គ្រូបង្រៀន​សាកល​វិទ្យាល័យ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា​ផ្អាក​ធ្វើ​កូដកម្ម​ដែល​មាន​រយៈពេល ៨ ខែ​កន្លង​មក

រូបឯកសារ៖ សមាជិក​សភា​ការងារ​នីហ្សេរីយ៉ា​តវ៉ា​នៅ​តាម​ផ្លូវ​ក្នុង​ទីក្រុង Lagos នៃ​ប្រទេស​នីហ្សេរីយ៉ា កាលពី​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ក្នុង​ការរួមគ្នា​ជាមួយ​សហជីព​បុគ្គលិក​សិក្សាធិការ​សាកល​វិទ្យាល័យ។

សហជីព​បុគ្គលិក​សិក្សាធិការ​សាកលវិទ្យាល័យ (ASUU) ​នៅក្នុង​ប្រទេស​នីហ្សេរីយ៉ា​ បាន​ប្រកាស​ផ្អាក​កូដកម្ម​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃទី១៤ ខែតុលា​កន្លង​ទៅ​នេះ​ បន្ទាប់​ពី​មាន​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្តិ​ថ្នាក់​ជាតិ​បន្ទាន់​មួយ និង​បង្គាប់​ឱ្យ​សមាជិក​ខ្លួន​ចូល​ធ្វើ​ការ​ឡើង​វិញ​ជា​បន្ទាន់នោះ​។

សហជីព​គ្រូ​បង្រៀន​នេះ​បាន​និយាយ​ថា សេចក្តីសម្រេច​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ចរចា​យ៉ាង​តានតឹង​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​កន្លង​មក​ ​ជាមួយ​នឹង​អាជ្ញាធរ​នីហ្សេរីយ៉ា និង​ដីកា​តុលាការ​ដែល​បង្គាប់​ឱ្យ​ផ្អាក​ធ្វើ​កូដកម្ម។

គ្រូ​បង្រៀន​នៅ​សាកលវិទ្យាល័យ​បាន​ដើរ​ចេញ​ពី​ថ្នាក់​រៀន​កាលពី​ថ្ងៃទី១៤ ខែកុម្ភៈ​កន្លងទៅ​ ដើម្បី​តវ៉ា​លើ​ជម្លោះ​ប្រាក់​បៀវត្សរ៍។ សហជីព​នេះ​ក៏​បាន​ថ្លែង​ថា អាជ្ញាធរ​នីហ្សេរីយ៉ា​បាន​បដិសេធ​ចំពោះ​ការ​សន្យា​កាលពី​ពេល​មុន​ក្នុង​ការ​វិនិយោគ​ទឹកប្រាក់​ប្រមាណ ៣ ពាន់​លាន​ដុល្លារ​អាមេរិក​លើ​សាលា​សាធារណៈ។

នៅ​ដើម​ខែតុលា​កន្លង​ទៅ​នេះ​លោក Muhammadu Buhari ប្រធានាធិបតី​នីហ្សេរីយ៉ា​បាន​បង្ហាញ​ខ្ទង់​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ២០២៣ និង​បាន​បម្រុង​ទុក​ទឹកប្រាក់​ប្រមាណ ៦៩០ លាន​ដុល្លារ​អាមេរិក​សម្រាប់​សាកលវិទ្យាល័យ និង​ទឹកប្រាក់​ប្រមាណ ៣៩០ លាន​ដុល្លារ​អាមេរិក​សម្រាប់​សាលា​ពហុបច្ចេកវិទ្យា និង​មហាវិទ្យាល័យ​អប់រំ។

អាជ្ញាធរ​ក៏​បាន​យល់ព្រម​ទូទាត់​ប្រាក់​បៀវត្ស​រ៍ដល់​គ្រូ​បង្រៀន​សម្រាប់​រយៈពេល​ជាច្រើន​ខែ​ដែល​មិន​បាន​បង្រៀន​ផង​ដែរ។

លោក Peter Adamu ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​ប្រតិបត្តិ​នៃ​សហជីព ASUU។ លោក​ថា អាជ្ញាធរ​មិន​បាន​ធ្វើ​តាម​ការ​ទាមទារ​របស់​សហជីព​ឱ្យ​បាន​ពេញលេញ​ទេ ប៉ុន្តែ​មាន​ការ​វិវឌ្ឍ​ទៅ​មុខ។

លោក Peter Adamu បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «យើង​បាន​ផ្លាស់ប្តូរ​ជំហរ។ រដ្ឋាភិបាល​ក៏​អ៊ីចឹង​ដែរ។ យើង​បាន​ឈាន​ដល់​ចំណុច​កណ្តាល​មួយ ដូច្នេះ​យើង​សង្ឃឹម​ថា ភាគី​ទាំង​ពីរ​នឹង​ប្រកាន់​ខ្ជាប់​ទៅ​នឹង​កិច្ចព្រមព្រៀង​នេះ ហើយ​សហជីព​បាន​អនុវត្ត​តាម​លក្ខខណ្ឌ​របស់​យើង​ក្នុង​កិច្ចព្រមព្រៀង​នេះ​ហើយ ដូច្នេះ​យើង​សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​អនុវត្ត​ផ្នែក​របស់​ខ្លួន​ក្នុង​កិច្ចព្រមព្រៀង​ដែរ»។

ការ​តវ៉ា​លើ​ប្រាក់​បៀវត្សរ៍ និង​គ្រឿង​បរិក្ខារ​សុខមាលភាព​ដែល​ចាស់ៗ​របស់​សហជីព​គ្រូ​បង្រៀន​ក្លាយ​ជា​រឿង​សាមញ្ញ​នៅ​ក្នុង​ប្រព័ន្ធ​អប់រំ​នីហ្សេរីយ៉ា​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​ហើយ​ ដែល​ជួនកាល​មាន​រយៈពេល​ជាច្រើន​ខែ។

ការ​ធ្វើ​កូដកម្ម​កាលពី​លើក​មុន​ក្នុង​ឆ្នាំ២០២០ ​បន្ទាប់​ពី​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩​មាន​រយៈពេល ៩ ខែ ដែល​ជា​រយៈពេល​យូរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នីហ្សេរីយ៉ា។

សហជីព ASUU ថា ការ​ចរចា​នឹង​បន្ត​ស្រប​ពេល​សាលារៀន​បើក​ទ្វារ។ មនុស្ស​ជាច្រើន​សង្ឃឹម​ថា បញ្ហា​រវាង​សហជីព និង​រដ្ឋាភិបាល​អាច​ត្រូវ​បាន​ដោះស្រាយ​ដើម្បី​ភាព​ល្អ​ប្រសើរ៕