ​គម្រោង​រួម​គ្នា​២​ដែល​បោះបង់​ចោល​គឺ​មជ្ឈមណ្ឌល​ឧស្សាហកម្ម Kaesong ​ហើយ​និង​កន្លែង​លំហែកាយ​ទេសចរណ៍​នៅ​ភ្នំ​ Kumgang ​ដែល​ទី​កន្លែង​ទាំង​២​នេះ​ស្ថិត​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង។

​គណៈកម្មាធិការ​បង្រួប​បង្រួម​កូរ៉េ​ដោយ​សន្តិភាព​របស់​ប្រទេស​កូរ៉េ​ខាង​ជើង ​ក៏​បាន​និយាយ​ដែរ​ថា ​ខ្លួន​នឹងទុក​ជា​មោឃៈ​នូវ​កិច្ច​ព្រមព្រៀង​ទាំងអស់​ជាមួយ​កូរ៉េ​ខាង​ត្បូង​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ខាង​សេដ្ឋកិច្ច ហើយ​និង​កម្មវិធី​ផ្លាស់​ប្តូរ​គ្នា ​ហើយ​បាន​គំរាម​កំហែង​ចំណាត់​ការ​ខាង​យោធា​ និង​សេដ្ឋ​កិច្ច​ប្រឆាំង​នឹង​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង។​សេចក្តី​ថ្លែងការណ៍​នោះ ​បាន​ធ្វើ​ឡើង​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​ KCNA របស់​កូរ៉េ​ខាង​ជើង។

​ទ្រព្យសម្បត្តិ​របស់​កូរ៉េខាង​ត្បូង ​បាន​បន្សល់​ទុក​នៅ​មជ្ឈមណ្ឌល Kaesong ​មាន​តម្លៃ​៦៦៣​លាន​ដុល្លារ។​ គេ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ថា ​កូរ៉េ​ខាង​ជើង​មាន​ចាត់​ចែង​ទ្រព្យសម្បត្តិ​នោះ​យ៉ាង​ដូចម្តេច​ទេ។

រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​ខឹងសម្បារ​ពី​ការ​ដាក់​ទណ្ឌកម្ម​ដ៏​ខ្លាំង​របស់​អង្គការ​សហប្រជាជាតិ​បន្ទាប់​ពី​ការ​សាកល្បងអាវុធ​នុយក្លេអ៊ែរ ហើយ​និង​ការ​បាញ់​បង្ហោះ​កាំជ្រួច​វង់​ប្រតិបត្តិការ​ឆ្ងាយ​កាល​ពី​ពេល​ថ្មីៗ​នេះ៕