ឥឡូវនេះវាកាន់តែពិបាក សម្រាប់ឧក្រិដ្ឋជនសង្រ្គាមក្នុងការគេចចេញពីសំណាញ់ច្បាប់។ យោងតាមសេចក្តីរាយការណ៍របស់លោក Jerrry Young នៃ VOA បានឲ្យដឹងថា ស្ថាប័នប៉ូលីសដែលមានបចេ្ចកវិទ្យាខ្ពស់ និងប្រព័ន្ធច្បាប់អន្តរជាតិ ដែលបានរឹតបន្តឹងជាងមុន កំពុងតែជួយតាមដាន និងផ្តន្ទាទោសជនសង្ស័យពាក់ព័ន្ធនឹងបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
សំណួរទាក់ទិននឹងយុត្តិធម៌កំពុងតែចោទសួរជាបន្តបន្ទាប់នៅក្នុងប្រទេសជាច្រើន។ ការចោទប្រកាន់ទៅលើឧក្រិដ្ឋជនសង្រ្គាម និងការសម្លាប់រង្គាលកំពុងតែត្រូវបានផ្តន្ទាទោសក្នុងបន្ទប់សវនការទាំងឡាយនៅក្នុងទីក្រុងឡាអេ សហរដ្ឋអាមេរិក និងនៅប្រទេសផេ្សងទៀត។
កាលពីថ្ងៃទី៣០ ខែឧសភាកន្លងទៅនេះ អង្គជំនុំជម្រះវិសាមញ្ញអាហ្រ្វិកក្នុងសាលាក្តីនៅប្រទេសសេណេហ្គាល់ ដែលបង្កើតឡើងដោយសហព័ន្ធអាហ្រ្វិក បានកាត់ទោស លោក Hissene Habre អតីតប្រធានាធិបតីប្រទេសឆាត ឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ នេះគឺជាការផ្តន្ទាទោសលើកដំបូងទៅលើអតីតមេដឹកនាំប្រទេស ដោយតុលាការប្រទេសផ្យេងទៀតអំពីបទរំលោភសិទ្ធិមនុស្ស។
ឧត្តមស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Zied Ra'ad al-Hussein បានបញ្ជាក់ថា ការកំណត់សំណុំរឿង គឺផ្អែកទៅលើការផ្តន្ទាទោសរបស់លោក Habre ដោយលោកបានថ្លែងថា៖ «នៅក្នុងពិភពលោកដែលគួរឲ្យភ័យខ្លាច ដែលបណ្តាលមកពីអំពើឃោរឃៅទាំងឡាយ សាលក្រមនេះពិតជាមានន័យចំពោះពិភពលោកទាំងមូល»។
ប៉ុន្តែលោកអតីតប្រធានាធិបតីប្រទេសឆាតរូបនេះអះអាងថា សាលក្រមរបស់ តុលាការអង្គជំនុំជម្រះអាហ្រ្វិកដែលមានមូលដ្ឋាននៅប្រទេសសេណេហ្គាល់ មិនមានសុពលភាពទៀតទេ។ មេធាវីរបស់លោក Habre គឺលោក Francois Serres បានបកស្រាយពីជំហររបស់លោកតាមរយៈប្រព័ន្ធ Skype មកកាន់ VOA ថា៖
«លោក Habreបានទទួលការកាត់ទោសម្តងរួចទៅហើយកាលពីឆ្នាំ២០០០ នៅក្នុងប្រទេសសេណេហ្គាល់។ ដូច្នេះជំហររបស់យើងតាំងពីដើមមកនោះ គឺជាបញ្ហាដែលកើតឡើងម្តងរួចមកហើយ។ លោកHabre មិនអាចទទួលការកាត់ទោសម្តងទៀតបានទេ ដោយសារតែការសម្រេចចិត្តក្នុងរឿងនយោបាយរបស់ប្រធាធិបតីប្រទេស សេណេហ្គាល់ ដែលជាភាគីនៃការសម្រេចរបស់តុលាការកំពូលប្រទេស សេណេហ្គាល់ ថាលោកHabreមិនគួរទទួលការកាត់ទោសម្តងទៀតនោះទេ»។
