កូរ៉េ​ខាងជើង​អះអាង​ថា​បាន​ធ្វើការ​សាកល្បង​​គ្រាប់បែក​អ៊ីដ្រូហ្សែន​ «បាន​ជោគជ័យ»

មនុស្ស​ដើរ​កាត់​ផ្ទាំង​បង្ហាញ​ព័ត៌មាន​អំពី​រញ្ជួយ​ផែនដី​នៅ​ក្បែរ​រោងចក្រ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ នៅ​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង​ នៅ​ថ្ងៃ​ទី​៦ ខែ​មករា​ ឆ្នាំ​២០១៦។​

ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​ថ្ងៃ​ពុធ​នេះ​បាន​និយាយ​ថា ខ្លួន​បាន​ធ្វើ​ការ​សាកល្បង​គ្រាប់បែក​អ៊ីដ្រូហ្សែន «បាន​ជោគជ័យ​ហើយ»​ ទោះ​បី​ជា​ការ​សាកល្បង​នេះ​បង្ក​ឲ្យមាន​ការ​រិះគន់​យ៉ាង​ខ្លាំង​ក្លា​ពី​ប្រទេស​មហា​អំណាច​នានា​នៅ​លើ​លោក​ក៏ដោយ។

ការ​ប្រកាស​តាម​កញ្ចក់​ទូរទស្សន៍​រដ្ឋ​កូរ៉េ​ខាង​ជើង​ បាន​ហៅ​ការ​សាកល្បង​គ្រាប់​បែក​នោះ​ថា ​ជា​ការ​ការ​ពារ​ខ្លួន​ដើម្បី​ការពារ​អធិបតេយ្យភាព​របស់​ប្រទេស​នោះ។​ ការ​ប្រកាស​នោះ​ក៏​បាន​និយាយ​រិះគន់សហរដ្ឋ​អាមេរិក​យ៉ាង​ច្រើន​ផង​ដែរ។​

ការ​ប្រកាស​សាកល្បង​គ្រាប់បែក​អ៊ីដ្រូហ្សែន​នេះ​ កើត​ឡើង​មិន​ដល់​មួយ​ខែ​ផង​ក្រោយ​ពី​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ លោកKim Jong Un បាន​អះអាង​ថា​ ប្រទេស​របស់​លោក​ផលិត​បាន​គ្រាប់​បែក​អ៊ីដ្រូហ្សែន​មួយ​ហើយ។​គ្រាប់​បែក​អ៊ីដ្រូហ្សែន​នេះ​ មាន​ឥទ្ធិពល​ខ្លាំង​ជាង​គ្រាប់បែក​បរមាណូ​រាប់ពាន់​ដង​ឯណោះ។​

ប្រទេស​កូរ៉េ​ខាង​ជើង​ បាន​ធ្វើការ​សាកល្បង​គ្រាប់បែក​បរមាណូ​បី​លើក​មក​ហើយ​ គឺ​នៅ​ក្នុង​ឆ្នាំ​២០០៦​ម្តង​ និង​ឆ្នាំ​២០០៩​ម្តង ហើយ​ម្តង​ទៀត​នៅ​ឆ្នាំ​២០១៣។

ការ​បាញ់​សាកល្បង​ទាំង​បី​លើក​នោះ កើតឡើង​នៅ​ទី​កន្លែង​មួយ​ឈ្មោះ Punggye-ri ជា​កន្លែង​តែ​មួយ ដែល​ទីភ្នាក់ងារ​ត្រួតពិនិត្យ​ជា​ច្រើន​ បាន​រក​ឃើញ​សកម្មភាព​រញ្ជួយ​ដី​ ដែល​បង្ក​ដោយ​មនុស្ស​ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។​

អ្នកនាំពាក្យ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក លោក Ned Price បាន​និយាយ​ថា សេតវិមាន មិន​អាច​បញ្ជាក់​ថា​តើ​ការ​សាកល្បង​គ្រាប់បែក​អ៊ីដ្រូហ្សែន​នោះ​ ជា​ការពិត​ឬ​អត់​បាន​ទេ​ ប៉ុន្តែ​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ជាប់​ជា​ប្រចាំ​ហើយ​ថា​ ខ្លួន​នឹង​មិន​អាច​ទទួល​ស្គាល់​កូរ៉េ​ខាងជើង​មួយ​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​នោះ​ទេ។

