កូរ៉េ​ខាង​ជើង​ធ្វើ​ការ​បាញ់​សាកល្បង​​កាំជ្រួច​លើក​ទី​២​ក្នុង​មួយ​សប្តាហ៍

មនុស្សម្នា​មើល​ទូរទស្សន៍​ដែល​បង្ហាញ​ពី​រូបភាព​នៃ​ការ​បង្ហោះ​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​ នៅ​ស្ថានីយ​រថភ្លើង​សេអ៊ូល ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី៩ ខែមីនា​ ឆ្នាំ២០២០។

កូរ៉េ​ខាង​ជើង​បាន​ធ្វើ​ការ​បាញ់​កាំជ្រួច​ចម្ងាយ​ជិត​ចំនួន​បី​គ្រាប់​ក្នុង​ថ្ងៃ​ចន្ទ​នេះ ដែល​ជាការ​បាញ់​សាក​ល្បង​លើក​ទី​ពីរ​ក្នុង​រយៈ​មួយ​សប្តាហ៍​ បើ​ទោះ​បី​រដ្ឋាភិបាល​ទី​ក្រុង​ព្យុងយ៉ាង​កំពុង​ព្យាយាម​ទប់​ទល់​នឹងការ​រីករាលដាល​កាន់​តែ​ធ្ងន់ធ្ងរ​នៃ​មេរោគ​កូរ៉ូណា Covid-19។

​កូរ៉េខាង​ជើង​បាន​ប្រើយាន​បំពាក់​ដោយ​កាំភ្លើង​បាញ់​កាំជ្រួចផ្លោង​ចម្ងាយ​ជិត​ជា​ច្រើន បាញ់​ចេញ​ពី​ទី​ក្រុង Sondok ភាគ​ខាង​កើត​ប្រទេស​ ក្នុង​ខេត្ត Hamgyong ភាគ​ខាង​ត្បូង នេះ​បើ​តាម​មន្ត្រី​កូរ៉េ​ខាង​ត្បូង។ មន្ត្រី​ទាំង​នោះ​បន្ថែម​ថា កាំជ្រួច​ផ្លោង​ទាំង​នេះ​បាន​ហោះ​ចម្ងាយ​២០០​គីឡូម៉ែត្រ ក្នុង​រយៈ​កម្ពស់​ប្រហែល​៥០​គីឡូម៉ែត្រ។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​ការិយាល័យ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​និយាយ​ថា ការ​ធ្វើ​ការ​សាកល្បង​កាំជ្រួច​នេះ មិន​ជួយ​អ្វី​ដល់​កិច្ចប្រឹងប្រែង​សន្តិភាព​លើ​ឧបទ្វីប​កូរ៉េ​ទេ។ រដ្ឋាភិបាល​ទី​ក្រុង​សេអ៊ូល​ថា​ខ្លួន​នឹង​បន្ត​តាម​ដាន​មើល​ការ​បាញ់​សាក​ល្បងជា​បន្ត។

មន្ត្រី​ជប៉ុន​និយាយ​ថា កាំជ្រួចទាំង​នេះ​ទំនង​ជា​ប្រភេទ​កាំជ្រួច​ ballistic ហើយ​វា​មិន​បាន​ធ្លាក់​ក្នុង​ដែន​សមុទ្រ​ សេដ្ឋកិច្ច​ពិសេស​ផ្តាច់​មុខ ​របស់ជប៉ុន​ទេ។

កូរ៉េ​ខាង​ជើងកំពុង​ការពារ​ខ្លួន​ពី​ការ​រីករាលដាល​នៃ​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី។ ទោះ​បី​មក​ទល់​នឹង​ពេល​នេះ រដ្ឋាភិបាល​ទី​ក្រុង​ព្យុងយ៉ាង​មិន​ទាន់​បាន​រាយការណ៍​ពីករណី​ការ​ឆ្លង​ណា​មួយ​ទេ​នោះ ក៏​មាន​ការ​បារម្ភ​ថា កូរ៉េ​ខាង​ត្បូង​កំពុង​លាក់បាំង​ពី​ការ​ឆ្លង​មេរោគ​ថ្មី​នេះ ដែល​អាច​ក្លាយ​ជា​វិបត្តិ​មនុស្សធម៌​នៅ​ក្នុង​ប្រទេស​កុំម្មុយនិស្ត​មួយ​នេះ។

អ្នក​វិភាគ​ថា បើ​ទោះ​បីប្រព័ន្ធ​សុខាភិបាល​សាធារណៈ​របស់​កូរ៉េ​ខាង​ជើង​មិន​មាន​សមត្ថភាព​គ្រប់គ្រងការ​ការ​ផ្ទុះ​រាលដាល​នៃ​មេរោគ Covid-19 ណា​មួយ​បាន ក៏​មេដឹកនាំ លោក Kim Jung Un ព្យាយាម​បង្ហាញ​នូវ​រូបភាព​នៃ​ភាព​ជឿជាក់​ពី​សមត្ថភាព​លោក​ទៅ​កាន់​ពលរដ្ឋ​កូរ៉េ​ខាង​ជើង​និង​ពិភពលោក​ទាំង​មូល៕