ការកាត់ទោសលោក Habreមួយផ្នែកត្រូវបានធ្វើឡើងនៅក្នុងប្រទេសសេណេហ្គាល់ ដោយសារតែមេដឹកនាំអាហ្រ្វិកបានជំទាស់ជាយូរមកហើយ ដោយមិនឲ្យមានការកាត់ទោសដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ដែលមានមូលដ្ឋាននៅទីក្រុងឡាអេនោះទេ។ ពួកគេនិយាយថា ICCកាត់ទោសជនជាតិអាហ្រ្វិកដោយអយុត្តិធម៌។
លោក Ralph Steinhardt សាស្រ្តាចារ្យផ្នែកច្បាប់អន្តរជាតិ នៃសកលវិទ្យាល័យ George Washington ថ្លែងថា ខណៈពេលដែលព្រឹទ្ធសភាអាមេរិកមិនទាន់បានផ្តល់សច្ចាប័នលើសន្ធិសញ្ញាបង្កើតICC ផងនោះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនគាំទ្រយ៉ាងខ្លាំងក្លាទៅលើកិច្ចប្រឹងប្រែងរបស់តុលាការមួយនេះ។
«មានកិច្ចសហប្រតិបត្តិការក្រៅផ្លូវការមួយចំនួន កើតឡើងរវាងសហរដ្ឋអាមេរិក និងភាគីដែលពិនិត្យមើលដំណើរការវិវត្ត និងប្រតិបត្តការរបស់ ICC»។
សហរដ្ឋអាមេរិកមានច្បាប់ផ្ទាល់ខ្លួនផ្អែកតាមករណីនីមួយៗ រួមទាំងច្បាប់កាត់ទោសជនបរទេសផងដែរ ដែលអាចឲ្យអាជ្ញាធរតុលាការសហព័ន្ធធ្វើការកាត់ទោសករណីពាក់ព័ន្ធនឹងការបង្ករបួសស្នាមដល់ជនបរទេសនៅក្រៅប្រទេស។
ច្បាប់ផ្សេងទៀតដែលជាប់ទាក់ទងជាពិសេសទៅនឹងការធ្វើទារុណកម្មទៅលើជនរងគ្រោះ ត្រូវបានប្រើប្រាស់នៅក្នុងរដ្ឋាភិបាលសហព័ន្ធក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងអតីតមេបញ្ជាការយោធាសូម៉ាលីរស់នៅសហរដ្ឋអាមេរិក។
លោក Yusuf Abdiត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្មសង្រ្គាមអំឡុងពេល លោកMohamed Siad Barreកាន់កាប់ប្រទេស។
លោកស្រី Kathy Roberts ប្រធានក្រុមប្រឹក្សាសម្រាប់ករណីនេះ មកពីមជ្ឈមណ្ឌល ដើម្បីយុត្តិធម៌ និងការទទួលខុសត្រូវ បានថ្លែងប្រាប់VOA តាមរយៈ Skype ថា៖
«សភាបានអនុម័តច្បាប់ការពារការធ្វើទារុណកម្មទៅលើជនរងគ្រោះ ដែលច្បាប់នេះបកស្រាយពីសកម្មភាពជាក់លាក់ មិនមែនសម្រាប់តែជនបរទេសនោះទេ ប៉ុន្តែក៏សម្រាប់ជនជាតិអាមេរិកាំងផងដែរ ក្នុងករណីធ្វើទារុណកម្ម និងសេចក្តីសង្ខេបពីការកាត់ទោស។ ការទាមទាររបស់យើងពីករណីធ្វើទារុណកម្ម និងសេចក្តីសង្ខេបពីការកាត់ទោស «ដែលបានកត់ត្រាដោយសភា» បានបញ្ជាក់យ៉ាងច្បាស់ពីការអនុវត្តនៅតុលាការក្រៅប្រទេស និងនៅក្នុងតំបន់ផងដែរ»។
លោកស្រី Robertsថ្លែងថា ករណីនេះប្រហែលជាត្រូវបញ្ចូនទៅតុលាការកំពូល សហរដ្ឋអាមេរិក និងធ្វើឲ្យប្រាកដពីការកាត់ទោសក្រុមជនដៃដល់ ដែលអាចធ្វើដំណើរឆ្លងកាត់ព្រំដែន ប៉ុន្តែជនរងគ្រោះពីអំពើឧក្រិដ្ឋកម្មនេះមានសិទ្ធិទទួលបានយុត្តិធម៌ មិនថាពួកគេស្ថិតនៅកន្លែងណានោះទេ៕