នេះគឺជាអ្នកសារព័ត៌មានលោក Hopewell Chin'ono កំពុងនិយាយជាមួយនឹងក្រុមរដ្ឋអាជ្ញា បន្ទាប់ពីការចាប់ខ្លួនលោកជាលើកទីពីរនៅឆ្នាំនេះ ដែលការចាប់ខ្លួនទាំងពីរលើកនេះគឺដោយសារការបង្ហោះសាររបស់លោកនៅលើបណ្តាញសង្គម Twitter។
ការចាប់ខ្លួនរបស់លោកជាលើកដំបូងនៅចុងខែកក្កដាគឺដោយសារការបង្ហោះសាររបស់លោកតាមបណ្តាញសង្គម Twitter ដោយគាំទ្របាតុកម្មប្រឆាំងនឹងអំពើពុករលួយ។ ការចាប់ខ្លួនលោកជាលើកទីពីរនៅខែវិច្ឆិកាគឺបន្ទាប់ពីមានការបង្ហោះសាររបស់លោកតាមបណ្តាញសង្គម Twitter ដោយរិះគន់ចៅក្រមតុលាការកំពូលនៅប្រទេសស៊ីមបាវ៉េ។
ពេលនេះ លោកកំពុងប្រឈមមុខនឹងបទចោទប្រកាន់ញុះញង់បង្កឲ្យមានចលាចល និងរារាំងប្រព័ន្ធយុត្តិធម៌ ក៏ដូចជា បទមើលងាយមកលើគណៈរដ្ឋអាជ្ញាជាតិ។
លោក Chin'ono និយាយថា អាជ្ញាធរបានបង្ហាញនូវសារយ៉ាងច្បាស់ជាមួយនឹងការចាប់ខ្លួនលោក ហើយអ្នកសារព័ត៌មាននៅស៊ីមបាវ៉េកំពុងតែស្តាប់សារនេះ។
«ដូច្នេះ ដោយសារតែការចាប់ខ្លួនទាំងនេះ ជាលទ្ធផលអ្នកសារព័ត៌មានភ័យខ្លាចចំពោះការចុចសួរឲ្យដិតដល់ និងធ្វើរឿងត្រឹមត្រូវ។ នោះគឺការប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈសារព័ត៌មាន ពីព្រោះពួកគេនិយាយទៅខ្លួនឯងថា«ប្រសិនបើពួកគេអាចចាប់ខ្លួន Hopewell Chin'ono បានពីរលើក ពីការគ្រាន់តែធ្វើតាមវីជ្ជាជីវៈសារព័ត៌មាន តើអ្វីអាចកើតមានមកលើពួកយើងនោះ? យើងមិនមានឈ្មោះល្បីដូចគាត់ផង អញ្ចឹងយើងអាចជាប់រ៉ាំរ៉ៃក្នុងពន្ធនាគារ»។
អតីតប្រធានាធិបតីលោក Robert Mugabe តែងតែប្រើច្បាប់ប្រព័ន្ធផ្សព្វផ្សាយដ៏តឹងរ៉ឹងដើម្បីចាប់ខ្លួនអ្នកសារព័ត៌មានណាដែលចូលចិត្តរិះគន់ក្នុងអំឡុងពេលលោកដឹកនាំរយៈពេល ៣៧ឆ្នាំ។
នៅពេលលោក Emmerson Mnangagwar ចូលកាន់អំណាចនៅឆ្នាំ ២០១៧ លោកបានសន្យាផ្តល់សេរីភាពនៅក្នុងការបញ្ចេញមតិ ដែលការណ៍នេះនាំឲ្យមានក្តីសង្ឃឹមអំពីការផ្លាស់ប្តូរក្នុងចំណោមអ្នកសារព័ត៌មាន និងពលរដ្ឋទូទៅ។
អាជ្ញាធរនៅតែអះអាងថា ការចាប់ខ្លួនលោក Chin'ono គឺពាក់ព័ន្ធនឹងការអនុវត្តច្បាប់ ហើយមិនមែនជាការបង្ក្រាបលើសេរីភាពសារព័ត៌មាននោះទេ។
