កូរ៉េ​ខាង​ជើង​មិន​ទាន់​ផ្ញើ​កាដូ​ថ្ងៃ Christmas ដល់​សហរដ្ឋ​អាមេរិក​នៅ​ឡើយ​ទេ

រូបឯកសារ៖ មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ថ្លែងអំឡុងពេលកិច្ចប្រជុំមួយ នៅក្នុងរូបថតបញ្ចេញដោយបណ្តាញព័ត៌មានជាតិកូរ៉េខាងជើង កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩។

ប្រទេស​កូរ៉េ​ខាង​ជើង​ប្រហែលជា​មិន​ផ្ញើ «កាដូ​ថ្ងៃ Christmas» ឲ្យ​សហរដ្ឋ​អាមេរិក​នោះ​ទេ ដោយសារ​នៅ​ថ្ងៃ Christmas ម្សិលមិញ គេ​មិន​ឃើញ​មាន​សញ្ញា​អ្វី​កើត​ឡើង​នោះ​ឡើយ ប៉ុន្តែ ភាព​តានតឹង​រវាង​សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាង​ជើង​ហាក់​ដូចជា​ពិបាក​ដោះស្រាយ​ដោយសារតែ​កាល​បរិច្ឆេទ​ផុត​កំណត់​នៅ​ចុង​ឆ្នាំ​នេះ​សម្រាប់​ការ​ចរចា​នុយក្លេអ៊ែរ ដែល​កូរ៉េ​ខាង​ជើង​បាន​កំណត់ ជិត​ចូល​មក​ដល់។

កន្លង​មក គេ​ឃើញ​មាន​ការ​សង្ស័យ​ជា​ច្រើន​ថា កូរ៉េ​ខាង​ជើង​ប្រហែល​ជា​ធ្វើ​ការ​សាកល្បង​គ្រាប់​ផ្លោង​មីស៊ីល​ឆ្លង​ទ្វីប​នៅ​ក្នុង​អំឡុង​ពេល​រដូវ​ឈប់​សម្រាក​នេះ បន្ទាប់ពី​មន្ត្រី​ក្រសួង​ការបរទេស​កូរ៉េ​ខាង​ជើង​ម្នាក់​កាល​ពី​ដើម​ខែ​នេះ​បាន​សន្យា​ថា​នឹង​ផ្ញើ «កាដូ Christmas» ឲ្យ​សហរដ្ឋ​អាមេរិក។

ប៉ុន្តែគេ​មិន​ឃើញ​មាន​សេចក្ដី​រាយការណ៍​អំពី​ការ​សាកល្បង​អាវុធ​ណា​មួយ​របស់​កូរ៉េ​ខាង​ជើង​នោះ​ទេ​កាល​ពី​ថ្ងៃ Christmas នៅ​ថ្ងៃ​ពុធ​ម្សិលមិញ ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​កូរ៉េ​ខាង​ជើង​មិន​បាន​ធ្វើ​ការ​រិះគន់​ធ្ងន់ធ្ងរ​ណាមួយ​លើ​សហរដ្ឋ​អាមេរិក​នោះ​ឡើយ​គិត​ត្រឹម​ថ្ងៃ​ត្រង់​ថ្ងៃ​ព្រហស្បតិ៍​នេះ។

កូរ៉េ​ខាង​ជើង​បាន​ដាក់​កាល​បរិច្ឆេទ​កំណត់​នៅ​ចុង​ឆ្នាំ​នេះ​ឲ្យ​សហរដ្ឋ​អាមេរិក​បន្ធូរបន្ថយ​គោល​ជំហរ​របស់​ខ្លួន​សម្រាប់​ការ​ចរចា​នុយក្លេអ៊ែរ​ដែល​ជាប់​គាំង​នេះ។ ព្រឹត្តិការណ៍​នយោបាយ​ពីរ​ដែល​នឹង​ចូល​មក​ដល់​ឆាប់ៗ​នេះ​នៅ​ពេល​ខាង​មុខ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​ប្រហែល​ជា​ជួយ​បង្ហាញ​ឲ្យ​ឃើញ​ពី​គោល​បំណង​របស់​កូរ៉េ​ខាង​ជើង។

មុន​ពេល​ដំណាច់​ឆ្នាំ​នេះ គណបក្ស​កាន់​អំណាច​របស់​កូរ៉េ​ខាង​ជើង​គ្រោង​នឹង​រៀបចំ​ការ​ប្រជុំ​មួយ​របស់​អ្នក​នយោបាយ​ជាន់​ខ្ពស់ ដែល​អ្នក​ទាំង​នោះ​អាច​ប្រកាស​អំពី​ការ​សម្រេចចិត្ត​លើ​គោល​នយោបាយ​ការបរទេស​ដ៏​សំខាន់។

ការ​ថ្លែង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un ក៏​ជា​ព្រឹត្តិការណ៍​សំខាន់​មួយ​ទៀត​ដែរ ដែល​គេ​នឹង​តាមដាន​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ នៅ​ក្នុង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​របស់​លោក​កាល​ពី​ឆ្នាំ​មុន លោក Kim Jong Un បាន​គំរាម​ថា​នឹង​ដឹកនាំ​ប្រទេស​របស់​លោក​តាម «វិធី​ថ្មី» ប្រសិនបើ​ការ​ចរចា​នុយក្លេអ៊ែរ​នៅតែ​ជាប់​គាំង៕