កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសកូរ៉េខាងជើងបានបដិសេធថាខ្លួនមិនបានបញ្ជូនអាវុធទៅលក់ឱ្យប្រទេសរុស្ស៊ីនោះទេ ដោយបានចោទប្រកាន់សហរដ្ឋអាមេរិកថាបានផ្សព្វផ្សាយពាក្យចចាមអារ៉ាមអំពីការលក់អាវុធបែបនេះដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់ខ្លួន។
កាលពីដើមខែនេះ មន្ត្រីសហរដ្ឋអាមេរិកមួយចំនួនបាននិយាយថា ប្រទេសរុស្ស៊ីកំពុងស្ថិតក្នុងដំណាក់កាល «ទិញរ៉ុក្កែតនិងគ្រាប់កាំភ្លើងធំរាប់លានគ្រាប់ពីប្រទេសកូរ៉េខាងជើងសម្រាប់ប្រើប្រាស់នៅក្នុងសមរភូមិនៅប្រទេសអ៊ុយក្រែន»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយតាមទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) របស់ប្រទេសកូរ៉េខាងជើង មន្ត្រីម្នាក់នៃក្រសួងការពារជាតិកូរ៉េខាងជើងបានច្រានចោលការលើកឡើងរបស់សហរដ្ឋអាមេរិកនេះ។
បើយោងតាមទីភ្នាក់ងារព័ត៌មាន KCNA អគ្គនាយករងនៃការិយាល័យឧបករណ៍ទូទៅនៃក្រសួងការពារជាតិកូរ៉េខាងជើង បាននិយាយថា៖ «យើងមិនដែលដឹកជញ្ជូនអាវុធឬក៏គ្រាប់រំសេវទៅឱ្យប្រទេសរុស្ស៊ីកាលពីពេលមុននោះទេ ហើយយើងក៏មិនមានគម្រោងនៅក្នុងការនាំចេញយុទ្ធោបករណ៍ទាំងនេះទៅឱ្យប្រទេសរុស្ស៊ីនោះដែរ»។
អគ្គនាយករងរូបនោះបានបន្ថែមថា៖ «យើងព្រមានសហរដ្ឋអាមេរិកឱ្យបញ្ឈប់ការលើកឡើងដោយគ្មានការពិចារណារបស់ខ្លួនដែលបានចោទប្រកាន់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ហើយសហរដ្ឋអាមេរិកត្រូវបិទមាត់ឱ្យជិត»។
កាលពីដើមខែនេះ មន្ត្រីការទូតរុស្ស៊ីជាន់ខ្ពស់ម្នាក់ក៏បានច្រានចោលការលើកឡើងរបស់សហរដ្ឋអាមេរិកនេះថាមិនពិតផងដែរ។
មន្ត្រីសហរដ្ឋអាមេរិកមិនបានផ្តល់ភ័ស្តុតាងណាមួយអំពីការលើកឡើងរឿងលក់អាវុធរបស់កូរ៉េខាងជើងនេះទេ ហើយក៏មិនបានបញ្ជាក់ថាការលក់អាវុធទាំងនេះធ្លាប់បានធ្វើឡើងរួចហើយឬក៏យ៉ាងណានោះឡើយ។ ប៉ុន្តែ អ្នកវិភាគជាច្រើននៅបស្ចិមប្រទេសបាននិយាយថា ការលក់ដូរអាវុធបែបនេះអាចទៅរួច៕
ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង —