Your browser doesn’t support HTML5
វ៉ាស៊ីនតោន៖ អ្នកតំណាងរាស្រ្តជាប់ឆ្នោតនៃគណបក្សសង្គ្រោះជាតិគឺលោកស្រី មូរ សុខហួរបានបង្ហាញ ពីការប្តេជ្ញាតស៊ូបន្តដើម្បីទាមទារសិទ្ធិមនុស្សនិងសិទ្ធិសេរីភាពរបស់កម្មករកម្មការិនីដោយមិនថមថយអ្វីទេបើទោះបីជាត្រូវបានតុលាការដាក់ពន្ធនាគារមួយរយៈក៏ដោយ។
លោកស្រីបានបញ្ជាក់ក្នុងកម្មវិធីហេឡូ VOA ថា៖
«អ្វីដែលខ្ញុំមានមោទនាភាពបំផុតគឺបានហើយនឹងអាចបន្តការពារសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យជូនប្រទេសជាតិយើងរឹតតែរឹងមាំរឹតតែមានឆន្ទៈមុតជាងមុនខ្ញុំព្រះករុណាខ្ញុំត្រូវគេចាប់ចូលទៅក្នុងព្រៃសទៅ ទៀត»។
អ្នកតំណាងរាស្ត្រនិងជាអតីតរដ្ឋមន្ត្រីកិច្ចការនារីរូបនេះត្រូវបានតុលាការក្រុងភ្នំពេញចាប់ដាក់ពន្ធនាគារមួយសប្តាហ៍ជាមួយនឹងអ្នកតំណាងរាស្រ្តបក្សប្រឆាំង៦រូបទៀតនិងជំនួយការរបស់លោកស្រី ដោយសារតែទាមទារឱ្យបើកទីលានប្រជាធិបតេយ្យ។ ការតវ៉ានោះ បានក្លាយទៅជាអំពើហិង្សាដោយមានការប៉ះទង្គិចគ្នារវាងក្រុមអ្នកតវ៉ាដែលគាំទ្របក្សប្រឆាំងនឹងសន្តិសុខខណ្ឌដូនពេញ។
លោកស្រី បានបញ្ជាក់ថា៖
«យើងខ្ញុំទាំងអស់គ្នាមិនដែលញុះញង់ មិនដែលប្រាប់ថាឱ្យប្រើអំពើហិង្សាទេ ផ្ទុយទៅវិញគឺមានតែយើងនិយាយពីធម៌ អហិង្សា»។
ក្រោយពីហេតុការណ៍នោះភ្លាម លោកស្រីត្រូវប៉ូលិសដាក់ខ្នោះដៃតាំងពីម៉ោង១២ថ្ងៃត្រង់រហូតដល់ម៉ោង៥ភ្លឺ ដោយអង្គុយនៅលើកៅអីមួយយប់ទល់ភ្លឺហើយពេលទៅបត់ដៃបត់ជើងទាំងជាប់ខ្នោះ។
លោកស្រី បញ្ជាក់ថា៖
«យើងជាអ្នកតំណាងរាស្រ្តគេធ្វើដល់ប៉ុណ្ណឹងហើយអ្នកដែលជាពលរដ្ឋសាមញ្ញ ហើយជាស្រ្តី តើគេធ្វើដល់ប៉ុណ្ណា? »
តុលាការក្រុងភ្នំពេញបានចោទប្រកាន់អ្នកតំណាងរាស្ត្រជាប់ឆ្នោតនិងសកម្មជនម្នាក់ទៀតពីបទ ផ្តើមគំនិតធ្វើកុប្បកម្មខុសច្បាប់ ផ្តើមគំនិតឱ្យមានអំពើហិង្សាដោយចេតនាដោយមានស្ថានទម្ងន់ទោស និងផ្តើមគំនិតញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ។
