អង្គការសង្គមស៊ីវិលជាង៤០ស្ថាប័នស្នើឱ្យរដ្ឋាភិបាលផ្តល់សច្ចាប័នជាអាទិភាពលើអនុសញ្ញាពលកម្មអន្តរជាតិ(ILO)ស្តីពី«ការលុបបំបាត់អំពើហិង្សា និងការបៀតបៀនក្នុងពិភពការងារ» ដោយហេតុថាពលរដ្ឋកម្ពុជា ជាពិសេសកម្មការិនីនៅតែរងអំពើហិង្សា និងការបៀតបៀន ខណៈការអន្តរាគមន៍របស់អាជ្ញាធរនៅមានកម្រិត។
ការស្នើសុំនេះធ្វើឡើងក្នុងយុទ្ធនាការ១៦ថ្ងៃនៃខួបទី៣២ ស្តីពីការ«រួមគ្នាលុបបំបាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបៀតបៀនក្នុងពិភពការងារ» នៅឆ្នាំ២០២៣នេះ ដែលចាប់ផ្តើមពីថ្ងៃទី ២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។
អង្គការសង្គមស៊ីវិលចំនួន៤១ស្ថាប័ននោះ រួមមាន គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងគ្រប់រូបភាពលើស្រ្តី (NGO-CEDAW) អង្គការអាក់សិនអេតកម្ពុជា(ActionAid) អង្គការយេនឌ័រ និងអភិវឌ្ឍន៍ ដើម្បីកម្ពុជា (GADC) អង្គការឃែរកម្ពុជា (CARE) សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅថា IDEA សហភាពចលនាកម្មករកម្ពុជា និងសមាគមមួយចំនួនទៀត។
នៅថ្ងៃសុក្រនេះ ក្រុមអង្គការសង្គមស៊ីវិលទាំងនោះក៏បានរៀបចំសន្និសីទសារព័ត៌មាន ស្តីពីយុទ្ធនាការ១៦ថ្ងៃ ស្តីពី«រួមគ្នាលុបបំបាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបៀតបៀនក្នុងពិភពការងារ»នៅការិយាល័យអង្គការខុមហ្រ្វែល ក្នុងរាជធានីភ្នំពេញ ដែលមានអ្នកចូលរួមជាសមាជិកសហជីព និងពលរដ្ឋដែលប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធជាង១០០នាក់។
ក្នុងសន្និសីទសារព័ត៌មាននោះ ពួកគេលើកឡើងថាមិនមែនមានតែស្ត្រីទេដែលរងការបៀតបៀន គឺបុរសក៏ការរងការបៀតបៀន និងអំពើហិង្សាគ្រប់ទម្រង់ផងដែរ ហើយសកម្មភាពទាំងនោះនៅតែបន្តកើតមានគ្រប់ទីកន្លែង។
អ្នកស្រី វុន សម្ភស្ស អគ្គលេខាធិការនៃសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅថា IDEA ដែលជាវាគ្មិនមួយរូប ថ្លែងក្នុងសន្និសីទសារព័ត៌មាននោះថាអំពើហិង្សា និងការបៀតបៀនមិនមានការថមថយនោះទេ ទាំងនៅកន្លែងបំពេញការងារ នៅតាមផ្ទះ និងនៅតាមបណ្តាញសង្គមហ្វេសប៊ុក។
អ្នកស្រីថ្លែងថា៖«ទាក់ទងអំពើហិង្សា និងការបៀតបៀន មិនទាន់មានការថមថយទេ។ ហើយយើងឃើញថាឥឡូវនេះបៀតបៀនកំពុងតែពេញនិយមខ្លាំង នៅតាមបណ្តាញព័ត៌មានសង្គម Social Media ទាក់ទងជាមួយហ្នឹងពាក្យសម្តី ទាក់ទងជាមួយហ្នឹង ឥរិយាបទមិនសមរម្យ ទៅលើSocial Media ផ្សេងៗ។ ប៉ុន្តែសម្រាប់យើង យើងមើលឃើញចំណាត់ការរបស់អាជ្ញាធរ ដូចអត់ទាន់មានចំណាត់ការអ្វី វាមើលទៅថាឱ្យយើងទុកចិត្ត»។
