ក្តីបារម្ភ​ថា​គ្មាន​កិច្ចព្រមព្រៀង​ពេល​អង់គ្លេស​ចាកចេញ​​ពី​EU​កើនឡើង​ខណៈ​លោកចនសុន​ទៅ​ទីក្រុង​ប្រ៊ុចសែល

  • ​Reuters

រូបឯកសារ៖ លោក Steve Bray ជា​បាតុករ​ម្នាក់​ដែល​ប្រឆាំង​នឹង​ការ​ចាកចេញ​ពី​សហភាអឺរ៉ុប​របស់​អង់គ្លេស កំពុង​តវ៉ា​ប្រឆាំង​នៅ​ខាង​ក្រៅ​​កិច្ចប្រជុំ​មួយ​​អំពី​រឿង​នេះ​នៅ​ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០។

នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson​ បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ប៊្រុចសែល​ប្រទេស​ប៊ែលហ្សិក​នៅ​ថ្ងៃពុធ​ដើម្បី​ចូលរួមពិសាអាហារ​ពេល​ល្ងាច ​ជាមួយ​ប្រធាន​គណៈកម្មាធិការ​ សហភាព​អឺរ៉ុប​ អ្នកស្រី​ Ursula von der Leyen ​ក្នុង​ការស្វែងរក​ដំណោះស្រាយ​ជាលើកចុង​ក្រោយ​ ដើម្បី​ជៀសវាងភាពច្របូក​ច្របល់​ដែល​អាច​កើត​មាន​ឡើង​ដោយសារ​តែគ្មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ក្រោយ​ការចាកចេញជា​ផ្លូវការ​ពី​សហភាព​អឺរ៉ុប​ ឬ​ Brexit​ របស់​អង់គ្លេស​ក្នុង​រយៈពេល​បី​សប្តាហ៍​ខាងមុខ​ទៀត​នេះ។​

ដោយ​បារម្ភ ពីភាពច្របូក​ច្របល់​ដែល​អាច​នឹង​កើត​មាន​ឡើង​ដោយសារ​តែគ្មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ណា​មួយ ​ចំពោះ​វិបត្តិ​នៃការចាកចេញ​របស់​អង់គ្លេស​ អស់​រយៈពេល​៥​ឆ្នាំ​ ដែល​ប្រទេស​មួយ​នេះ​នឹង​ត្រូវ​ចាកចេញជា​ផ្លូវការ​នៅ​ថ្ងៃទី​៣១​ខែធ្នូ​ខាង​មុខ​នេះ​ កម្មវិធីពិសា​អាហារ​ល្ងាច រវាង​មេដឹកនាំ​ទាំង​ពីរ​នេះ ​អាច​ត្រូវ​បាន​គេ​មើល​ឃើញ​ថាជម្រើសចុង​ក្រោយ​ដើម្បី​រក​ច្រកចេញ​ពី​ការជាប់​គាំង​លើកិច្ចពិភាក្សា​ពាណិជ្ជកម្មរវាងភាគី​ទាំង​ពីរ។​

ប្រភព​មួយ​ពីមន្ត្រី​រដ្ឋាភិបាល​អង់គ្លេស​បាន​គូស​បញ្ជាក់​ថា៖ «យើង​ត្រូវ​មាន​ភាពប្រាកដ​និយម​ដែល​ថា​ កិច្ចព្រមព្រៀង​មួយ​នឹង​មិន​អាច​កើត​មាន​ឡើង​នោះ​ទេ​ព្រោះ​ដោយសារ​យើង​នឹង​មិនសម្រប​សម្រួល​លើការទាមទារ​យកបូរណភាព​របស់​អង់គ្លេស​នោះឡើយ»។

រដ្ឋមន្ត្រី​ការបរទេស​អៀរឡង់​លោក Simon Coveney លើក​ឡើង​ថា​លោក​ជឿជាក់ថា​ ប្រទេស​អង់គ្លេស​ ចង់​ស្វែងរក​វិធី​ដោះស្រាយ​ដើម្បី​សម្រេចកិច្ចព្រមព្រៀង​មួយ​ ដោយ​លោក​បានដកស្រង់សម្តី​នៃ​កិច្ចសន្ទនាជាមួយ​មន្ត្រី​រដ្ឋាភិបាល​ទីក្រុង​ឡុងដ៍៕