ក្រសួងការបរទេសអាមេរិកមិនបានរៀបចំធ្វើសន្និសីទព័ត៌មានប្រចាំថ្ងៃនៅសប្ដាហ៍ទីមួយខែកុម្ភៈនេះ។ នេះជាស្ថានភាពមិនធ្លាប់មានពីមុនមក ដែលបានក្លាយជាស្ថានភាពដដែលៗមួយ ចាប់តាំងពីការឡើងកាន់ដំណែងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។
លោក Mark Toner អ្នកនាំពាក្យស្តីទីរបស់ក្រសួងការបរទេសបានប្រាប់VOA ថា ក្រសួងការបរទេសនឹងបន្តឆ្លើយសំណួរ និងការស្នើពីបណ្ដាញផ្សព្វផ្សាយនានា ប៉ុន្តែក្រសួងនឹងមិនរៀបចំសន្និសីទព័ត៌មានប្រចាំថ្ងៃដែលមានការថតកាមេរ៉ាពីថ្ងៃទី៦ដល់ថ្ងៃទី១០ ខែកុម្ភៈនេះទេ ។
លោកបាននិយាយថាក្រុមមន្ត្រី «នឹងរៀបចំធ្វើសន្និសីទព័ត៌មានប្រចាំថ្ងៃឡើងវិញនៅក្នុងពេលឆាប់បំផុតតាមតែអាចធ្វើទៅបាន»។
សន្និសីទព័ត៌មានប្រចាំថ្ងៃចុងក្រោយបំផុតរបស់ក្រសួងការបរទេសអាមេរិកត្រូវបានធ្វើឡើងនៅថ្ងៃទី១៩ ខែមករា នៅពេលដែលអ្នកនាំពាក្យលោក John Kirby ដែលលោកជាអ្នកចាត់តាំងដោយប្រធានាធិបតីនិងជាឧត្ដមនាវីឯកចូលនិវត្តន៍មួយរូប បានធ្វើការបង្ហាញខ្លួនជាលើកចុងក្រោយនៅតុសុន្ទរកថារបស់លោក។
ចាប់តាំងពីពេលនោះមក មន្ត្រីទទួលបន្ទុកផ្នែកការិយាល័យសារព័ត៌មានបានបន្តឆ្លើយតបទៅនឹងសំណើសុំការអធិប្បាយពីសំណាក់អ្នកសារព័ត៌មានតាមរយៈអ៊ីម៉ែលឬការជួបផ្ទាល់។
ប៉ុន្តែការខ្វះខាតសន្និសីទព័ត៌មានប្រចាំថ្ងៃជាច្រើនថ្ងៃនៅក្នុងជួររដ្ឋបាលថ្មីនេះត្រូវបានអ្នកសារព័ត៌មានជើងចាស់ និងអ្នកដទៃទៀតចាត់ទុកថាជា អ្វីមួយដែលមិនធ្លាប់មានពីមុនមក។ សន្និសីទព័ត៌មានរបស់ក្រសួងការបរទេសគឺជា «វេទិកាប្រចាំថ្ងៃសំខាន់បំផុតរបស់អាមេរិកដើម្បីពិភាក្សាពីកិច្ចការពិភពលោកនានា»។
អតីតអ្នកការទូតអាមេរិកលោក Brett Bruen ដែលជាប្រធានក្រុមហ៊ុនទំនាក់ទំនងយុទ្ធសាស្រ្ត Global Situation Room បាននិយាយថា៖ «ប្រសិនបើយើងមិនមានវេទិកាសន្និសីទព័ត៌មាននោះទេសំឡេងរបស់យើងនឹងអវត្តមានជាញឹកញយក្នុងកិច្ចពិភាក្សាសាកលសំខាន់ៗ»។
លោក Bruen ដែលជាអតីតនាយកផ្នែកទំនាក់ទំនងសាកលនៅសេតវិមានបានប្រាប់VOAថា៖ «ប្រទេសផ្សេងទៀតបន្តបង្កើតឲ្យមានសន្និសីទព័ត៌មានដើម្បីផ្សព្វផ្សាយ។ បច្ចាមិត្តដូចជា ពួករដ្ឋអ៊ីស្លាម កំពុងផលិតវីដេអូព័ត៌មានប្រចាំថ្ងៃ។ អាមេរិកក៏ចាំបាច់ត្រូវមានព័ត៌មានជាវីដេអូដើម្បីប្រជែងក្នុងផ្នែកផ្សព្វផ្សាយតបទៅវិញ។ បើគ្មានការផ្តល់ព័ត៌មាននោះទេ ឥទ្ធិពលរបស់យើងនឹងត្រូវថមថយ ហើយគោលនយោបាយរបស់យើងនឹងប្រឈមនឹងគ្រោះថ្នាក់»។