​លោក Ned Price មាន​ប្រសាសន៍​ថា «សហរដ្ឋ​អាមេរិក​នឹង​បន្ត​ការពារ​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​នៅ​ក្នុង​តំបន់​នោះ ដោយ​រួម​ទាំង​សាធារណរដ្ឋ​កូរ៉េ[​ឬ​កូរ៉េ​ខាង​ត្បូង​ផង​ដែរ​ ហើយ​សហរដ្ឋ​អាមេរិក​នឹង​ឆ្លើយ​តប​ឲ្យ​បាន​សមស្រប​ទៅ​នឹង​រាល់​ការ​បង្ក​រឿង​ណាមួយ​របស់​កូរ៉េ​ខាងជើង» ។

សហរដ្ឋ​អាមេរិក​ ចក្រភព​អង់គ្លេស​ និង​ប្រទេស​បារាំង​សុទ្ធ​តែ​បាន​ថ្កោល​ទោស​ការ​រំលោភ​សេចក្តី​សម្រច​នានា​របស់​ក្រុមប្រឹក្សា​សន្តិសុខ​សហប្រជាជាតិ។​ ក្រុមប្រឹក្សា​នេះ​បាន​ដាក់​ទណ្ឌកម្ម​ប្រទេស​កូរ៉េ​ខាងជើង​ ហើយ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​បោះបង់​ចោល​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ជាច្រើន​ដង​មក​ហើយ។

ក្រុម​ប្រឹក្សា​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នេះ គ្រោង​នឹង​បើក​កិច្ច​ប្រជុំ​បន្ទាន់​មួយ​ ដើម្បី​ពិភាក្សា​អំពី​ការ​វិវត្ត​ថ្មី​ចុងក្រោយ​បង្អស់​នេះ​ នៅថ្ងៃ​ពុធ​នេះ​ដែរ។

ប្រទេស​ចិន​ដែល​ជា​សម្ព័ន្ធ​មិត្ត​កូរ៉េ​ខាង​ជើង ហើយ​ក៏​ជា​សមាជិក​អចិន្ត្រៃយ៍​មួយ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​សហប្រជាជាតិ​ដែរ​នោះ​ បាន​និយាយ​ថា ចិន​ក៏​ «ជំទាស់​យ៉ាង​ខ្លាំង» ប្រឆាំង​នឹង​ការ​សាកល្បង​គ្រាប់បែក​អ៊ីដ្រូហ្សែន​នេះ​ ហើយ​ចិន​ក៏​បាន​អំពាវនាវ​ដល់​កូរ៉េ​ខាង​ជើង​ឲ្យ​បញ្ឈប់​សកម្មភាព​នានា​ដែល​ «ធ្វើ​ឲ្យស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​កាន់​តែ​ដុនដាប​ឡើង»។

ការ​សាកល្បង​គ្រាប់បែកអ៊ីដ្រូហ្សែន​នេះ ក៏​ជំរុញ​ឲ្យ​មាន​កិច្ច​ប្រជុំ​អំពី​សន្តិសុខ​ជាតិ​ជា​បន្ទាន់​ នៅក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​និង​ប្រទេស​ជប៉ុន​ផងដែរ។

នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ លោក Shinzo Abe បាន​សន្យា​ថា​នឹង​ធ្វើ​ការ​ឆ្លើយតប​ដ៏​មុតមាំ​មួយ​ នៅ​ឯ​អង្គការ​ចំណែក​ឯ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​គឺ​លោកស្រី Park Geun-hye វិញ ក៏​បាន​ហៅ​ការ​សាកល្បង​គ្រាប់បែកអ៊ីដ្រូហ្សែន​នេះ​ថា​ ជា​«ការ​បង្ក​រឿង​ហេតុ​ដ៏​ធ្ងន់ធ្ងរ» ដែល​គំរាម​កំហែង​អនាគត​នៃ​ប្រទេស​របស់​លោក​ស្រី​ដែរ៕