មេដឹកនាំ​កូរ៉េ​ខាង​ត្បូង​និង​ខាង​ជើង​និយាយ​ថា​គ្មាន​សង្គ្រាម​នៅ​លើ​ឧបទ្វីប​កូរ៉េ​ទៀត​ទេ

មេដឹកនាំ​កូរ៉េ​ខាង​ជើង គីម ជុងអ៊ុន (ឆ្វេង) និងប្រធានាធិបតីកូរ៉េ​ខាង​ត្បូង Moon Jae-in នៅ​ឯ​បន្ទាត់​កំណត់​ព្រំ​ដែន​យោធាដែល​បែង​ចែក​ប្រទេស​ទាំង​ពីរ ក្នុង​ជំនួប​កំពូល​នៅ​ភូមិ​ស គ្មាន​កង​ទ័ព​ Panmunjom កាល​ពី​ថ្ងៃទី​២៧ មេសា ២០១៨។

នៅ​ក្នុង​ចំណាត់​ការ​មួយ​មិន​ធ្លាប់​មាន​ពី​ពេល​មុន​និង​មានលក្ខណៈជា​ប្រវត្តិសាស្ត្រ ​មេដឹកនាំ​នៃ​ប្រទេស​កូរ៉េ​ទាំងពីរ​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តីថ្លែង​ការណ៍​រួម​មួយ​ចែង​ថា​ អស់​លោក​ទាំង​ពីរ​នាក់​ប្តេជ្ញាធ្វើ​កុំ​ឱ្យ​មាន​អាវុធ​បរមាណូ​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ​ និង​ធ្វើ​ឱ្យ​មាន​ការ​បញ្ចប់​សង្គ្រាម​កូរ៉េជា​ផ្លូវ​ការ​ផង​ដែរ។​

មេដឹកនាំ​ទាំង​ពីរ​នេះ​បាន​ឱប​គ្នា​នៅ​ក្រោយ​អស់​លោក​បានចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែង​ការណ៍​រួម​នេះ។​

លោក​ប្រធានាធិបតី​កូរ៉េខាង​ត្បូង Moon Jae-in ​បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​សុក្រ​នេះ​នៅ​ក្នុង​ជំនួប​កំពូល​ជាមួយ​មេដឹកនាំ​កូរ៉េខាង​ជើង​ គីម ជុងអ៊ុន​ ថា​មេដឹកនាំ​ទាំង​ពីរ​នាក់​នេះ​ចាប់​ផ្តើម​ចូល​ក្នុង​«សម័យ​ថ្មី​មួយ​នៃ​សន្តិភាព»។

លោក ​គីម ជុងអ៊ុន​ បាន​និយាយ​ថា​ប្រជារាស្ត្រ​កូរ៉េ​ជា«​ប្រទេសជាតិតែ​មួយ»។

លោក គីម​ និង​លោក ​Moon ​បាន​ធ្វើ​ជំនួប​កំពូល​ជា​ប្រវត្តិសាស្ត្រ​នៅ​ឯ​ភូមិ​យុទ្ធសន្តិភាព Panmunjom ​នៅ​ថ្ងៃ​សុក្រ​នេះ​ហើយ​បាន​ប្រកាស​ថា ​លោក​ Moon នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​កូរ៉េខាង​ជើង​នៅ​ពេល​បន្ទាប់​មក​ទៀត​ក្នុង​ឆ្នាំនេះ។

ប្រធានាធិបតី​នៃ​ប្រទេស​កូរ៉េ​ទាំង​ពីរ​ក៏​បាន​ប្រកាស​ដែរ​អំពី​ការ​ជួបជុំ​មួយ​នៃ​គ្រួសារ​ដែល​បាន​បែក​ខ្ញែក​គ្នា​ដោយ​សារ​សង្គ្រាម​នៅ​ពេល​ក្រោយ​ក្នុង​ឆ្នាំ​នេះ។​

កាល​ពី​ថ្ងៃ​សុក្រ​នេះ​ មន្ត្រី​កូរ៉េខាង​ត្បូង​ម្នាក់​បាន​និយាយ​ថា​ កិច្ច​ចរចា​គ្នា​រវាង​លោក គីម​ និង​លោក​ Moon​ ជា​ការ​ពិភាក្សា​គ្នា​«ដោយ​ហ្មត់​ចត់​និង​ស្មោះ​ត្រង់»។

ប្រទេស​កូរ៉េខាង​ត្បូង​បាន​ដក​ស្រង់​ពាក្យ​សម្តី​លោក​មេដឹកនាំ​នៃ​ប្រទេស​កូរ៉េខាង​ជើង​ដែល​បាន​និយាយ​ថា​«យើង​គួរ​ឱ្យ​តម្លៃ​ដល់​ឱកាស​នេះ​ដើម្បី​ធ្វើ​ឱ្យ​ស្នាម​របួស​រវាង​ប្រទេស​កូរ៉េខាង​ជើង​និង​ប្រទេសកូរ៉េខាងត្បូង​អាច​សះ​ជា​បាន»។

នៅ​ក្នុង​កិច្ច​ចរចា​គ្នា​នេះ​លោក​ គីម ជុងអ៊ុន ​បាន​សម្តែង​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ទស្សនកិច្ច​ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង​និង​វិមាន​ខៀវ​ដែល​ជា​វិមាន​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង។​

មេដឹកនាំ​ទាំង​ពីរ​នាក់​នេះ​បាន​ចាប់​ដៃ​គ្នា​រលាក់​យ៉ាង​កក់​ក្តៅ​នៅ​ខ្សែ​បន្ទាត់​បែង​ចែក​ប្រទេស​ទាំង​ពីរ​នៅ​មុន​អស់​លោក​ចាប់​ផ្តើម​ជំនួប​កំពូល​នេះ៕