គណបក្ស​ខ្មែរ​​រួបរួម​ជាតិ​របស់​លោក​ ​ញឹក ប៊ុនឆៃ​ ​ប្រឈម​នឹង​ការ​រំលាយ​ចោល​ ខណៈ​ដែល​តុលាការ​ចោទ​លោក​ថា​មាន​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀន

រូបឯកសារ៖ លោក​ ញឹក​ ប៊ុនឆៃ​ អង្គុយ​នៅ​កណ្តាល​ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ឯ​គេហដ្ឋាន​នៅ​ក្នុង​ការ​ធ្វើ​សន្និសីទ​ព័ត៌មាន​​ អំពី​ការ​ដើរ​ចេញ​ពី​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ និង​ការ​បង្កើត​គណបក្ស​រួបរួម​ជាតិ​​ ​នៅ​គេហដ្ឋាន​របស់​លោក​ ស្ថិត​ក្នុង​សង្កាត់​ជ្រោយ​ចង្វារ​ ខ័ណ្ឌ​ជ្រោយ​ចង្វារ​ រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ពុធ​ទី​ ៣​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៦​។ (ហ៊ុល រស្មី/VOA Khmer)

ក្រោយ​ពេល​លោក​ ​ញឹក ប៊ុនឆៃ​ ​ប្រធាន​គណបក្ស​ខ្មែរ​រួបរួមជាតិ ត្រូវបាន​តុលាការ​ចោទ​ប្រកាន់​តាម​ផ្លូវច្បាប់​ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿង​ញៀន អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះ​ឆ្នោត​ ​និង​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លើក​ឡើង​ថា​ ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់​លោក​ ​ញឹក ប៊ុនឆៃ​ ​អាច​នឹង​ត្រូវ​រំលាយ​ចោល ​ប្រសិន​បើ​ប្រធាន​គណបក្ស​មួយ​នេះ​មិន​លាលែង​ចេញ​ពី​តំណែង​មុន​នឹង​តុលាការ​រក​ឃើញ​ពី​ទោស​កំហុស។

គណបក្ស​ខ្មែររួបរួម​ជាតិ​របស់​លោក​ ​ញឹក ប៊ុនឆៃ​ ​ប្រឈម​នឹង​ការ​រំលាយ​ចោល​ ​ប្រសិន​បើ​លោក​ ​ញឹក ប៊ុនឆៃ​ ​ដែល​ទើប​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​ ​មិន​ព្រម​លា​លែង​ចេញ​ពី​តំណែង ​មុន​ពេល​ដែល​តុលាការ​រកឃើញ​ថា​លោក​មាន​ទោស។ នេះ​បើតាម​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត។

លោក​ ​ញឹក ប៊ុនឆៃ​ ​អតីត​មេបញ្ជាការ​យោធា​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ​ដែល​បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​យក​ទៅ​សួរ​ចម្លើយ​ ​តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​របស់​លោក សៀង សុខ​ ​ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ។​ ​បន្ទាប់ពី​ការ​ឃាត់​ខ្លួន​ ​និង​សួរ​ចម្លើយ​ទាំង​ថ្ងៃ​ចុង​សប្តាហ៍នោះ​ ​តុលាការ​រាជធានី​ភ្នំពេញ​ ​បាន​សម្រេច​ចោទ​ប្រកាន់​ ​លោក ញឹក ប៊ុនឆៃ ​ជា​ផ្លូវ​ការ​ពី​ «​បទ​សមគំនិត​ក្នុង​បទ​ផលិត​គ្រឿង​ញៀន​ ​និង​នាំ​ចូល​សារធាតុ​សម្រាប់​ផ្សំ​គ្រឿងញៀន» ក្នុង​សំណុំ​រឿង​ជួញដូរ​គ្រឿងញៀន​កាល​ពី​១០​ឆ្នាំ​មុន​ ហើយ​បញ្ជូន​រូប​លោក​ទៅ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ ​កាលពី​ថ្ងៃអាទិត្យ​ម្សិល​មិញ។

​លោក​ ​ហង្ស ពុទ្ធា​ ​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​ ​(គ.ជ.ប)​ ​ប្រាប់​ ​VOA​ ​នៅថ្ងៃ​ចន្ទ​នេះ​ថា​ ​បើ​តាម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដែល​ទើបតែ​ធ្វើ​វិសោធនកម្ម​ ​គណ​បក្ស​ខ្មែរ​រួបរួមជាតិ​របស់​លោក​ ​ញឹក ប៊ុនឆៃ​ ​អាច​នឹង​ត្រូវ​រំលាយ​ចោល​ ​ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា​ លោក​មាន​ទោស​ ​និង​ប្រកាស​សាលក្រម​ស្ថាពរ។ លោក​បន្ថែម​ថា​ ​គណបក្ស​របស់​លោក​ ​ញឹក ប៊ុនឆៃ​ ​នឹង​អាចរួច​ផុត​ពីការ​រំលាយ​ ​ប្រសិន​បើ​គណបក្ស​នោះ​បាន​រៀបចំ​ការ​ផ្លាស់​ប្តូរ​ប្រធាន​គណបក្ស​ត្រឹមត្រូវ​តាម​ច្បាប់។

