លោក​ ​ស ខេង ​ធានា​ដល់​អតីត​ក្រុមខ្មែរ​ក្រហម​ថា​ មិនមាន​ការ​កាត់ទោស​បន្ថែម​ទេ

រូបឯកសារ៖ លោក​ស​ ខេង រដ្ឋមន្រ្តី​នៃ​ក្រសួង​មហាផ្ទៃ​ ថ្លែង​ទៅមន្រ្តី​ប៉ូលិស​និង​អភិបាល​នានា​ក្នុង​ការ​ប្រជុំ​នៃ​របាយការណ៍​បូកសរុបចំនួន​​ជន​​​អន្តោប្រវេសន៍​នៅ​ថ្ងៃ​សុក្រ​ ទី​១៩ សីហា ឆ្នាំ​២០១៦ នៅ​រាជធានីភ្នំពេញ។ ​(ឡេង ឡែន/VOA)

រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ ​លោក​ ​ស ខេង​ ​បាន​ប្រកាស​ថា​ សាលា​ក្តី​ខ្មែរក្រហម​ ​មិន​មាន​ជន​សង្ស័យ​បន្ថែម​ទៀត​ ​ដើម្បី​កាត់ទោស​នោះ​ទេ​ក្រោយ​ពេល​តុលាការ​កូន​កាត់​មួយ​នេះ​ បាន​កាត់ទោស​ ​នួន ជា​ ​និង​ ​ខៀវ​ ​សំផន​ ​ដែល​ជា​អតីត​មេដឹកនាំ​កំពូល​ពីរ​រូប​នៅ​មាន​ជីវិត​នៃរបប​កម្ពុជា​ប្រជាធិបតេយ្យ។

ក្នុង​ពិធី​ប្រកាស​តែងតាំង​ ​អភិបាល​ខេត្ត​ឧត្តរមានជ័យ​ ​កាល​ពី​ថ្ងៃទី​១៧​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៨​ ​លោក​ ​ស​ ​ខេង​ ​បាន​ថ្លែង​ថា​ ​គោល​នយោបាយ​ ​និង​គោលកាណ៍​របស់​កម្ពុជា​បាន​កំណត់​យក​ការ​កាត់ទោស​ថ្នាក់​ដឹក​នាំ​ជាន់ខ្ពស់​ ​និង​អ្នក​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​ ​ក្នុង​របប​ខ្មែរ​ក្រហម​ ​ដូច្នេះ​លោក​ថា​ ​ក្រោយ​ការ​កាត់​ទោស​ ​នួន ជា​ ​និង​ខៀវ សំផន​ ​ចប់​ ​ដំណើរ​ការ​ក្នុង​សំណុំរឿង​ក៏​ចប់​ ​មិន​មាន​មុខ​សញ្ញា​ណា​ផ្សេង​ត្រូវ​នាំ​យក​ទៅកាត់​ទោស​បន្ត​នោះ​ទេ។​

លោក​បញ្ជាក់​ថា៖​

​«សម្រាប់​មុខសញ្ញា​ដែល​នាំមក​កាត់ទោស​អត់មាន​ទៀត​ទេ​ ​ពីព្រោះ​ថា​ការ​កំណត់​ជា​គោលនយោបាយ​ ​និង​គោលការណ៍​របស់​យើង​ គឺថា​អ្នកដឹកនាំ​ជាន់ខ្ពស់​ ​និង​អ្នក​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​មុខ​សញ្ញា​ពីរ​ហ្នឹង ​ឥឡូវនេះ​យើង​បាន​ដំណើរការ​សព្វគ្រប់​ ​ហើយ​មិន​មានអី​ទៀត​ទេ»។​

អនុប្រធាន​បក្ស​កាន់​អំណាច​ ​និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​រូប​នេះ​ ​ផ្ញើសារ​ប្រាប់​ទៅ​អ្នក​ដែល​ធ្លាប់​ពាក់ព័ន្ធ​នឹង​របប​ខ្មែរ​ក្រហម​ថា៖​

​«អញ្ចឹង​ចំណុច​នេះ​ខ្ញុំ​ចង់​បញ្ជាក់​ថា​ ​នៅ​ទីនេះ​ដោយសារ​មាន​បងប្អូន​ដែល​ធ្លាប់​រួម​សកម្មភាព​ជាមួយ​អតីត​មេដឹកនាំ​ទាំងនោះ។​ ​រឿង​នេះ​វា​វែងឆ្ងាយ​ណាស់​ទៅ​ហើយ​ ​មិនមែន​ថ្មីថ្មោង​ទេ។​ ​ប៉ុន្តែ​យើង​ថា​ ​កុំ​មាន​ការ​ព្រួយបារម្ភ​អីថា​នឹង​មាន​ការ​បន្ត​តុលាការ​នេះ​ដើម្បី​ស្រាវជ្រាវ​រកមុខ​សញ្ញា​នេះ​ ​មុខសញ្ញា​នោះ​ទៀត​ ​អត់មាន​ទេ»។​

ការ​លើកឡើង​របស់​ លោក​ ​ស ខេង​ ​គឺ​មួយ​ថ្ងៃ​ក្រោយ​ពេល​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ​(អ.វ.ត.ក)​ ​កាលពី​ថ្ងៃទី១៦​ ​ខែ​វិច្ឆិកា​នេះ​ កាត់ទោស​ ​នួន ជា​ ​អតីត​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា​ ​និង​ ​ខៀវ សំ​ផន​ ​អតីត​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ​ឬ​ខ្មែរក្រហម​ ​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ​ក្នុង​សំណុំរឿង​០០២/០២​ ​ចំពោះ​អំពើ​ប្រល័យ​ពូជសាសន៍​ក្នុង​របប​ដ៏​ខ្មៅ​ងងឹត​នោះ។​

កាលពី​ថ្ងៃទី២៣​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៦​ ​នួន​ ​ជា​ ​ដែល​មាន​វ័យ៩២ឆ្នាំ​ ​និង​ ​ខៀវ​ ​សំផន​ ​ដែល​មាន​វ័យ​៨៧ឆ្នាំ​ ​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនា​គារ​អស់​មួយ​ជីវិត​ម្តង​រួចមក​ហើយ​ ​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង០០២/០១​ ​ពី​បទឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្សជាតិ​ ​និង​សម្លាប់​អ្នក​សាធារណរដ្ឋ។​

រហូត​មក​ដល់​ពេល​នេះ​ ​ក្រៅ​ពី​សំណុំ​រឿង​០០១​ ​និង​០០២​ ​ក៏​នៅ​មាន​សំណុំ​រឿង​ ​០០៣​ ​និង០០៤​ ​ដែល​កំពុង​ស្ថិត​ក្នុង​នីតិវិធី​របស់​សាលា​ក្តី​កូនកាត់​មួយ​នេះ​ផង​ដែរ។​

លោក​ ​នេត្រ ភក្រ្តា​ ​អ្នកនាំពាក្យ​សាលា​ក្តី​ខ្មែរក្រហម​ ​នៅ​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​ សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ការ​លើក​ឡើង​របស់​លោក​ ​ស ខេង​ ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ។​ ​ទោះ​យ៉ាងណា​ ​លោក​ប្រាប់​ ​VOA​ ​ថា​ ​សាលាក្តី​ខ្មែរ​ក្រហម​កំពុង​បន្តដំណើរ​ការ​នីតិវិធី​លើ​សំណុំរឿង​ ​០០៣​ ​និង​០០៤​ ​ជា​ធម្មតា។​

លោក​បញ្ជាក់​ថា៖​

​«សំណុំ​រឿង​០០៣​ ​០០៤​ ​នេះ​ ​គឺ​កំពុងតែ​នៅ​ក្នុង​ដៃ​របស់​ចៅក្រម​ស៊ើបអង្កេត​ ​ដែល​គាត់​កំពុងតែ​ធ្វើ​ការ​វិភាគ​ទៅលើ​ភស្តុតាង​ ​ដើម្បី​ឈាន​ទៅដល់​ការ​ចេញដីកា​ដំណោះ​ស្រាយ។​ ​សូមជម្រាប​ថា​ ​ក្នុង​សំណុំ​រឿង​០០៣​ ​ដីកា​ដំណោះស្រាយ​របស់​សហ​ចៅក្រម​ស៊ើបអង្កេត​ហ្នឹង​ ​អាច​នឹង​ប្រកាស​ក្នុង​ឆមាស​ទី៤​ ​ឆ្នាំ២០១៨ហ្នឹង។​ ​ហើយ​សម្រាប់​សំណុំ​រឿង​០០៤​ ​គឺ​ពាក់ព័ន្ធ​ជាមួយ​នឹង​ជនសង្ស័យ​ ​ឱ​ ​អាន​ ​ជនសង្ស័យ​ ​យឹម​ ​ទិត​ ​និង​ ​អ៊ឹម​ ​ចែម​ ​គឺ​ដំណើរការ​នីតិវិធី​បាន​អនុវត្ត»។​