សេតវិមានកំពុងធ្វើសន្និសីទសារព័ត៌មានដោយមានការថតកាមេរ៉ាជារៀងរាល់ថ្ងៃ ក្រោមអធិបតីលោក Sean Spicer អ្នកនាំពាក្យសេតវិមាន។ ប៉ុន្តែភាគច្រើននៃការឆ្លើយឆ្លងជាមួយនឹងអ្នកសារព័ត៌មាននៅទីនោះ និងបច្ចុប្បន្នជាមួយអ្នកសារព័ត៌មានទូទាំងប្រទេសតាមរយៈ Skype គឺផ្ដោតលើតែបញ្ហាក្នុងស្រុក។
សន្និសីទសារព័ត៌មានរបស់ក្រសួងការបរទេសផ្ដោតទៅលើបញ្ហាលើឆាកអន្តរជាតិ ហើយជាការពិនិត្យពិច័យស៊ីជម្រៅរៀងរាល់ថ្ងៃទៅលើវិស័យការទូត ជាមួយនឹងការសាកសួរជាញឹកញាប់ដើម្បីបំភ្លឺអំពីបញ្ហា គោលនយោបាយរដ្ឋបាល ដែលមានអ្នកយល់តិចតួច។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកជាធម្មតាមិនស្ទាក់ស្ទើរក្នុងការចូលរួមនៅក្នុងការឆ្លើយឆ្លងព័ត៌មានយ៉ាងឆាប់រហ័សទៅវិញទៅមកជាមួយអ្នកសារព័ត៌មាននោះទេ។
ខណៈពេលអ្នកកាសែតប្រចាំភ្នាក់ងារសារព័ត៌មានធំៗ ចាប់ផ្តើមសួរសំណួរពីព្រឹត្តិការណ៍បច្ចុប្បន្នសំខាន់នៅក្រៅប្រទេស ដែលជាធម្មតាគឺបន្ទាប់ពីមានការ «អាន» ព័ត៌មានសង្ខេបពីអ្នកនាំពាក្យ គេក៏បានទុកពេលវេលាសម្រាប់ឆ្លើយសំណួររបស់អ្នកសារព័ត៌មានបរទេសផងដែរ ដែលក្នុងនោះរួមមានអ្នកសារព័ត៌មានដែលមកពីប្រទេសដែលមានគោលនយោបាយមិនស្វាគមន៍ទៅដល់សហរដ្ឋអាមេរិក។
អ្នកសរសេរអត្ថបទឲ្យបណ្ដាញផ្សព្វផ្សាយនិងគេហទំព័របម្រើផលប្រយោជន៍ឲ្យក្រុមមនុស្ស ឬអង្គភាពផ្សេងៗ ដូចជាបណ្ដាញផ្សព្វផ្សាយ និងគេហទំព័រដែលតំណាងឲ្យជនអំបូរឃឺដ (Kurds) ឬប្រជាជនប៉ាឡេស្ទីន Palestinians គឺជាអ្នកដែលសួរសំណួរជាញឹកញាប់។
ការឆ្លើយឆ្លងព័ត៌មាននៅក្នុងបន្ទប់សន្និសីទព័ត៌មាននិងការផ្សាយបន្តផ្ទាល់តាមរយៈគេហទំព័រ state.govជាអ្វីដែលឥឡូវនេះនៅទំនេរ ខណៈពេលដែលរដ្ឋបាលថ្មីកំពុងតាក់តែងគោលនយោបាយការបរទេសរបស់ខ្លួន។
លោក Rex Tillerson ត្រូវបានអនុម័តដោយព្រឹទ្ធសភាអាមេរិកឲ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេស កាលពីថ្ងៃទី០១ ខែកុម្ភៈកន្លងទៅ។ ប៉ុន្តែតំណែងនានានៅក្រោមឱវាទរបស់រដ្ឋមន្ត្រីក្រសួងការបរទេសនៅទំនេរនៅឡើយ។ មិនមាននរណាម្នាក់ត្រូវបានគេតែងតាំងសម្រាប់មុខតំណែងសំខាន់បំផុតពីរជាអនុរដ្ឋមន្ត្រីក្រសួងការបរទេស ក៏ដូចជាតំណែងរដ្ឋលេខាធិការនៅឡើយទេ។ តំណែងកំពូលនៃអ្នកត្រូវបានគេតែងតាំង មានតែអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ គឺលោកស្រី Nikki Haley ដែលជាអតីតអភិបាលរដ្ឋ South Carolina ប៉ុណ្ណោះ ។ អ្នកស្នងតំណែងលោក Kirby ដែលជាអ្នកនាំពាក្យកំពូលក៏មិនទាន់ត្រូវបានចាត់តាំងដែរ។
ប្រែសម្រួលដោយផន បុប្ផា