កូរ៉េខាងជើង​និង​កូរ៉េ​ខាងត្បូង​បាញ់​គ្នា​នៅ​តំបន់​គ្មាន​យោធា DMZ ប៉ុន្តែ​គ្មាន​អ្នក​ស្លាប់​ទេ

មេដឹកនាំ​កូរ៉េខាងជើង​ លោក គីម ជុងអ៊ុន ចូលរួម​ក្នុង​ពិធី​សម្ពោធ​រោងចក្រ​ផលិត​ជី​មួយ ជាមួយនឹង​​ប្អូនស្រីរបស់​លោក​ នៅ​ប៉ែក​ខាង​ជើង​ទីក្រុង​ព្យុងយ៉ាង។ រូប​ភាព​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​បណ្ដាញ​ព័ត៌មាន​KCNA របស់​កូរ៉េខាងជើង ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០២០។

កូរ៉េខាងជើង​បាន​បាញ់​កាំភ្លើង​ប៉ុន្មាន​គ្រាប់​ទៅ​លើ​ប៉ុស្តិ៍​យាមល្បាត​កូរ៉េខាងត្បូង​នៅ​ក្នុង​តំបន់​ព្រំដែន​ដែល​មាន​ការ​យាមកាម​តឹងរ៉ឹង​ ដែល​បែងចែក​ប្រទេស​ទាំងពីរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​យោធា​រដ្ឋាភិបាល​ក្រុង​សេអ៊ូល នៅ​ថ្ងៃ​អាទិត្យ​នេះ។

ភាគី​កូរ៉េខាងត្បូង​បាន​រាយការណ៍​ថា គ្មាន​អ្នក​ស្លាប់ ឬ​របួស​ទេ ប៉ុន្តែ​ខ្លួន​បាន​បាញ់​តបត​វិញ​ដោយ​មាន​ការ​ផ្សាយ​ព្រមាន​ឆ្លង​ព្រំដែន​ផង​ដែរ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រុម​នាយសេនាធិការ​ចម្រុះ​របស់​កូរ៉េខាងត្បូង។

កូរ៉េខាងត្បូង​មិន​បាន​បញ្ជាក់​ឲ្យ​ច្បាស់លាស់​ពី​ទីតាំង​ជាក់ស្ដែង​នៃ​ប៉ុស្តិ៍​យាមល្បាត​នោះ​ទេ ប៉ុន្តែ​បាន​បញ្ជាក់​ថា ប៉ុស្ដិ៍​ល្បាត​នោះ​ស្ថិត​នៅ​ចំ​កណ្ដាល​ទីតាំង​ជួរមុខ ដែល​ស្ថិត​នៅ​ប៉ែកខាងកើត​នៃ​តំបន់​គ្មាន​យោធា DMZ នៅ​ជិត​ខេត្ត Gangwon ក្នុង​ប្រទេស​កូរ៉េខាងត្បូង។

យោធា​កូរ៉េខាងត្បូង​បាន​ឲ្យ​ដឹង​ថា ខ្លួន​កំពុង​ព្យាយាម​ស្វែងយល់​អំពី​ស្ថានភាព​នេះ និង​បាន​ទប់ស្កាត់កុំ​ឲ្យ​មាន​ភាពតានតឹង​ខ្លាំង​ជាង​នេះ​ទៀត ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ទំនាក់ទំនង​របស់​យោធា​ជាមួយ​នឹង​កូរ៉េខាងជើង ប៉ុន្តែ​មិន​បញ្ជាក់​នោះ​ទេ ថាតើ​កូរ៉េខាងជើង​បាន​ឆ្លើយតប​វិញ​ឬ​យ៉ាង​ណា​នោះ។

