ពានរង្វាន់ណូបែលសន្តិភាពត្រូវបានផ្តល់កាលពីថ្ងៃសុក្រជូនអង្គការ Nihon Hidankyo ដែលជាអង្គការជប៉ុនរបស់អ្នករស់រានមានជីវិតពីការទម្លាក់គ្រាប់បែកបរមាណូរបស់សហរដ្ឋអាមេរិកលើទីក្រុង Hiroshima និងទីក្រុង Nagasaki នៃប្រទេសជប៉ុន ចំពោះសកម្មភាពតស៊ូមតិប្រឆាំងអាវុធនុយក្លេអ៊ែរ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
លោក Jørgen Watne Frydnes ប្រធានគណៈកម្មាធិការពានរង្វាន់ណូបែលន័រវែស (Norwegian Nobel Committee) ថាពានរង្វាន់នេះត្រូវបានប្រគល់ជូនក្នុងគ្រាដែល «ការតស៊ូមតិប្រឆាំងការប្រើអាវុធនុយក្លេអ៊ែរកំពុងរងសម្ពាធ»។
លោកថ្លែងថា គណៈកម្មាធិការពានរង្វាន់ណូបែល «មានចេតនាគោរពអ្នករស់រានមានជីវិតទាំងអស់ដែលទោះបីជាអ្នកទាំងនោះនៅមានទុក្ខវេទនានិងការឈឺចាប់ផ្លូវកាយក៏ដោយ ក៏សុខចិត្តប្រើបទពិសោធន៍ដ៏ឈឺចាប់របស់ខ្លួនដើម្បីបណ្តុះក្តីសង្ឃឹមនិងការប្រឡូកដើម្បីសន្តិភាព»។
កិច្ចប្រឹងប្រែងលុបបំបាត់អាវុធនុយក្លេអ៊ែរក៏ត្រូវបានទទួលស្គាល់ដោយគណៈកម្មាធិការពានរង្វាន់ណូបែលកាលពីអតីតកាលផងដែរ។ អង្គការយុទ្ធនាការអន្តរជាតិលុបបំបាត់អាវុធនុយក្លេអ៊ែរ (International Campaign to Abolish Nuclear Weapons) បានទទួលពានរង្វាន់សន្តិភាពនេះនៅឆ្នាំ ២០១៧ ហើយនៅឆ្នាំ ១៩៩៥ លោក Joseph Rotblat និងអង្គការអន្តរជាតិ Pugwash Conferences on Science and World Affairs បានទទួលពានរង្វាន់នេះ ដោយសារ «កិច្ចប្រឹងប្រែងរបស់ពួកគេក្នុងការធ្វើឱ្យចុះខ្សោយនូវតួនាទីនៃអាវុធនុយក្លេអ៊ែរក្នុងនយោបាយអន្តរជាតិ ហើយសម្រាប់រយៈពេលវែង ឈានទៅលុបបំបាត់អាវុធនេះទាំងស្រុង»។
ពានរង្វាន់ណូបែលសន្តិភាពឆ្នាំនេះត្រូវបានផ្តល់ជូន ក្នុងគ្រាដែលសង្គ្រាមដ៏ហិនហោចកំពុងញាំញីពិភពលោក ជាពិសេសនៅតំបន់មជ្ឈិមបូព៌ា ប្រទេសអ៊ុយក្រែន និងប្រទេសស៊ូដង់៕