«ប្រសិន​បើ​តុលាការ​មាន​សាលក្រម​ស្ថាពរ​ ​សាលក្រម​ស្ថាពរ​នេះ​បាន​ន័យ​ថា​ ​តុលាការ​កំពូល​សម្រេច​ដាក់​ទោស​ ​ឬក៏​ផ្តន្ទាទោស​យ៉ាងណា​នោះ​ ​គឺត្រូវ​អនុវត្ត​ទៅ​តាម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ ​បូក​នឹង​វិសោធនកម្ម​ដែល​សភា​ទើប​តែ​បញ្ចប់​នាពេល​ថ្មីៗ​នេះ។ មុន​ពេល​ដែល​សាល​ក្រម​ជាស្ថាពរ​ ​ប្រហែល​ជា​គណបក្ស​គាត់​អាច​ដោះដូរ​មេដឹកនាំ​អី​អញ្ចឹង​ទៅ​គណ​បក្ស​នោះ​អាច​ផុត​ពី​ការ​ដែល​ត្រូវ​រំលាយ»។

មាត្រា​មួយ​ចំនួន​នៃ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ ​ដែល​បាន​ស្នើ​ជា​លើកទី​មួយ​ កាល​ពី​ប៉ុន្មាន​ខែ​មុន ដោយ​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​កាន់​អំណាច បាន​កំណត់​ថា ​ប្រធាន ឬ​អនុប្រធាន​គណបក្ស​នយោបាយ​ ​ត្រូវ​តែ​ជា​ជន​គ្មាន​ទោស​ពៃរ៍។​ ​វិសោធនកម្ម​ច្បាប់​ដែល​បាន​ចូល​ជា​ធរមាន​នា​ពេល​នោះ​ ​បាន​បើក​ផ្លូវ​ឲ្យ​ក្រសួង​មហាផ្ទៃ​ ​និង​តុលាការ​កំពូល​ ​អាច​ផ្អាក​ ​ឬ​រំលាយ​គណបក្ស​នយោបាយ​ណា​មួយ​ចោល​ប្រសិន​បើ​ក្រសួង​រក​ឃើញ​ថា ​គណបក្ស​នយោបាយ​នោះ​បំពាន​លើ​មាត្រា​ណា​មួយ​នៃ​ច្បាប់​ថ្មី​នេះ។

ស្រដៀង​នឹង​ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​ ​គ.ជ.ប​ ​ដែរ​ ​នាយ​ឧត្តមសេនីយ៍​ ​ខៀវ សុភ័គ​ ​អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​មាន​ប្រសាសន៍​ថា​ ​លក្ខខណ្ឌ​ដែល​អាច​ជៀសផុត​ពី​ការ​រំលាយ​គណបក្ស​ខ្មែរ​រួបរួមជាតិ​បាន លុះ​ត្រា​តែ​លោក​ ​ញឹក ប៊ុនឆៃ​ ​មិនមែន​ជា​ប្រធាន​គណបក្ស​នោះ​តទៅ​ទៀត​ ​មុន​នឹង​តុលាការ​សម្រេច​ថា​ ​លោក​ ​ញឹក ប៊ុនឆៃ ​មាន​ទោស។​

«លាលែង​ឲ្យ​ស្រឡះ​បណ្តោយ​ទៅ​ ​កុំ​ឲ្យ​ពាក់ព័ន្ធ​គណបក្ស​ទៀត ឬ​ក៏​គណបក្ស​បណ្តេញ​រូប​គាត់​ចេញ​ទៅ។​ ​វា​ជា​ឧទាហរណ៍​របស់​ពូ​ទេ​ ​គ្រាន់​យោបល់​របស់​ពូ​ផ្ទាល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ជំហរ​របស់​ក្រសួង​ទេ។​ ឧទារណ៍​ថា ​គណបក្ស​គាត់​ដេញ​គាត់​ចេញ​ទៅ​ ​គាត់​អត់​មាន​ប៉ះពាល់​ ​ជ្រើស​រើស​ប្រធាន​បក្ស​អីមួយ​ទៀត​ទៅ។​ ​ប៉ុន្តែ​ទោះយ៉ាងណា​ក៏​ដោយ​ ​ត្រូវ​ធ្វើ​ឲ្យ​ស្រប​តាម​លក្ខខន្តិកៈ​បក្ស​ដែល​ដាក់​តម្កល់​នៅ​ក្រសួង»។

នាយ​ឧត្តមសេនីយ៍​ ​ខៀវ សុភ័គ បន្ថែម​ថា​ ​លទ្ធផល​ចុង​ក្រោយ​របស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ នឹង​អាច​កំណត់​បាន​ជាក់​លាក់​ លុះត្រាតែ​មាន​ការ​សម្រេច​របស់​តុលាការ​ជាមុន។