លោក Ndavaningi Mangwana គឺជារដ្ឋលេខាធិការក្រសួងព័ត៌មានស៊ីមបាវ៉េ។
លោកបាននិយាយថា៖
«គ្មាននរណាម្នាក់ត្រូវបានចាប់ខ្លូនក្រោមច្បាប់ណាមួយដែលពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយនោះទេ។ ប៉ុន្តែប្រសិនបើច្បាប់នោះត្រូវបានបំពានខាងផ្នែកសន្តិសុខរបស់ពួកយើង ពិតណាស់មិនថា អ្នកសារព័ត៌មាន មេធាវី ឬវេជ្ជបណ្ឌិតនោះទេ នឹងត្រូវចាប់ខ្លួន។ ក្រៅពីនេះ បរិយាកាសសម្រាប់ឲ្យប្រព័ន្ធផ្សព្វផ្សាយដំណើរការគឺមានលក្ខណៈអំណោយផលណាស់»។
មន្ត្រីក្រសួងព័ត៌មានរូបនេះបានកត់សម្គាល់ថា ស្ថានីយទូរទស្សន៍ថ្មីចំនួនប្រាំមួយទើបទទួលបានអាជ្ញាប័ណ្ណ និងបានបន្ថែមថាទីភ្នាក់ងារសារព័ត៌មានបរទេសក៏អាចដំណើរការដោយសេរីបានផងដែរនៅប្រទេសស៊ីមប៉ាវេ។
ប៉ុន្តែក្រុមគាំពារសេរីភាពសារព័ត៌មាននិយាយថា រដ្ឋាភិបាលស៊ីមបាវ៉េមិនដែលបញ្ឈប់កិច្ចប្រឹងប្រឹង ដើម្បីបំបិទប្រព័ន្ធផ្សព្វផ្សាយនោះទេ។
លោក Tabani Moyo ជាប្រធានវិទ្យាស្ថានប្រព័ន្ធផ្សព្វផ្សាយអាហ្វ្រិកភាគខាងត្បូងនៅប្រទេសស៊ីមបាវ៉េ។
លោកបាននិយាយថា៖ «មួយជំហានទៅមុខ ដប់[ជំហាន]ថយក្រោយ។ ការប្រេះស្រាំខាងផ្នែកសារព័ត៌មានស៊ើបអង្កេតគឺ ករណីលោក Hopewell Chin'ono។ ការវាយប្រហារទៅលើផ្នែកនេះគឺមានភាពខ្លាំងក្លា ហើយយើងបានឃើញនូវការប្រើប្រាស់ច្បាប់ជាអាវុធ ការដាក់ឲ្យអនុវត្តច្បាប់សន្តិសុខអ៊ីនធឺណិត ដែលជួយពង្រឹង និងផ្តល់អំណាចដល់ក្រុមឃោធាឲ្យបង្ក្រាបទៅលើការបញ្ចេញមតិយោបល់។ ការប្រើដៃធ្ងន់មកលើប្រព័ន្ធផ្សព្វផ្សាយគឺមានខ្លាំង»។
ប្រសិនបើសេចក្តីព្រាងច្បាប់ប្រឆាំងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតក្លាយទៅជាច្បាប់ ពលរដ្ឋស៊ីមបាវ៉េដែលរងការចោទប្រកាន់ពីបទចែកចាយព័ត៌មានមិនពិតនៅតាមបណ្តាញសង្គមអាចប្រឈមនឹងទោសទណ្ឌជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ។
លោក Chin'ono ត្រូវបានគេរំពឹងថា នឹងឡើងសវនាការនៅខែធ្នូនេះចំពោះការចោទប្រកាន់ពីបទញុះញង់ឲ្យមានបាតុកម្មប្រឆាំងនឹងអំពើពុករលួយកាលពីខែកក្កដាឆ្នាំនេះ៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា