រដ្ឋាភិបាលកូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះ បានហៅប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ថាជា «មនុស្សវិកលចរិត» ខណៈពេលដែលមានការកើនឡើងនូវភាពតឹងតែង បន្ទាប់ពីការស្លាប់របស់និស្សិតអាមេរិកាំងឈ្មោះ Otto Warmbier ដែលកូរ៉េខាងជើងបានដោះលែងកាលពីសប្ដាហ៍មុន ក្នុងលក្ខណៈភ្លឹកៗ។
សារព័ត៌មាន Rodong Sinmun ដែលជាសារព័ត៌មានផ្លូវការរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានរាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិក កំពុងស្ថិតនៅក្នុង «ស្ថានការណ៍តានតឹង» នៅក្នុងសហរដ្ឋអាមេរិក។ សារព័ត៌មាននេះក៏បានឲ្យដឹងទៀតថា លោក Trump លេងសើចជាមួយនឹងគំនិតនៃការចង់វាយប្រហារបង្ការទុកមុនទៅលើប្រទេសកូរ៉េខាងជើង គឺដើម្បីបង្វែងចំណាប់អារម្មណ៍របស់សាធារណជនពីវិបត្តិនយោបាយនៅក្នុងសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។
ការសាកល្បងគ្រាប់មីស៊ីលជាច្រើនលើកច្រើនសារតាំងពីឆ្នាំមុន បានបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងនៅឧបទ្វីបកូរ៉េ ហើយការស្លាប់របស់និស្សិតអាមេរិកាំងឈ្មោះ Warmbier រឹតតែធ្វើឲ្យទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងព្យុងយ៉ាង និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កាន់តែយ៉ាប់យ៉ឺនជាងមុនទៅទៀត។
លោក Trump រិះគន់របបព្រៃផ្សៃរបស់កូរ៉េខាងជើង និងបាននិយាយថា លោកប្ដេជ្ញានឹងការពារមិនឲ្យសោកនាដកម្មនេះកើតឡើងចំពោះមនុស្សស្លូតត្រង់នៅក្រោមកណ្ដាប់ដៃរបបដែលមិនគោរពនីតិរដ្ឋ ឬក៏តម្លៃមនុស្សជាមូលដ្ឋាននោះទេ។
ការលើកឡើងរបស់លោក Trump ត្រូវបានប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae In គាំទ្រ។ លោក Moon Jae In បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍មួយ មុនលោកមកធ្វើទស្សនកិច្ចនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោននាសប្ដាហ៍ក្រោយ ថា កូរ៉េខាងជើងត្រូវតែទទួលខុសត្រូវចំពោះការស្លាប់របស់និស្សិតអាមេរិកាំងរូបនោះ៕