ការ​វាយប្រហារ​របស់​អ៊ីស្រាអែល​គ្មាន​ការធូរ​ស្បើយ​ទេ​ នៅ​ពេលកិច្ច​ប្រឹងប្រែង​ការ​ទូត​កាន់​តែខ្លាំង​ឡើង

ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ​ប៉ាឡេស្ទីន​នាំ​គ្នា​ពន្លត់​អគ្គីភ័យ​ដែល​កើតឡើង​ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​នៅ​ប៉ែក​ខាង​ជើង​តំបន់ Gaza ដែនដី​ប៉ាឡេស្ទីន ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។

ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​គ្រោង​បើក​កិច្ច​ប្រជុំ​បន្ទាន់​មួយ​នៅ​ថ្ងៃអង្គារ​នេះ​ចំពេល​មាន​កិច្ច​ប្រឹងប្រែង​ការទូត​បន្ទាន់​ដែល​មាន​គោល​បំណង​រារាំង​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​ដែលបាន​សម្លាប់​ប្រជាជន​ប៉ាឡេស្ទីន​ជាង ២០០ នាក់។ អ្នក​កាសែត ​AFP ​ម្នាក់​បាន​រាយ​ការណ៍​ថា គ្រាប់​កាំភ្លើង​ដែល​មាន​ផ្សែង​ខ្មៅ​បាន​ផ្ទុះ​នៅ​លើ​អគារ​នៅ Gaza ​នៅព្រឹក​ថ្ងៃ​អង្គារ​នេះ​ បន្ទាប់ពី​ការ​វាយ​ប្រហារ​ចុង​ក្រោយ​របស់​អ៊ីស្រាអែល។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ទោះបី​ជា​មាន​ការអំពាវនាវ​កាន់តែ​ខ្លាំង​ឡើង​ឲ្យ​បញ្ឈប់​ការ​ទម្លាក់​គ្រាប់បែក​ក៏ដោយ​ ក៏​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​និយាយ​កាលពី​ល្ងាច​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ថា អ៊ីស្រាអែល​នឹង​បន្ត​ធ្វើ​ការ​វាយ​ប្រហារ​លើ​គោល​ដៅ​ភេរវកម្ម។ អ៊ីស្រាអែល​បាន​ចាប់​ផ្តើម​វាយ​ប្រហារ​តាម​អាកាសទៅ​លើ​តំបន់ Gaza នៅ​ថ្ងៃ​ទី ១០​ ខែ​ឧសភា ​បន្ទាប់ពី​មេ​ដឹកនាំ​នៅ​ទីនោះ​គឺ​ក្រុម​ឥស្លាម Hamas បាន​បាញ់​រ៉ុក្កែត​ជា​ការឆ្លើយតប​ទៅនឹង​ភាព​ចលាចល​នៅ​ក្នុង​ក្រុង Jerusalem ខាងកើត​ ដែល​កាន់កាប់​ដោយ​អ៊ីស្រាអែល។

សរុបមក​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​បាន​សម្លាប់​ប្រជាជន​ប៉ាឡេស្ទីន​ចំនួន​២១២​ នាក់​ក្នុង​នោះ​មាន​កុមារ​ចំនួន​៦១​នាក់​នៅ​តំបន់ Gaza រីឯគ្រាប់​រ៉ុក្កែត​របស់​ក្រុម​ប្រដាប់​អាវុធ​ប៉ាឡេស្ទីន​បាន​សម្លាប់​មនុស្ស ​១០​នាក់​នៅ​អ៊ីស្រាអែល​រួមទាំង​កុមារ​ផង​ដែរ។ សម័យ​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​ដែល​គ្រោង​ធ្វើនៅ​ថ្ងៃ​អង្គារ​គឺ​ជា​សម័យ​ប្រជុំ​លើក​ទី​៤​ ចាប់តាំង​ពី​ជម្លោះ​បាន​កើន​ឡើង។​ សម័យ​ប្រជុំ​នេះ​គ្រោង​នឹង​ធ្វើឡើង​បន្ទាប់​ពី​សហ​រដ្ឋ​អាមេរិក​ដែល​ជា​សម្ព័ន្ធ​មិត្ត​ដ៏​សំខាន់​របស់​អ៊ីស្រាអែល​បាន​រារាំង​ការ​អនុម័ត​សេចក្តី​ថ្លែង​ការណ៍​រួម​ដែល​អំពាវនាវ​ឱ្យបញ្ឈប់​អំពើ​ហិង្សា​កាល​ពីថ្ងៃ​ច័ន្ទ​ ជា​លើកទី​បីក្នុង​រយៈពេល​មួយ​សប្តាហ៍។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ប្រាប់​លោក Netanyahu នៅយប់​ថ្ងៃ​ច័ន្ទ​ថា​ លោក​គាំទ្រ​បទ​ឈប់​បាញ់៕