គេ​នៅ​មិន​ទាន់ដឹង​ច្បាស់​នៅ​ឡើយ​ទេ​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​បាញ់​កាំភ្លើង​ពី​ភាគី​កូរ៉េខាងជើង​នេះ។ កូរ៉េខាងត្បូង​បាន​ឲ្យ​ដឹង​ថា ការ​បាញ់បោះ​នេះ​បាន​ចាប់​ផ្ដើម​នៅ​ម៉ោង ៧:៤១ នាទី​ព្រឹក ម៉ោង​ក្នុង​ប្រទេស​កូរ៉េខាងត្បូង។ កូរ៉េខាងជើង​នៅ​មិន​ទាន់​ផ្ដល់​អត្ថាធិប្បាយ​អ្វី​ទៅ​លើហេតុការណ៍​នេះ​នៅ​ឡើយ​ទេ។ យោធា​សហរដ្ឋអាមេរិក ដែល​មាន​កងកម្លាំង​ប្រមាណ​ចំនួន​ ២៨.០០០ នាក់ នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង មិន​ទាន់​ឆ្លើយតប​ភ្លាមៗ​ទៅ​នឹង​សំណើ​សុំ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​នោះ​ទេ។

ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មក​នេះ ទាហាន​កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង​បាន​បាញ់បោះ​គ្នា​ទ្រង់ទ្រាយ​តូច​ជាច្រើន​នៅ​ជុំវិញ​តំបន់​គ្មាន​យោធា​នេះ។ ហេតុការណ៍​បាញ់​បោះ​ចុង​ក្រោយ​មួយ​បាន​កើតឡើង​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៧ ដែល​នៅ​ពេល​នោះ ទាហាន​របស់​កូរ៉េខាងជើង​បាន​បាញ់​កាំភ្លើង​រាប់​សិប​គ្រាប់​ទៅ​លើ​ទាហាន​របស់​ខ្លួន​ម្នាក់ ដែល​បាន​រត់​គេច​តាម​ភូមិ Panmunjom នៅ​ព្រំប្រទល់​ចូល​ទៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។

ការ​បាញ់បោះ​គ្នា​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង មួយ​ថ្ងៃ​ក្រោយ​មក​បន្ទាប់​ពី​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បាន​បង្ហាញ​វត្តមាន​ជា​សាធារណៈ​ជា​លើក​ដំបូង​ក្នុង​រយៈពេល ២១ ថ្ងៃ​មក​នេះ ក្នុង​អំឡុងពេល​ដែល​មាន​មន្ទិលសង្ស័យ​អំពី​សុខភាព​របស់​លោក។

លោក គីម ជុងអ៊ុន វ័យ ៣៦ ឆ្នាំ ដែល​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​រោងចក្រ​ផលិត​ជី​មួយ​កន្លែង​នៅ​ប៉ែក​ខាងជើង​ទីក្រុង​ព្យុងយ៉ាង មិន​បាន​បង្ហាញ​រោគសញ្ញា​ណា​មួយ​ថា​លោក​ឈឺ​នោះ​ទេ ទោះបីជា​វត្តមាន​របស់​លោក​នេះ​មិន​បាន​ជួយ​ច្រើន​ក្នុង​ការ​បញ្ឈប់​មន្ទិលសង្ស័យ​អំពី​សុខភាព​របស់​លោក​ក៏​ដោយ។

ពាក្យ​ចចាមអារ៉ាម​អំពី​សុខភាព​របស់​លោក គីម ជុងអ៊ុន បាន​លេច​ឡើង បន្ទាប់ពី​លោក​មិន​បាន​ទៅ​ចូល​រួម​ពិធី​រំឭក​ខួប​នយោបាយ​កូរ៉េខាងជើង​ដ៏​ធំ​មួយ​កាល​ពី​ខែ​មុន។ គេហទំព័រ​ព័ត៌មាន The Daily NK របស់​កូរ៉េខាងត្បូង បាន​រាយការណ៍​ថា លោក គីម ជុងអ៊ុន ទើប​តែ​ជា​សះស្បើយ​ឡើងវិញ បន្ទាប់​ពី​វះកាត់​បេះដូង។ បណ្ដាញ​ព័ត៌មាន​មួយ​ចំនួន​ទៀត​ក្រោយ​មក​បាន​រាយការណ៍​ថា លោក គីម ជុងអ៊ុន កំពុង​ឈឺធ្ងន់ ឬ​បាន​ស្លាប់​បាត់​ហើយ៕