សំណុំរឿង​អ្នកស្រី​ ​អ៊ឹម ចែម​ ​ដែល​ជា​អតីត​ចៅហ្វាយ​ស្រុក​ព្រះនេត្រ​ព្រះ​ក្នុង​សម័យ​ខ្មែរក្រហម​ ​ត្រូវ​បាន​ទម្លាក់​ចោលការ​ចោទប្រកាន់​ ​ដោយសារ​តុលាការ​រក​មិន​ឃើញ​ថា​អ្នកស្រី​ជា​មេដឹកនាំ​ជាន់ខ្ពស់​ដែល​ត្រូវ​យក​មក​កាត់ទោស​នោះ​ទេ។​ ​ចំណែក​ករណី​លោក​ ​ឱ អាន​ ​ដែល​ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ ​កំពុង​ស្ថិត​ក្នុង​ភាព​ចម្រូងចម្រាស​រវាង​សហ​ចៅក្រម​ខ្មែរ​ ​និង​បរទេស។​

លោក​ នេត្រ ភក្ត្រា ពន្យល់​ករណី​លោក​ ​ឱ​ ​អាន​ ​ថា៖​

​«ចៅក្រម​ជាតិ​គាត់​ចេញ​ថា​ ​លោក​ ​ឱ​ ​អាន​ ​មិន​ស្ថិត​នៅ​ក្នុង​ដែន​យុត្តាធិការ​ដែល​ត្រូវ​កាត់ទោស​ ​ក៏ប៉ុន្តែ​សម្រាប់​សហ​ចៅក្រម​ស៊ើបអង្កេត​គាត់​ចេញ​ថា​ ​លោក​ ​ឱ​ ​អាន​ ​គឺ​ស្ថិតនៅ​ក្នុង​ដែន​យុត្តាធិការ​របស់​តុលាការ​ដែល​ត្រូវ​យក​ទៅ​ជំនុំជម្រះ​ក្តី។​ ​អីចឹង​គឺ​ឥឡូវ​នេះ​កំពុងតែ​ស្ថិតនៅ​ដំណាក់កាល​មួយ​នៅ​ចៅ​ក្រម​ស៊ើបអង្កេត​នៅឡើយ​ ​ដោយ​រង់​ចាំ​ការ​បកប្រែ​ភាសា​ទៅលើ​ដីកា​ដំណោះ​ស្រាយ​ជាមុន​សិន​ ​មុន​នឹង​ឈាន​ទៅដល់​ការអនុវត្ត​បន្ត​ទៅទៀត»។​

លោក​ ​នេត្រ ភក្រ្តា​ ​ពន្យល់​ពី​សំណុំរឿង​របស់​លោក​ ​យឹម ទិត​ ​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​មួយ​រូប​ទៀត​ ​ដែល​កំពុង​ស្ថិត​ក្នុង​សំណុំរឿង​០០៤​ថា៖​

​«ដោយ​ឡែក​ករណី​លោក​ ​យឹម​ ​ទិត​ ​គឺ​សំណុំរឿង​នេះ​កំពុង​តែ​នៅក្នុង​ដៃ​ចៅក្រម​ស៊ើប​អង្កេត​ ​ហើយ​គេ​គ្រោង​នឹង​ចេញ​ដីកា​ដំណោះស្រាយ​នៅក្នុង​ត្រីមាស​ទី២​ ​ឆ្នាំ​២០១៩​ខាង​មុខ»។​

លោក​ ​នេត្រ ភក្ត្រា​ ​បាន​បន្ថែម​ថា​ ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​សហ​ព្រះរាជ​អាជ្ញា​ជាតិ​ ​និង​អន្តរជាតិ​ ​អង្គ​ជំនុំជម្រះ​សាលា​ក្តី​ខ្មែរក្រហម​សម្រេច​ថា​ ​មិន​ផ្តួចផ្តើម​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ជន​ណា​ផ្សេងទៀត​ក្រៅតែ​ពី​ជន​ដែល​កំពុង​ស្ថិត​ក្នុង​សំណុំរឿង​០០៣​ និង​០០៤នោះ​ទេ។​

កន្លង​មក​ ​លោកនាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ដែល​ជា​អតីត​មេបញ្ជាការ​ខ្មែរក្រហម​មួយ​រូប​ ​ធ្លាប់​បាន​ប្រកាស​រំលាយ​សាលា​ក្តី​ខ្មែរក្រហម​ចោល​ ​ប្រសិនបើ​តុលាការ​កូនកាត់​មួយ​នេះ​ ​បន្ត​នាំ​ខ្លួន​ជន​សង្ស័យ​បន្ថែម​ ​ក្នុង​សំណុំរឿង០០៣​ ​និង០០៤​ ​ដែល​មាន​ជនសង្ស័យ​ដំបូង៥នាក់​ ​មក​កាត់ទោស​បន្ត។​

លោក​ ​ឡៅ ម៉ុងហៃ​ ​អ្នកវិភាគ​ផ្នែក​សង្គម​ ​និង​នយោបាយ​ ​ប្រាប់​ ​VOA​ ​ថា​ ​ការ​ថ្លែង​របស់​លោក​ ​ស​ ​ខេង​ ​ធ្វើឡើង​ដើម្បី​ឲ្យ​ស៊ីសង្វាក់​ទៅ​នឹង​គោល​ជំហរ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​ ​ដែល​ប្រកាស​មិន​ឲ្យ​បន្ត​ការ​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​ផ្សេងទៀត។​ ​លោក​បន្ថែម​ថា​ ​ការ​ថ្លែង​របស់​មន្រ្តី​ជាន់​ខ្ពស់​ថ្នាក់​កំពូល​បែប​នេះ​ ​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការ​បន្ត​នីតិវិធី​របស់​តុលាការ។​

លោក​មានប្រសាសន៍​ថា៖​

​«ករណី​អ្នក​០០៣​ ​០០៤​ ​កំពុងតែ​មានមុខ​នៅ​តុលាការ​នៅឡើយ​ ​មិនទាន់​បាន​សម្រេច​ថា​បញ្ចប់​អី​ផង​ទេ​ ​អញ្ចឹង​សេចក្តី​ថ្លែង​ការណ៍​នេះ​គឺ​ចូល​ការ​ជ្រៀតជ្រែក​ ​គឺ​មានការ​រំលោភ​ទៅលើ​ ​ទី១​ ​ការ​បែងចែក​អំណាច​ ​ទី២​ ​គឺ​តុលាការ​ឯករាជ្យ»។

សាលា​ក្តី​ខ្មែរ​ក្រហម​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ជំនួយ​របស់​អង្គការ​សហ​ប្រជាជាតិ​ ​កាលពី​ឆ្នាំ​២០០៦​ ​ក្នុង​គោលបំណង​ស្វែងរក​ការពិត​ ​និង​យុត្តិធម៌​ ​ចំពោះ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ ​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ ​ដែល​កើត​មាន​ឡើង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ​ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ ​ដល់​ឆ្នាំ១៩៧៩​ ​ដឹកនាំ​ដោយ​បក្ស​កុម្មុយនីស្ត​កម្ពុជា​ ​ឬ​ដែលគេ​ស្គាល់​ថា​ ​ជា​ក្រុម​ខោអាវ​ខ្មៅ​ខ្មែរ​ក្រហម។

លោក Simon Walker តំណាង​ការិយាល័យ​ឧត្តម​ស្នងការ​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ប្រាប់ VOA តាម​រយៈ​សារ​អេឡិចត្រូនិច ឬ​អ៊ីមែល​ថា ឧត្តម​ស្នងការ​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ នៅ​តែ​គាំទ្រ​ដំណើរ​ការកាត់ក្តី​របស់​សាលាក្តី​ខ្មែរ​ក្រហម តាម​រយៈការ​ធ្វើ​ការងារ​យ៉ាង​ជិត​ស្និទ្ធ​ពាក់ព័ន្ធនឹង​ជំនួយ​ផ្នែក​ច្បាប់​ និងចំណេះ​ដឹង​ផ្សេងៗ។

លោក​បន្ថែម​ថា៖ «ចៅក្រម​នឹង​ធ្វើការ​សម្រេច​ចិត្ត​លើ​ការបន្ត​ករណី​ដែល​មិន​ទាន់​បាន​បញ្ចប់ ​ដោយ​ភាព​ឯករាជ្យ និង​មិន​លំអៀង និង​ផ្អែក​លើ​ហេតុការណ៍​ពិត និង​ដោយ​មិនមាន​ឥទ្ធិពល ឬ​សម្ពាធ​ណាមួយ»។

ចាប់តាំងពី​ឆ្នាំ​២០០៦​ ​រហូត​ដល់​ឆ្នាំ២០១៧​ ​សាលា​ក្តី​ខ្មែរក្រហម​ ​បាន​ចំណាយ​ថវិកា​អស់២៩៧លាន​ដុល្លារ​អាមេរិក​ ​ដែល​ជា​ថវិកា​បាន​មក​ពី​រដ្ឋាភិបាល​កម្ពុជា​ ​និង​ម្ចាស់​ជំនួយ​អន្តរជា​តិ​ផ្សេងៗ​ ​រួម​មាន​ប្រទេស​ជប៉ុន​ ​សហភាព​អឺរ៉ុប​ ​(EU)​ ​សហរដ្ឋ​អាមេរិក​ជាដើម។​

លោក​ ​George Edgar​ ​ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ ​ប្រាប់​ ​VOA​ ​តាមរយៈ​សារ​អេឡិចត្រូនិច​ ​ឬ​អ៊ីមែល​ថា​ ​សហភាព​អឺរ៉ុប​បាន​ ​ស្វាគមន៍​សាលក្រម​របស់​សាលា​ក្តី​ខ្មែរ​ក្រហម​កាល​ពី​ថ្ងៃសុក្រ​កន្លង​ទៅ​ ​ថា​ជា​ជំហាន​សំខាន់​មួយ​ក្នុង​បរិបទ​ទទួល​ខុសត្រូវ​សម្រាប់​បទឧក្រិដ្ឋ​ ​ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​អំឡុង​ពេល​គ្រប់គ្រង​ដោយ​ខ្មែរក្រហម​ពីឆ្នាំ​ ​១៩៧៥​ ​ដល់​១៩៧៩។​

លោក​សរសេរ​បញ្ជាក់​ថា៖​

​«សហភាព​អឺរ៉ុប​នឹង​បន្ត​គាំទ្រ​សាលា​ក្តី​ខ្មែរ​ក្រហម។​ ​សហភាព​អឺរ៉ុប​ ​និង​សមាជិក​របស់​ខ្លួន​បាន​ផ្តល់​ហិរញ្ញប្បទាន​ជិត៣០ភាគរយ​ ​នៃ​ហិរញ្ញប្បទាន​សរុប​សម្រាប់​សាលាក្តី​ខ្មែរក្រហម។​ ​សេចក្តី​សម្រេច​ទៅ​លើ​ដីកា​ចោទប្រកាន់​គឺ​សម្រាប់​សាលា​ក្តី​ខ្មែរក្រហម​ ​ដូចនេះ​ខ្ញុំ​សូម​មិន​បញ្ចេញ​យោបល់​បន្ថែម»។​

ចំណែក​ស្ថានទូត​សហរដ្ឋអាមេរិក​ ​និង​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ ​មិនទាន់​ឆ្លើយតប​នឹង​សំណួរ​របស់​ ​VOA​ ​នៅ​ឡើយ​ ​រហូតដល់​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ។​

ក្នុង​អំឡុងពេល​ដំណើរការ​ចាប់តាំងពី​ឆ្នាំ២០០៦មក​ ​ក្រៅពី​ ​នួន​ ​ជា​ ​និង​ ​ខៀវ សំផន ​សាលាក្តី​ខ្មែរ​ក្រហម​បាន​ឃុំខ្លួន​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ផ្សេងទៀត​ ​គឺ​ ​កាំង​ ​ហ្គេចអ៊ាវ​ ​ហៅ ​ឌុច​ ​អតីត​ប្រធាន​មន្ទីរ​ស២១​ ​ដែល​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយជីវិត​ក្នុង​សំណុំរឿង០០១​ ​ចំណែក​ ​អៀង​ ​សារី​ ​និង​ ​អៀង​ ​ធីរិទ្ធ​ ​បាន​ស្លាប់​ក្នុង​ពេល​ដំណើរការ​កាត់ទោស​ក្នុង​ឆ្នាំ២០១៣​និង២០១៥៕