អ្នក​ទោសវៀតណាម​បណ្តេញ​ពី​ស.រ.អា.​​ប្រឈម​នឹង​ការលំបាក​ទាំង​នយោបាយ​​និង​សេដ្ឋកិច្ច​

ជនជាតិ​វៀតណាមដែល​ត្រូវ​គេ​បញ្ជូន​មកវិញ​លោក Bui Thanh Hung (ឆ្វេង) និង Pham Chi Cuong និយាយ​ជាមួយ​មេធាវី​ជនជាតិ​អាមេរិកាំង​និង​វៀតណាម​អាមេរិក លោក Tin Nguyen នៅ​ក្នុង​ហាង​កាហ្វេ​មួយ​ក្នុង​ទីក្រុង​ហូជីមីញ​ ប្រទេស​វៀតណាម​កាលពី​ថ្ងៃទី​១៩ មេសា ២០១៨។

លោក ​Pham Chi Cuong ​មិនដែល​នឹកគិតថា ​ខ្លួន​នឹង​ត្រូវ​បញ្ជូន​ទៅ​វៀតណាម​វិញ​ទេ ​រហូត​ដល់ពេល​គាត់​ឃើញ​យន្តហោះ​ដែល​កំពុង​រង់ចាំ​ដឹក​លោក​ពី​សហ​រដ្ឋ​អាមេរិក​ទៅ​វៀតណាម​ដែល​លោក​បាន​រត់​ភៀសខ្លួន​កាលពី​ឆ្​នាំ១៩៩០។ ​

លោក Cuong ​និង​មនុស្ស​យ៉ាង​ហោច​ណាស់​បីនាក់​ផ្សេង​ទៀត​ ដែល​បាន​រស់​នៅស.រ.អា.​អស់រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​ហើយនោះ​ ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​វៀតណាម​វិញនៅ​ខែធ្នូឆ្នាំ ​២០១៧​ ដែល​ជាផ្នែក​មួយ​នៃការ​ជំរុញ​របស់រដ្ឋបាល​លោកTrump ​ក្នុងការ​បណ្តេញ​ជន​អន្តោប្រវេសន៍​ដែលត្រូវបាន​ផ្តន្ទាទោស​ពីឧក្រិដ្ឋ​កម្ម​នៅក្នុង​សហ​រដ្ឋ​អាមេរិក។​

ការ​បណ្តេញ​ចេញ​ធ្វើឡើង​ ទោះបីជា​មានកិច្ច​ព្រមព្រៀង​ទ្វេភាគី​ឆ្នាំ​ ២០០៨​ ដែល​ចែង​ថា ​ជន​អន្ដោប្រវេសន៍​វៀតណាម​ដែល​បានមក​ដល់​សហ​រដ្ឋ​អាមេរិក​មុន​ឆ្នាំ១៩៩៥​ ដែលពួកគេ​ភាគ​ច្រើន​បានគាំទ្រ​អតីត​រដ្ឋាភិបាល​វៀតណាម​ខាងត្បូង​នោះ​ ​នឹងមិន​ត្រូវ​បញ្ជូន​ត្រឡប់​ទៅវៀត​ណាម​វិញ​នោះ​ទេ។ ​

លោកCuong ​និងបុរស​ដទៃទៀត​បានប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters នៅ​សប្តាហ៍​នេះ​ក្នុងទីក្រុង​ហូជីមិញ​ថា ​ជីវិតនៅ​វៀតណាម​គឺពិបាក​ ក្នុង​ការ​ស្វែងរក​ការងារ​ធ្វើ។ ​លោកCuong​ បានចាកចេញ​ចោល​ប្រពន្ធ​និង​កូន​នៅទីក្រុង​ Orlando​ រដ្ឋ​ Florida ។​

បុរសម្នាក់​ទៀត​មាន​ត្រកូល​ង្វៀន​ បាន​ឲ្យដឹង​ថា ​មន្ត្រី​នគរបាល​មូលដ្ឋាន​សួរថា ​លោក​វិល​ត្រឡប់​មក​វៀតណាម​វិញ​ធ្វើការ​ឱ្យ​ CIAឬយ៉ាងណា?

លោក​និយាយថា ​លោក​ត្រូវ​បានគេ​បញ្ជូន​ទៅឈូង​សមុទ្រ​ Cam Ranh ជា​កន្លែង​ដែល​លោក​បាន​ភៀសខ្លួន​ បន្ទាប់ពី​ចប់​សង្គ្រាម​ដោយសារ​គ្រួសារ​លោក​នៅខាង​រដ្ឋាភិបាល​វៀតណាម​ខាង​ត្បូង​ដែល​ចាញ់​សង្គ្រាម៕