ការប្រឡង​​មធ្យម​សិក្សា​ទុតិយភូមិ​ដោយ​គ្មាន​​ការ​លួច​ចម្លង​គឺជា​ការ​ផ្លាស់​ប្តូរ​ដ៏​ធំ​ធេង​សម្រាប់​កម្ពុជា

  • Robert Carmichael

Your browser doesn’t support HTML5

លទ្ធផល​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​របស់​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៤ ធ្វើ​ឲ្យ​មាន​ភាពភ្ញាក់​ផ្អើល​ដោយសារតែ​ជាង​ពាក់​កណ្តាល​នៃ​សិស្ស​ចំនួន​៩ម៉ឺន​នាក់​បាន​ប្រឡង​ធ្លាក់។

លទ្ធផល​ប្រឡងមធ្យម​សិក្សា​ទុតិយភូមិ​របស់​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៤ ​មាន​ភាព​ភ្ញាក់​ផ្អើល ​ដោយ​សារតែ​ជាង​ពាក់​កណ្តាល​នៃ​សិស្ស​ចំនួន​៩ម៉ឺន​នាក់​បាន​ប្រឡង​ធ្លាក់។ មូលហេតុ​នោះ ​គឺ​ថា ​អាជ្ញាធរ​លុប​បំបាត់​ការ​លួច​ចម្លង។ នេះ​គឺជា​ផ្នែក​មួយ​នៃ​កំណែ​ទម្រង់​ ដែល​រៀប​ចំ​ឡើង​ដើម្បី​កែ​ប្រែ​វិស័យ​អប់រំ​ដ៏​ទន់ខ្សោយ​របស់​កម្ពុជា។

សេចក្តី ​សម្រេច​លុប​បំបាត់​ការ​លួច​ចម្លងមាន​ឥទ្ធិពល​ខ្លាំង។ ៦០ភាគ​រយ​នៃ​សិស្ស​ថ្នាក់​ទី​១២​ឆ្នាំ​២០១៤ ​បាន​ប្រឡង​ធ្លាក់​ ទោះ​បី​ជា​មាន​ឱកាស​ប្រឡង​លើក​ទី២​កាល​ពី​ខែ​តុលាឆ្នាំ​មុន​ក៏​ដោយ។ សិស្ស​ថ្នាក់​ទី​១២​ឆ្នាំ​២០១៥ ​បាន​កត់​សម្គាល់​ពី​បញ្ហា​នេះ។​

រតនា សិស្ស​ថ្នាក់​ទី​១២ ​ថា​ «ការ​មិន​លួច​ចម្លងក្នុង​ពេល​ប្រឡង»​ មាន​ន័យ​ថា ​ពួក​គេ​ត្រូវ​តែ​ប្រើ​ចំណេះ​ដឹង​របស់​ខ្លួនដើម្បី​ប្រឡង​ឲ្យ​ជាប់ ​និង​ចូល​រៀន​ថ្នាក់​មហា​វិទ្យាល័យ។​

រតនា ​និយាយ​ថា៖ «គោល ​ការណ៍​ថ្មី​នេះ ​គឺ​ធ្វើ​ឲ្យ​យើង​ខំ​រៀនបន្ថែម​ទៀត​ និង​មិន​ដើរ​លេង​ច្រើន​ដូច​មុន។ ហើយ​វា​ក៏​មាន​ន័យ​ថា ​យើង​នឹង​មិន​ចំណាយ​ប្រាក់​ក្នុង​ពេល​ប្រឡង»។

គោល ​ការណ៍​ថ្មី​នេះ​ជា​គំនិត​របស់លោក ហង់ ជួន​ណារ៉ុន​ ​អតីត​រដ្ឋ​លេខា​ធិការ​ក្រសួងហិរញ្ញវត្ថុ ដែល​ត្រូវបាន​តែង​តាំង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំកាល​ពី​ឆ្នាំ​មុន។ លោក ​ថា ​ការ​ធ្វើ​កំណែ​ទម្រង់​វិស័យ​អប់​រំ ​គឺ​សំខាន់​ដល់​ការ​អភិវឌ្ឍ​របស់​កម្ពុជា។

លោក​រដ្ឋ​មន្ត្រី ហង់ ជួនណារ៉ុន ​ឲ្យ​ដឹង​ថា៖ «កត្តា ​សំខាន់​ជាង​គេ​គឺ ​ការ​ខ្វះអ្នក​មាន​ជំនាញនៅ​កម្ពុជា។ ហើយ​វាក្លាយ​ជា​ឧបសគ្គ​ដល់​ការ​អភិវឌ្ឍ​ និង​កំណើន​សេដ្ឋកិច្ច ​ដើម្បី​ទាក់​ទាញ​ការ​វិនិ​យោគ​ទុនបរទេស​ផ្ទាល់។ យើង​មាន​អ្នក វិនិយោគ​ ទុនចូល​មក​ដាក់​ទុន ​ហើយ​ពួក​គេ​ចង់​បាន​កម្លាំង​ពលករ​មាន​ជំនាញ តែ​យើង​មិន​មាន​គ្រប់​គ្រាន់។ យើង​មាន​និស្សិត​ច្រើន ដែលមិន​អាច​រក​ការងារ​ធ្វើ។ ហើយ​នេះ​គឺជា​បញ្ហា​មួយ​ដែល​ប្រទេស​ជា​ច្រើន​កំពុង​ប្រឈម​គឺ​ការ​ខ្វះ​អ្នក​ ជំនាញ»។ ​