VOA​ ​មិនអាច​ទាក់ទង​មន្រ្តី​ជាន់ខ្ពស់​ ​និង​អ្នកនាំពាក្យ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ ​ដើម្បី​សុំ​អធិប្បាយ​បានទេ​នា​ថ្ងៃ​ចន្ទ​នេះ។​

ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​នៃ​ការ​ឃាត់​ខ្លួន​ ​លោក​ ​ញឹក ប៊ុនឆៃ​ ​នេះ ​លោក​ ​លី សុផាណា​ ​អ្នក​នាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​កាល​ពី​ថ្ងៃអាទិត្យ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​បញ្ជាក់​ថា​ ​បន្ទាប់ពី​ទទួល​សំណុំ​រឿង​ ​និង​ដំណើរការ​កិច្ច​ពិភាក្សា​ដេញ​ដោល​ចំពោះ​មុខ​រួម​ទាំង​ពិនិត្យ​ឯកសារ​នានា​ក្នុង​សំណុំ​រឿង​ ​ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ឃុំ​ខ្លួន​លោក​ ​ញឹក ប៊ុនឆៃ​ ​ជា​បណ្តោះ​អាសន្ន​នៅ​មណ្ឌល​ឃុំ​ខ្លួន​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី។

យោង​សេចក្តី​ថ្លែងការណ៍​របស់​អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ឲ្យ​ដឹង​ថា​ ​សំណុំ​រឿង​បង្ក្រាប​គ្រឿងញៀន​ដ៏ធំ​កាលពី​ជាង​១០ឆ្នាំ​មុន​ គឺ​តាំង​ខែ​មេសា​ ឆ្នាំ​២០០៧ នៅ​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់​ស្ពឺ​ ដែល​មាន​ជន​ជាប់ចោទ​ជន​ជាតិ​ខ្មែរ ​ចិន​ ​ថៃ​ ​កំពុង​ជាប់​ពន្ធនាគារ​ម្នាក់​ ២៥​ឆ្នាំ​នោះ​ គឺ​មាន​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដែល​ក្នុង​នោះ​ក៏​មាន​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ផង​ដែរ។ ​លោក​សរសេរ​បន្ថែម​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ​ថា ទណ្ឌិត​ ​ជា ជុង​ ​ដែល​ធ្លាប់​ជា​ទីប្រឹក្សា​របស់​លោក​ ​ញឹក ប៊ុនឆៃ​ ​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី​៣១ ខែ​កក្កដា ទៅ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ដើម្បី​«​សុំ​ស្វែងរក​យុត្តិធម៌​ ​និង​បរិហារ​ឡើង​វិញ​នូវ​សំណុំ​រឿង​គ្រឿងញៀន​នេះ​»។

សេចក្តី​ថ្លែងការណ៍​ដដែល​នោះ​សរសេរ​បន្ថែម​ក្នុង​ន័យ​ដើម​ថា៖

ផ្អែក​លើ​ការ​បរិហារ​របស់​ទណ្ឌិត​ឈ្មោះ​ ​ជា ជុង ឯកសារ​ ​និង​ភ័ស្តុតាង​នៅ​ក្នុង​សំណុំ​រឿង​ព្រម​ទាំង​បន្ទាប់​ពី​ស្រាវជ្រាវ​ករណី​នេះ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​រកឃើញ​តម្រុយ​បទ​ល្មើស​លើ​ឈ្មោះ​ ​ញឹក ប៊ុនឆៃ​ ​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​គ្រឿង​ញៀន​ខាង​លើ»។

អ្នកឃ្លាំមើល​ស្ថាន​ការណ៍​នយោបាយ​នៅ​កម្ពុជា​លើក​ឡើង​ថា ករណី​ឃាត់​ខ្លួន​លោក​ ​ញឹក ប៊ុនឆៃ​ អាច​ពាក់ព័ន្ធ​នឹង​ល្បែង​នយោ​បាយ​ ​ក្រោយ​ពី​លោក​ ​ញឹក ប៊ុនឆៃ​ ​ត្រូវ​បាន​គណបក្ស​កាន់​អំណាច​ចោទ​ថា​ មិន​ស្មោះ​ត្រង់​នឹង​សម្ព័ន្ធ​ភាព​ជាមួយ​គណ​បក្ស។ ទោះជា​យ៉ាង​ណា​ ​ការ​លើក​ឡើង​នេះ​ត្រូវ​បាន​មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ​ច្រានចោល​ និង​ថា​ ​ការ​ឃាត់​ខ្លួន​លោក​ ​ញឹក ប៊ុនឆៃ​ ​គឺ​កើត​ចេញ​ពី​ករណី​គ្រឿង​ញៀន​សុទ្ធសាធ​ ​មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ណាមួយ​នោះ​ទេ៕