មន្ត្រីសុខាភិបាលកម្ពុជាលើកឡើងថា ខ្លួនពុំមានគម្រោងធ្វើតេស្ដពិនិត្យលើការបង្កបង្កើតអង្គបដិប្រាណឬហៅថាអង់ទីករ (Antibody) ក៏ដូចជាការតាមដានប្រសិទ្ធភាពវ៉ាក់សាំងលើអ្នកដែលបានចាក់វ៉ាក់សាំងកូវីដ១៩ហើយរួចរាល់នោះទេ។
រដ្ឋាភិបាលកំពុងអនុវត្តគម្រោងចាក់វ៉ាក់សាំងទ្រង់ទ្រាយធំដែលគ្រោងឱ្យមនុស្ស៥លាននាក់ត្រឹមដំណាច់ឆ្នាំនេះ ទទួលបានវ៉ាក់សាំងក្នុងគោលដៅបង្កើតភាពស៊ាំសហគមន៍ ទល់នឹងជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតខ្លាំងក្នុងរលកឆ្លងដ៏អាក្រក់បំផុតនៅកម្ពុជា។
អ្នកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានលើកឡើងថា ពុំទាន់មាននរណាម្នាក់ឡើយក្នុងចំណោមអ្នកចាក់វ៉ាក់សាំងរួចរាល់ បានធ្វើតេស្ដរកអង្គបដិប្រាណ ឬអង់ទីករ (Antibody) ដែលជាសញ្ញាណបង្កើតភាពស៊ាំក្នុងរាងកាយអ្នកចាក់វ៉ាក់សាំងរួចរាល់នោះទេ។
អ្នកស្រីវេជ្ជបណ្ឌិតបានឆ្លើយនឹងសំណួរវីអូអេថា តើមានការធ្វើតេស្ដអង់ទីករ ឬយ៉ាងណា យ៉ាងដូច្នេះថា៖
«យើងអត់ធ្វើ អត់មាន អត់ធ្វើ អត់មានគោលការណ៍ធ្វើអាហ្នឹងទេអូន»។
តបនឹងសំណួរអំពីមូលហេតុនៃការមិនធ្វើតេស្ដនោះ ជាការខ្វះខាតលើបច្ចេកទេស ឬយ៉ាងណា អ្នកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា៖ «អត់ទេ ខ្ញុំអត់ Comment (អត្ថាធិប្បាយ) លើហ្នឹងទេ ព្រោះយើងអត់មានគោលការណ៍ អត់មានគោលនយោបាយទៅធ្វើអាហ្នឹងផង អត់ទាន់»។
លោកវេជ្ជបណ្ឌិត ឈា ឆវណ្ណ នាយកវិទ្យាស្ថានជាតិសុខភាពសាធារណៈ បាននិយាយថា «ភាពស៊ាំសហគមន៍» អាចសម្រេចបាន ដោយការពន្លាតវិសាលភាពចាក់វ៉ាក់សាំងគ្របដណ្ដប់លើមនុស្សចំនួនច្រើន ហើយមិនមានភាពចាំបាច់ធ្វើតេស្ដរកអង្គបដិប្រាណលើអ្នកចាក់រួចនោះទេ។
លោកវេជ្ជបណ្ឌិត ឆវណ្ណ ដែលជាសមាជិកនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ផងដែរនោះ បានប្រាប់វីអូអេថា៖
«មិនចាំបាច់ធ្វើតេស្ដរកអង្គបដិប្រាណលើអ្នកចាក់រួច ដើម្បីវាស់វែងកម្រិតភាពស៊ាំសហគមន៍នោះទេ។ ខ្លួនប្រាណរបស់យើងម្នាក់ៗមានយន្តការខុសៗពីគ្នាក្នុងការវាយទប់ទល់នឹងភ្នាក់ងារជំងឺឆ្លង ហើយខ្លួនប្រាណរបស់យើងម្នាក់ៗ ក៏ប្រតិកម្មតបផ្សេងៗពីគ្នាផងដែរតទល់នឹងវ៉ាក់សាំង។ បើនិយាយតាមបែបវិទ្យាសាស្ត្រ ការធ្វើតេស្ដរកអង់ទីករមិនអាចផ្ដល់នូវរូបភាពពេញលេញនៃកម្រិតភាពស៊ាំដែលបុគ្គលម្នាក់ៗសម្រេចបាននោះទេ»។
ការធ្វើតេស្ដនិងពិនិត្យតាមដានលើប្រសិទ្ធភាពវ៉ាក់សាំងត្រូវបានធ្វើឡើងនៅប្រទេសនានា រហូតមានការលើកជាសំណើឱ្យមានការចាក់ដូសទីបីផងដែរ ក្នុងករណីខ្លះ ដើម្បីបង្កើតភាពស៊ាំនិងការការពារជាងមុនប្រឆាំងនឹងមេរោគកូវីដ១៩។
នៅកម្ពុជា មនុស្សជិត២លាននាក់ហើយដែលបានទទួលវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដែលរដ្ឋាភិបាលប្រើវ៉ាក់សាំង៣ប្រភេទ ផលិតដោយក្រុមហ៊ុន Sinovac ក្រុមហ៊ុន Sinopharm របស់ចិន និង AstraZeneca ដែលស្ថិតនៅក្រោមយន្តការកូវ៉ាក់របស់អង្គការសុខភាពពិភពលោក។
ក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងថា វ៉ាក់សាំងរបស់ចិនទាំងពីរប្រភេទ គឺស៊ីណូវ៉ាក់ និងស៊ីណូហ្វាម មានប្រសិទ្ធភាពដូចគ្នាប្រមាណ៨០%។ កាលពីសប្តាហ៍មុន អង្គការសុខាភិបាលពិភពលោក ក៏បានអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងស៊ីណូហ្វាម(Sinopharm) ដោយថា មានសុវត្ថិភាពក្នុងការចាក់បង្ការជំងឺកូវីដ១៩។
មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លង (CDC) របស់អាមេរិកបានឱ្យដឹងថា ក្រោយចាក់វ៉ាក់សាំង អាជ្ញាធរសុខាភិបាលរបស់ប្រទស បានពិនិត្យតាមដានលើក្រុមមនុស្ស៥ប្រភេទ ដើម្បីវាយតម្លៃប្រសិទ្ធភាពក្នុងពិភពជាក់ស្ដែងនៃវ៉ាក់សាំង រួមមាន បុគ្គលិកសុខាភិបាល អ្នកបម្រើការងារជួរមុខ មនុស្សវ័យចំណាស់ អ្នកមានស្ថានភាពសុខភាពមិនអំណោយផល និងក្រុមជាតិពន្ធុ ឬបណ្ដាជនភាគតិច៕