លោកស្រី បានបន្ថែមថា៖
«ដូច្នេះយើងឃើញថាប្រសិនបើយើងមិនកែទម្រង់ប្រព័ន្ធតុលាការ ប្រសិនជាយើងមិនដោះស្រាយបញ្ហាជាតិដ៏ ធំនេះទេ យើងមិនដោះស្រាយបញ្ហានិទណ្ឌភាពនោះទេ។ អ្នកវាយគេរួចខ្លួនអ្នកបញ្ជាឱ្យវាយគេរួចខ្លួននោះ នោះប្រទេសជាតិយើងនឹងចូលទៅ ដល់ការបង្ហូរឈាមទៀតហើយ»។
លោកស្រីមូរ សុខហួរបានប្តេជ្ញាចិត្តយកការតស៊ូដើម្បីផលប្រយោជន៍របស់កម្មករចូលទៅ ក្នុងវេទិការសភាជាតិនៅពេលដែលគណបក្សរបស់លោកស្រីបានចរចាគ្នាជាមួយនឹងគណបក្សកាន់អំណាចដើម្បីបញ្ចប់ការជាប់គាំងនយោបាយ។
«ខ្ញុំសូមជម្រាបបងប្អូនថាយើងនឹងបន្តទៅ ទៀតនៅ ក្នុងការតវ៉ាដើម្បីផលប្រយោជន៍នៃកម្មករកម្មការិនីរបស់យើងដែលលោកធ្វើការងារដោយលំបាកលំបិនណាស់ហើយទទួលបានប្រាក់ឈ្នួលតិចតួចដែលមិនអាចចិញ្ចឹមជីវិតប៉ុន្តែកម្មករកម្មការិនីគឺជាកម្លាំងស្នូលជាធនធានមនុស្សដ៏សំខាន់ជាអ្នកជួយដល់សេដ្ឋកិច្ចរបស់យើងឱ្យបានខ្ពស់»។
ការចរចានយោបាយដែលបាននាំឱ្យមានការដោះលែងជនជាប់ចោទទាំងនោះនិងបញ្ចប់ការជាប់គាំងនយោបាយជិតមួយឆ្នាំត្រូវបានក្រុមអ្នកគាំទ្ររិះគន់យ៉ាងខ្លាំងប៉ុន្តែលោកស្រី មូរ សុខហួរបានបញ្ជាក់ការពារការសម្រេចចិត្តនោះថា៖
«បងប្អូនអាចថាឃើញទេគេចរចាគ្នាយកតំណែងមិនមែនទេបងប្អូន។ យកតំណែងនេះប្រសិនបើដើម្បីការពារផលប្រយោជន៍ មូរសុខហួរ។ នេះបងប្អូនថ្កោលទោសចុះ ។ បើយកតំណែងនេះដើម្បី ការពារផលប្រយោជន៍ឯកឧត្តមប្រធានសម រង្ស៊ី និងកឹមសុខាថ្កោលទោសចុះ។ តើយើងយកតំណែងនេះមកដើម្បីអ្វី? យើងយកតំណែងនេះដើម្បីមកការពារផលប្រយោជន៍ដើម្បីការពារសិទ្ធិសេរីភាពប្រជាពលរដ្ឋដែលលោកស្លូតត្រង់។ លោកវេទនាណាស់»។
នៅក្នុងកិច្ចព្រមព្រៀងរវាងគណបក្សទាំងពីរគឺគណបក្សសង្គ្រោះជាតិនឹងកាន់កាប់គណៈកម្មការចំនួនប្រាំក្នុងនោះ មានគណៈកម្មការទី៨ដែលទទួលបន្ទុកពិនិត្យមើលផ្នែកសង្គមកិច្ច ការងារនិងកិច្ចការនារីដែលលោកស្រីមូរ សុខហួរយល់ថាអាចនឹងជួយឱ្យគណបក្សប្រឆាំងការពារផលប្រយោជន៍ កម្មករបានកាន់តែច្រើន៕