កម្រង​រូបភាព៖ សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ចូល​ទិវង្គត​ក្នុង​ព្រះជន្ម ៧៧ ព្រះវស្សា

រូប​ឯកសារ៖ សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ ក្រោយ​យាង​ចូលរួម​សមាជ​មួយ​របស់​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៥។

រូប​ឯកសារ៖ នៅ​ក្នុង​រូបថត​ឯកសារ​ថត​ថ្ងៃទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៦ នេះ សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ ដែល​ជា​នាយករដ្ឋមន្ត្រី​ទី​១​នៅ​ពេល​នោះ ពិភាក្សា​ជាមួយ​មេដឹកនាំ​ខ្មែរ​ក្រហម​លោក អៀង សារី បន្ទាប់ពី​ព្រះអង្គ​យាង​ទៅ​ដល់​តំបន់​ម៉ាឡៃ ដែល​ជា​តំបន់​ផ្តាច់​ខ្លួន​របស់​ចលនា​ខ្មែរ​ក្រហម​នៅ​ពេល​នោះ។ (AP)

រូប​ឯកសារ៖ សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ និង​លោក ហ៊ុន សែន ដែល​ជា​សហ​នាយករដ្ឋមន្ត្រី​កម្ពុជា ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មិន​គ្រោង​ទុក​មួយ​នៅ​ថ្ងៃ​ទី ២១ ខែ​មិថុនា ឆ្នាំ ១៩៩៧ ដើម្បី​បញ្ជាក់​អំពី​ការ​ចាប់​ខ្លួន​មេដឹកនាំ​ខ្មែរ​ក្រហម​លោក ប៉ុល ពត។

រូប​ឯកសារ៖ សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ អតីត​នាយករដ្ឋមន្ត្រី​ទី​១​ដែល​ទើប​ទម្លាក់​ពី​តំណែង និង​​​លោក សម រង្ស៊ី ដែល​ជា​អ្នក​នយោបាយ​ប្រឆាំង ស្ដាប់​សំណួរ​ដែល​អ្នក​ចូលរួម​សួរ​នៅ​ក្លឹប​អ្នក​កាសែត​ថៃ (Foriegn Correspondants Club of Thailand (FCCT)) ក្នុង​ទីក្រុង​បាងកក កាលពី​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​១៩៩៧។ ព្រះអង្គ​បាន​អំពាវនាវ​ឱ្យ​ស្ថានទូត​បរទេស​នៅ​កម្ពុជា​បិទ​ទ្វារ ក្រោយ​មាន​រដ្ឋប្រហារ​ដក​ព្រះអង្គ​ចេញ​ពី​តំណែង និង​ជំរុញ​ឱ្យ​មាន​ការ​ចរចា​សន្តិភាព​ដើម្បី​ស្តារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ។

អ្នក​គាំទ្រ​ម្នាក់​នៃ​គណបក្ស​នរោត្តម រណឫទ្ធិ របស់​សម្តេច​ក្រុម​ព្រះ ពរ​កូន​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​មួយ​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០០៧។ (Reuters)

រូបឯកសារ៖ ពី​ឆ្វេង​ទៅ​ស្តាំ៖ សម្តេច​មហាក្សត្រិយ៍​នរោត្តម មុនីនាថ​សីហនុ ព្រះបរមរតនកោដ្ឋ ព្រះបាទ​នរោត្តម សីហមុនី និង សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ ក្នុង​ថ្ងៃ​ដំបូង​នៃ​ព្រះរាជពិធី​យាង​គ្រង​រាជ្យ​របស់​ព្រះបាទ​នរោត្តម សីហមុនី​នៅ​ព្រះ​បរមរាជវាំង​កាលពី​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០០៤។ (AP)

រថយន្ត​ដែល​សម្តេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ ធ្វើ​ដំណើរ រង​ការ​ខូចខាត​ខ្ទេចខ្ទី​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ជាមួយ​នឹង​រថយន្ត​មួយ​ផ្សេង​ទៀត នៅ​លើ​ផ្លូវជាតិ​លេខ ៤ កាលពី​ថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០១៨។ គ្រោះថ្នាក់នេះ​បាន​បណ្តាល​ឲ្យ​សម្តេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ រង​របួស​ធ្ងន់ ចំណែក​ឯ​អ្នក​ម្នាង អ៊ុក ផល្លា បាន​ទទួល​អនិច្ចកម្ម ហើយ​យ៉ាង​ហោចណាស់​មនុស្ស​ប្រាំពីរ​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់​និង​ស្រាល។ (រូបថត​ផ្តល់​ឲ្យ​ដោយ​អគ្គនាយកដ្ឋាន​នគរបាល​ជាតិ​តាម​រយៈ AP)

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្វាគមន៍​សម្តេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ នៅ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​សព​របស់​សម្តេច​ព្រះរាម នរោត្តម បុប្ផាទេវី នៅ​វត្ត​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។