អ្នកស្រីបន្ថែមថាប្រព័ន្ធយុត្តិធម៌ក៏មិនទាន់បានផ្តល់ទំនុកចិត្តសម្រាប់ពលរដ្ឋនៅឡើយ ដែលជាហេតុធ្វើឱ្យពលរដ្ឋនៅតែរងគ្រោះដោយអំពើហិង្សា និងការបៀតបៀនគ្រប់រូបភាព។
អ្នកស្រី កេន ឆេងឡាង អនុប្រធានសហភាពចលនាកម្មករកម្ពុជា ដែលជាវាគ្មិនមួយរូបទៀតក្នុងសន្និសីទសារព័ត៌មាននោះ យល់ថាការបណ្តុះបណ្តាលពលរដ្ឋឱ្យយល់ដឹងពីការបៀតបៀន និងហិង្សា ពិតជាមានសារៈសំខាន់ណាស់ ដើម្បីឈានទៅលុបបំបាត់សកម្មភាពទាំងនោះ។
អ្នកស្រីថ្លែងថា៖ «បើសិនជាយើងចង់ឱ្យការបៀតបៀនហ្នឹងថយចុះ ឬមួយមានប្រសិទ្ធភាព លុះត្រាយើងផ្តល់វគ្គបណ្តុះបណ្តាលហ្នឹងឱ្យបានច្រើនមែនទែន តាមដែលអាចធ្វើទៅបាន។ អ៊ីចឹងមានតែតាមរយៈការបណ្តុះបណ្តាលទេ ដែលធ្វើឱ្យគាត់បានយល់ [គឺ]យល់ទាំងអ្នកដែលគេត្រូវបៀតបៀន យល់ទាំងអ្នកដែលបៀតបៀនគេ»។
អ្នកស្រីស្នើឱ្យរដ្ឋាភិបាលបង្កើតយន្តការដោះស្រាយការបៀតបៀន ដោយដាក់ទោសអ្នកប្រព្រឹត្តឱ្យបានធ្ងន់ធ្ងរ។ អ្នកស្រីឱ្យដឹងថា ក្រុមអង្គការសង្គមស៊ីវិលពិតចង់ឃើញរដ្ឋាភិបាលអាណត្តិទី៧នេះ ផ្តល់សច្ចាប័នលើអនុសញ្ញាILO លេខ១៩០ ស្តីពី «ការលុបបំបាត់អំពើហិង្សា និងការបៀតបៀនក្នុងពិភពការងារ» ដើម្បីការពារពលរដ្ឋគ្រប់រូប និងដើម្បីក្លាយជាប្រទេសទី៣៧នៃការផ្តល់សច្ចាប័ននៃអនុសញ្ញា ILO លេខ១៩០។
អ្នកស្រីថ្លែងថា៖ «រដ្ឋាភិបាលគួរតែពិចារណា ហើយក៏គួរតែផ្តល់សច្ចាប័នទៅលើអនុសញ្ញាហ្នឹង ព្រោះវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់បងប្អូនយើងដែលកំពុងធ្វើការ ព្រោះអនុសញ្ញាហ្នឹង គេផ្តោតទៅអ្នកដែលនៅកន្លែងធ្វើការ មិនថាធ្វើការនៅកន្លែងណាទេ តាមផ្ទះ តាមសាលា តាមអ្វីក៏ដោយ គ្រប់វិស័យទាំងអស់»។
ក្រៅពីនេះ ក្រុមអង្គការសង្គមស៊ីវិលស្នើទៅរដ្ឋាភិបាលឱ្យលើកកម្ពស់សមភាពយេនឌ័រ ដោយការលើកកម្ពស់តួនាទីស្ត្រីនៃយុទ្ធសាស្ត្រអភិវឌ្ឍមូលធនមនុស្ស និងត្រួតពិនិត្យលើនិយាមអន្តរជាតិ ILO បង្កើតយន្តការដាក់ពាក្យបណ្តឹង និងរៀបចំសកម្មភាពដើម្បីដោះស្រាយសម្រាប់ករណីហិង្សាលើស្រ្តី និងឆ្លើយតបនឹងអនុសញ្ញាស៊ី-ដ (CEDAW) ដែលពួកគេថាអាជ្ញាធរមិនទាន់អនុវត្តបានគ្រប់ជ្រុងជ្រោយនៅឡើយ។ នេះបើតាមអ្នកស្រី កេន ឆេងឡាង។