គោលការណ៍ ​ថ្មី​នេះ​ គឺ​ដើម្បីធ្វើ​ឲ្យ​ការបណ្តុះ​បណ្តាល​គ្រូ​បង្រៀន​ រដ្ឋបាល​គ្រប់​គ្រងសាលារៀន​មាន​ភាព​ប្រសើរ​ឡើង​ និង​លើក​កម្ពស់​ការត្រិះ​រិះ​ និង​ការ​ដោះ​ស្រាយ​បញ្ហា​ដល់​សិស្ស​កម្ពុជា​ចំនួន​២លាន​៩សែន​នាក់។

គ្រូបង្រៀន ​នឹង​ទទួល​បាន​ប្រាក់​បៀរវត្សរ៍​ច្រើន​ជាង​មុន ​ហើយ​សាលារៀន​នឹង​ទទួល​បាន​មូលនិធិ​ឧបត្ថម្ភ​ច្រើន​ជាង​មុន​ពីផែនការ​ថវិកា​ ជាតិ​សម្រាប់​វិស័យ​អប់​រំ ដែល​នឹង​កើន​ឡើង​ដល់​៤៤០​លាន​ដុល្លារ។

វា ​គឺជា​ផ្លូវ​ដ៏​វែង​ឆ្ងាយ​សម្រាប់កម្ពុជា។ កម្ពុជា​មាន​អត្រា​គ្រូ​បង្រៀន​ថ្នាក់​បឋម​សិក្សា​ម្នាក់​សម្រាប់​សិស្ស​ ៤៦​នាក់​ ដែល​ជា​ចំនួន​ដ៏​យ៉ាប់​យ៉ឺន​បំផុត​ក្នុង​ពិភពលោក​ ក្រៅ​ពី​ប្រទេស​នៅ​អាហ្រ្វិក។

ធនាគារ ​អភិវឌ្ឍ​ន៍​អាស៊ី ​បាន​ផ្តល់​ថវិកាចំនួន​៩០​លាន​ដុល្លារក្នុង​រយៈពេល​៥ឆ្នាំ​សម្រាប់​ការ​ បង្កើន​គុណភាព​វិស័យ​អប់រំ ​និង​កាត់​បន្ថយ​អត្រា​បោះ​បង់​ការ​សិក្សា។

លោក ម៉ា សុភា ​បុគ្គលិក​ធនាគារ​អភិវឌ្ឍន៍អាស៊ី ​អប​អរ​សាទរ​សេចក្តី​សម្រេចរបស់​រដ្ឋាភិបាល​ក្នុង​ការ​បង្កើនការចំណាយ​ លើ​វិស័យ​អប់​រំ ​តែ​ លោក​ថា ​ការ​ចំណាយ​តែ​១៧ភាគ​រយ​នៃ​ថវិកា​ជាតិ​នេះ ​មាន​កម្រិត​ទាបនៅ​ឡើយ។

លោក​ ឲ្យ​ដឹង​ថា៖ «ការ ​បែង​ចែក​ថវិកា​គឺ​សំខាន់ ​ប៉ុន្តែ​ការ​ចំណាយ​ក៏​សំខាន់​ដែរ។ ហើយ​នេះ ​គឺ​ជា​កត្តា​ប្រឈម​មួយ​ ពីព្រោះ​យើង​ដឹង​ថា ​សមត្ថភាព​នៅ​តាម​សាលារៀន​និង​ថ្នាក់ពាក់​កណ្តាល​ជាតិ​នៅ​តែ​ជា​បញ្ហា។ ដូច្នេះ​កំណែ​ទម្រង់​គឺមិន​ត្រូវ​ធ្វើ​ឡើង​តែ​ក្នុង​ក្រសួង​ទេ ​តែត្រូវចាប់​ផ្តើម​តាម​សាលារៀន​នីមួយៗ ​និង​ពី​ថ្នាក់​ក្រោម»។

លោក ​ថា ​ការ​ធានា​ឲ្យ​បាន​ជោគ​ជ័យ​លើ​កំណែ​ទម្រង់​ទាំង​នេះ ​នឹង​ត្រូវ​ការ​ការ​គាំ​ទ្រ​មិន​ត្រឹម​តែ​ពី​សំណាក់​រដ្ឋាភិបាល​ទេ ​ថែម​ទាំង​ពី​សិស្ស​សាលា​ អាណាព្យាបាល​ និង​ពី​វិស័យ​ឯកជន​ផង​ដែរ៕

ប្រែ​សម្រួល​ដោយ​ ​ទែន សុខស្រីនិត