នៅថ្ងៃសុក្រនេះ ក្រុមអង្គការទាំងនោះក៏បានយកញត្តិរួម ស្តីពីការ«រួមគ្នាលុបបំបាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបៀតបៀនក្នុងពិភពការងារ» ទៅដាក់នៅក្រសួងកិច្ចការនារី ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធ ដោយស្នើឱ្យស្ថាប័នរដ្ឋទាំងនោះផ្តល់សច្ចាប័នជាអាទិភាពលើអនុសញ្ញាILO ដើម្បីចូលរួមលុបបំបាត់អំពើហិង្សាលើស្ត្រីនៅតាមមូលដ្ឋាន និងកន្លែងការងារ។
ក្នុងញត្តិនោះ អង្គការលើកឡើងថាស្ថានភាពនៃអំពើហិង្សា និងការបៀតបៀនក្នុងពិភពការងារ រឹតតែធ្ងន់ធ្ងរចំពោះកម្មការិនីក្នុងវិស័យសេវាកម្សាន្ត ទេសចរណ៍ សិល្បៈ និងវិស័យសារព័ត៌មានជាដើម។
ទន្ទឹមនឹងនេះ ផ្នត់គំនិតសង្គមដែលមានលក្ខណៈរើសអើងលើស្ត្រី ប្រភេទការងាររបស់ស្ត្រី និងវប្បធម៌នៃការស្តីបន្ទោសស្ត្រីរងគ្រោះនៅតែបន្តកើតមានពីសំណាក់មន្ត្រី អ្នកផ្តល់សេវាផ្លូវច្បាប់ និងសេវាពាក់ព័ន្ធនានា។ ពួកគេបន្ថែមថា ជាញឹកញាប់ នៅពេលដែលស្រ្តីរងគ្រោះរាយការណ៍ករណីរបស់ខ្លួន ត្រូវបានស្តីបន្ទោសថាករណីនោះកើតមកពីខ្លួនស្រ្តីផ្ទាល់ និងបន្ទោសថាមិនមកប្តឹងភ្លាម បន្ទាប់ពីកើតហេតុ ឬក៏គ្មានភាពជឿជាក់លើយន្តការផ្នែកច្បាប់ក្នុងការដោះស្រាយបណ្ដឹង និងទាមទារយុត្តិធម៌ ទាំងយន្តការក្រៅប្រព័ន្ធតុលាការ និងក្នុងប្រព័ន្ធតុលាការ។
ញត្តិបញ្ជាក់ថា៖ «មានករណីខ្លះ ការអន្តរាគមន៍របស់អាជ្ញាធរនៅមានកម្រិត ជាហេតុធ្វើឱ្យស្ត្រីរងគ្រោះ ភ័យខ្លាច និងបានបោះបង់ចោលនូវការដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌទៅវិញ តាមរយៈការបន្លាចស្ត្រីរងគ្រោះអំពីកាតព្វកិច្ចធ្វើត្រាប់ឡើងវិញ ឬការផ្តល់ព័ត៌មានទៅដល់ក្រុមគ្រួសារ ឬអាជ្ញាធរ ភូមិ ឃុំ ដែលនឹងធ្វើឱ្យបែកការណ៍សម្ងាត់របស់ស្ត្រីជាដើម»។
អង្គការទាំងនេះបានយោងរបាយការណ៍របស់អង្គការឃែរកម្ពុជា ឆ្នាំ២០១៧ និងរបាយការណ៍របស់មជ្ឈមណ្ឌលសាមគ្គីភាពឆ្នាំ២០១៨ថា កម្មការិនីយ៉ាងហោចណាស់១នាក់ក្នុងចំណោម៣នាក់បានរងអំពើហិង្សា និងការបៀតបៀនពីសំណាក់អ្នកគ្រប់គ្រង និងអ្នករួមការងារជាមួយ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក កត្តា អន អ្នកនាំពាក្យក្រសួងការងារបាននៅឡើយទេ។
អ្នកស្រី ស ស៊ីណែត អ្នកនាំពាក្យក្រសួងកិច្ចការនារី ប្រាប់វីអូអេថា កន្លងទៅ ក្រសួងពាក់ព័ន្ធ និងអង្គការមួយចំនួនបានពិភាក្សាគ្នាអំពីអនុសញ្ញាILO លេខ១៩០នេះ។ អ្នកស្រីបន្ថែមថាក្រសួងការងារបានសុំពេលវេលា ដើម្បីសិក្សាពីប្រទេសជិតខាង មុននឹងធ្វើសេចក្តីសម្រេច៕